Taeyeon ទ្រហ៊ោយំពេលត្រូវ​អ្នកគាំទ្រ​រុញដួល និងនាំគ្នាលូកលាន់​ពេញ​រាងកាយ​ (វីដេអូ)

  • 2017-08-18 02:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ភ្ញាក់​ផ្អើល​មួយ​ពាក់ព័ន្ធ​នឹង​ Taeyeon តារា​ចម្រៀង​មេក្រុម​ Girls' Generation ដែល​បាន​ជួប​រឿង​នឹកស្មាន​មិនដល់​នៅ​ព្រលានយន្តហោះ។

តារា​ចម្រៀង​ Taeyeon បាន​ជួប​ហេតុការណ៍​ភិតភ័យ​មួយ​ ជាមួយ​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​នាង​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុង​ពេល​នោះ​ នាង​ត្រូវ​អ្នក​គាំទ្រ​ជា​ច្រើន​កុះករ​ ចោម​រោម​ឡោមព័ទ្ធ​ នៅ​ពេល​ដែល​នាង​មកដល់​អាកាសយានដ្ឋាន​ Soekarno Hatta Airport ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​សីហា​ម្សិលមិញ​នេះ។

ហេតុការណ៍​ជ្រួលច្របល់​នេះ​បាន​កើត​ឡើង​ ហើយ​ត្រូវ​ថត​ជាប់​ ដោយ​អ្នក​គាំទ្រ​ផ្សេងទៀត​ ព្រម​ទាំង​បាន​បង្ហោះ​លើ​អនឡាញ​ ដែល​នាំឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​មាន​ការ​ខឹង​សម្បារ​ ចំពោះ​ទង្វើ​មិន​សមរម្យ​ដាក់​តារា​ស្រី​ Taeyeon ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​នាង​ដួល​ទៀត។

ប៉ុន្មាន​ម៉ោង​ក្រោយ​ មេក្រុម​ចម្រៀង​ Girls' Generation រូប​នេះ​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ទាក់​ទង​នឹង​រឿង​នេះ​លើ​គណនី​ Instagram ថា៖ "នៅ​ប្រលាន​យន្តហោះ​ ចាកាតា មាន​មនុស្ស​ជា​ច្រើន​មក​ចោមរោម​ទាំង​អស់​គ្នា​ ហើយ​ខ្លះ​ជាន់​ជើង​គ្នា​ទៀត។ វា​ជា​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់​ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​លើ​ដី​ និង​យំ​មិន​ឈប់។ កង​ការពារ​ក្នុង​ប្រទេស​ក៏​បាន​ជួយ​គ្រា​ខ្ញុំ​ឡើង​ដែរ​ពេល​នោះ​ ហើយ​នេះ​ពិត​ជា​គួរ​ឲ្យ​ភ័យ​ និង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់”។ នាង​បន្ថែម​ថា៖ "ស្ថិត​ក្នុង​កាលៈទេសៈ​នោះ​ ខ្ញុំ​ពិត​ជា​មាន​ភាព​តានតឹង​ណាស់​ ដោយសារ​មាន​មនុស្ស​រោម​ជុំជិត​ពី​ក្រោយ​ផង​ ទាំង​សងខាង​ផង ហើយ​ពេលនោះ​អ្នក​គាំទ្រ​ខ្ញុំ​ដទៃ​ទៀត​ ក៏​បាន​ដួល​ឈឺ​ខ្លួន​មួយ​ចំនួន​ដែរ​ ឃើញ​បែប​នេះ​បេះដូង​ខ្ញុំ​ក៏​ឈឺ​តាម​នោះ​ដែរ។ មួយ​វិញ​ទៀត​ ខ្ញុំ​គិត​ថា​វា​ក៏​មិន​មែន​ជា​ចេតនា​ពី​មនុស្ស​ទាំង​នោះ​ដែរ​ ប៉ុន្តែ​ផ្នែក​នៃ​រាងកាយ​របស់​ខ្ញុំ​ដូចជា​ គូទ​ និង​ទ្រូង​ត្រូវ​ពួកគេ​ប៉ះ​រហូត​ ខ្លះ​ទាញ​ ខ្លះ​រុញ​... អារម្មណ៍​បែបនេះ​ ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​ណាស់ ហើយ​បាត់បង់​ស្មារតី​អស់​ហើយ”។

Taeyeon ពេល​ដួលក្នុង​ចំណោមមនុស្ស​យ៉ាងកកកុញ
រូបនេះ​ពេលនាង​ត្រូវ​កាមេរ៉ា​បោកត្រូវក្បាល

ក្នុង​សំណេរ​នោះ​ផងដែរ​ Taeyeon ក៏​បាន​សុំទោស​ទៅកាន់​អ្នក​គាំទ្រ​ដែល​ខំ​រង់ចាំ​នាង​ ប៉ុន្តែ​នាង​ពិតជា​មិន​ចង់​ឲ្យ​នរណា​ម្នាក់​មានភាព​ភិតភ័យ​ ហើយ​រង​របួស​ ឫ​មានគ្រោះថ្នាក់​ឡើយ​ ព្រមទាំង​បាន​ផ្ដាំ​ផ្ញើ​ទៅ​កាន់​អ្នក​ទាំង​នោះ​ សូម​ឲ្យ​ចេះ​យល់​ពី​គ្នា​ឲ្យ​បាន​ច្រើន​ជាង​នេះ​។

គួរ​បញ្ជាក់​ថា​ តារា​ស្រី​វ័យ​ ២៨​ឆ្នាំ​រូប​នេះ​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ចាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ "Asian Games 2018 Countdown” ជាមួយ​សមាជិក​រួម​ក្រុម​ Hyoyeon ប៉ុន្តែ​ជា​អកុសល​បែរ​ជា​ជួប​រឿង​រ៉ាវ​ភ្ញាក់​ផ្អើល​នេះ​ទៅ​វិញ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី