ហង់ជួន​ ណារ៉ុន ​សុំ​តែ​ម្យ៉ាង​គត់​ពី​អត្តពលិក​កម្ពុជា​ទាំង​អស់​មក​ស៊ីហ្គេម​លើក​នេះ

  • 2017-08-19 05:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​និង​ ឯកឧត្ដម​ បណ្ឌិត​សភា​ចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​​ បាន​អញ្ជើញ​មក​សំណេះ​សំណាល​សួរ​សុខទុក្ខ ​ផ្តាំ​ផ្ញើរ​ដល់​ប្រតិភូ​កីឡាករ​ កីឡាការិនី​កម្ពុជា​ដែល​ចូល​រួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ព្រឹក​មិញ​នេះ។

ឯកឧត្ដម​ បណ្ឌិត​សភា​ចារ្យ​ ហង់ជួន​ ណារ៉ុន

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​ បណ្ឌិត​សភា​ចារ្យ​ ហង់ជួន​ ណារ៉ុន ​បាន​ផ្ដាំ​ទៅ​អត្តពលិក​ទាំង​អស់​ថា​ធ្វើ​យ៉ាង​ណា​រក្សា​ចំណាត់​ថ្នាក់​មេដាយ​ក្នុង​តារាង​លេខ​៨​ កាលពី​ស៊ីហ្គេម​លើក​មុន​ឱ្យ​បាន ​កុំ​ឱ្យ​ធ្លាក់​ទៅ​ក្រោម​នេះ​ទៀត។ ​អ្វី​ដែល​កាន់​តែ​ល្អ​ទៀត​នោះ ​ប្រសិន​បើ​អាច​ឡើង​ចំណាត់​ថ្នាក់ រក​មេដាយ​បាន​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ល្អ​ប្រសើរ ព្រោះ​កម្ពុជា​កាន់​តែ​កៀក​ដល់​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទៅ​ហើយ។ ការ​រៀប​ចំ​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​និង​ការ​រៀប​ចំ​ប្រភេទ​កីឡា​ដើម្បី​ឱ្យ​បាន​មេដាយ​ច្រើន​គឺ​ជា​រឿង​ចាំ​បាច់​បំផុត​សម្រាប់​កម្ពុជា។

ឯកឧត្តម​បណ្ឌិត ថោង ខុន

ដោយ​ឡែក​ចំពោះ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា ​កម្ពុជា​មក​ស៊ីហ្គេម​លើក​នេះ​ដើម្បី​រៀន​ពី​គេ រៀប​ចំ​យ៉ាង​ណា​ឱ្យ​ល្អ​សម្រាប់​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្ដង។ មួយ​វិញ​ទៀត ​ឯកឧត្តម​ក៏​បាន​ផ្ដាំ​ផ្ញើ​ទៅ​កីឡាករ ​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ដែរ​ថា ប្រសិន​បើ​ឃើញ​ចំណុច​ខ្វះ​ខាត​អ្វី សូម​រាយការណ៍​ទៅ​ថ្នាក់​លើ​របស់​ខ្លួន​ដើម្បី​សម្រួល ​កុំ​យក​រឿង​អាក្រក់​អ្វី​មួយ​ទៅ​បង្ហោះ​តាម​បណ្ដាញ​សង្គម។ ការ​បង្ហោះ​រឿង​ទាំង​នោះ វា​មិន​​មែន​ជា​ការ​ល្អ​ឡើយ ព្រោះ​ម្ចាស់​ផ្ទះ​គេច​មិន​ផុត​ពី​ការ​ខ្វះ​ខាត ឬ​ការ​រៀប​ចំ​មិន​បាន​ទាន់​ពេល​ឡើយ។

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី ​នឹង​ប្រារព្ធ​ពិធី​បើក​នៅ​ល្ងាច​នេះ​ហើយ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​តំណាង​កីឡាករ ​និង​ប្រតិភូ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​ចូល​រួម។ ចំពោះ​ការ​ប្រកួត​វិញ ប្រភេទ​កីឡា​ខ្លះ​ក៏​បាន​ដំណើរ​ការ​ជា​ច្រើន​ថ្ងៃ​មុន​មក​ហើយ​ដែរ ព្រោះ​ពួកគេ​មាន​វិញ្ញាសា​ច្រើន​ត្រូវ​ប្រកួត​បន្ដ​បន្ទាប់៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ មុន្នីរម្យ