បាស​ចាក់​ចម្រៀង​​ ៧ ប្រភេទ​ មា​ន​មួយ​​កំពុង​ត្រូវ​ប៉ាន់ទីផ្សារ​យុវវ័យ

  • 2017-08-18 23:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ការ​សម្រេច​ចិត្ត​ទិញ Speakers ណា​មួយ ជា​ដំបូង​អ្នក​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើស្លាកយីហោ, រូបរាង​និង​គុណភាព​សំឡេង។ ប៉ុន្តែ​តាម​ការ​ពិត Speaker មិន​មែន​មាន​តែ ១ ប្រភេទ​ឡើយ វា​មាន​ដល់ ៧ ប្រភេទ​ឯ​ណោះ។ ផ្អែក​លើ​ទីតាំង​នៃ​ការ​ប្រើប្រាស់ ប្រភេទ​នៃ Speaker នីមួយៗ​ជា​រឿង​ដែល​អ្នក​ត្រូវ​ស្វែងយល់​ជា​ចាំ​បាច់។​

១.Portable Speaker

​ប្រភេទ​ Speaker ខ្នាត​តូច​នេះកំពុង​​មានការពេញនិយមមែនទែន​សម្រាប់អ្នកប្រើប្រាស់​ក្មេងៗ។ គេ​ហៅ​វា​ថា Portable Speaker ដោយសារ​វា​ជា​ប្រភេទ​ឧបករណ៍​បំពង​សំឡេង​ម្យ៉ាង ​ដែល​យើង​អាច​យក​ទុក​ដាក់​តាម​ខ្លួន​​ងាយស្រួល​និង​ប្រភេទ​ខ្លះ​​អាច​ប្រើប្រាស់​បច្ចេកវិទ្យា Wireless ​មិន​ចាំ​បាច់​ប្រើប្រាស់​ខ្សែ​ត​ភ្ជាប់​ទៅ​មជ្ឈដ្ឋាន​ណា​មួយ​ឡើយ។​

ប្រភេទ​ Portable Speaker កំពុង​​ត្រូវប៉ាន់​​មាន​ដូច​ជា JBL, Bose, SONY, Beats ជាដើម។​

២.Floorstanding Speakers

​ជា​ប្រភេទ​ Speaker ដែល​គេ​និយម​ដាក់​ប្រើប្រាស់​ក្នុង​បន្ទប់។ វាមាន​ជើង​ជាប់​នៅ​ឥដ្ឋ រចនា​រូបរាង​តួ​ខ្លួន​ធំ​ កម្ពស់​ខ្ពស់​។ គុណសម្បត្តិ​ វា​អាច​​​យក​ដាក់​បាន​នៅ​គ្រប់​កន្លែង​ទៅ​តាម​ចិត្ត មិន​ថា​ក្បែរ​ធ្នើរ​ដាក់​សៀវភៅ, ទូ​ខោអាវ​ និង​អាច​បន្លាស់​ទី​ប្ដូរ​ទីតាំង​បាន​ងាយស្រួល។ ផ្អែក​លើ​លក្ខណៈ​សម្បត្តិ​ទាំង​នេះ​ហើយ​ ទើប​​គេ​រមែង​ជ្រើសរើស​នូវ Floorstanding Speakers មក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន។​

៣.Bookshelf Speakers

ត្រកូលតែ​មួយ​​នឹង​ Floorstanding Speaker ប៉ុន្តែ​ខុស​ត្រង់​ពពួក Bookshelf រចនា​តួ​ខ្លួន​តូច។ វា​មិន​​ត្រូវ​ការ​ទីតាំង​ធំ​នោះទេ អាច​ត្រឹម​ធ្នើរ​ដាក់​សៀវភៅ​ទំហំ​តូច​ល្មមក៏​អាច​ប្រើ​បាន​។ Bookshelf Speakers គេ​ច្រើន​ដាក់​មួយ​គូ ហើយ​ដាក់ Subwoofer មួយ​គ្រាប់​ ដើម្បី​ឲ្យ​សំឡេង​អុក​ល្អ។

៤.In-Wall Speakers

ជា​ប្រភេទ​ Speakers ដែល​បំពាក់​ជាប់​​ជញ្ជាំង​ហើយ​លៀន​ចេញ​មក​ក្រៅ​មើល​ឃើញ​តិចតួច​បំផុត។ វាល្អ​សម្រាប់​ដាក់ក្នុង​បន្ទប់​ចង្អៀត​ព្រោះ​​វា​មិន​ត្រូវការ​​ទីតាំង​​ធំឡើយ​។ ជួន​កាល​បើ​ Speaker នោះ​មាន​ពណ៌​ដូច​នឹង​ពណ៌​ជញ្ជាំង រូបរាង​របស់​វា​នឹង​លេច​បាត់​ធ្វើ​ឲ្យ​យើង​មើល​សឹង​តែ​មិន​ឃើញ។​

​បញ្ជាក់​ថា​ ការ​ដំឡើង Speaker ប្រភេទ​នេះ ត្រូវ​ការ​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់​និង​ការ​ជួសជុល ព្រោះ​ការ​ដោះដូរ​​ជាង​ល្មមៗ​មិន​អាច​ធ្វើ​បាន​ឡើយ។

៥.On-Wall Speakers

ជា​ប្រភេទ​ Speaker ដែល​បំពាក់​ជាប់​ជញ្ជាំង​ដូច​គ្នា តែ​លៀន​ចេញ​មក​ក្រៅ​ឃើញ​ធំ។ និយម​បំពាក់​ស្រប​គ្នា​ជាមួយ​ប្រភេទ​ទូរទស្សន៍​ធំៗ​ជាប់​ជញ្ជាំង ដើម្បី​មើល​ទៅ​ឃើញ​ស្អាត សាក​សម​គ្នា។ ​គុណភាព​សំឡេង​បាស​នេះ​មិន​ចាញ់ Floorstanding ប៉ុន្មាន​ឡើយ។

៦.In-ceiling Speakers

ស្រដៀង​គ្នា​ទៅ​នឹង In-Wall ប៉ុន្តែ In-ceiling Speaker បំពាក់​នៅ​ក្នុង​ផ្នែក​ពិដាន។​ វា​អាច​បញ្ចេញ​សំឡេង​បាន​ច្បាស់​ល្អ​មិន​ខុស​ពី​ពពួកបាស​ដទៃ សម្រាប់​គេហដ្ឋាន​ដែល​មាន​ជាន់​តិច។ ជុំវិញ​ការ​ដំឡើង​គឺ​តម្រូវ​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់​ដូច​គ្នា។

៧.Satellite/Subwoofer Combination

ជា​ប្រភេទ Speaker តូចៗ​ដែល​គេ​រៀបចំ​ក្នុង​ទម្រង់​ពពួក Satellite Speaker បញ្ចូល​ជាមួយ​ពពួក Subwoofer។​ ទាមទារ​ទីតាំង​ផ្ទុក​តូច ប៉ុន្តែ​អាច​បញ្ចេញ​គុណភាព​សំឡេង​ច្បាស់​ល្អ។​ ងាយ​ស្រួល​រៀប​ដំឡើង​ដោយ​ខ្លួន​ឯង ដែល​យើង​រមែង​ឃើញ​ពពួក Speaker នេះ និយម​ដាក់​ជាមួយ​ឈុត​កុំព្យូទ័រ។

បញ្ជាក់​ថា ​ប្រភេទ​ Speaker ទាំង​នេះ​​ប្រើប្រាស់​ដើម្បី​ចាក់​ចម្រៀង​តែ​ប៉ុណ្ណោះ បើ​ទាក់ទង​នឹង​ឧបករណ៍​បំពង​សំឡេង​សុទ្ធសាធ​គឺ​នៅ​មាន​ច្រើន​ជាង​នេះ​ទៀត។​​

ប្រភព៖ lifewire   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី