មុន​ដាក់​ចិត្ត​​​រង់​ចាំ​ទិញ iPhone 7s ពិចារណា​ប៉ុន្មាន​ចំណុច​នេះសិន

  • 2017-08-24 23:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ទូរសព្ទ iPhone 8 ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​រំពឹង​ទុក​ពី​ការ​បង្ហាញ​ខ្លួន​នៃ​ស្មាតហ្វូន ២ ម៉ូដែល​ផ្សេង​ទៀត គឺ iPhone 7s និង 7s Plus។ ជឿជាក់​ថា​ប្រិយមិត្ត​មួយ​ចំនួន ខ្លះ​កំពុង​គិត​គូរ​បណ្ដើរ​ៗ​ហើយ ខ្លះ​ទៀត​ទំនង​កំពុង​ស្ទាក់ស្ទើរ​ចិត្ត​ថា​គួរ​ទិញ​ឬ​អត់?

Sabay បង្ហាញ​អំពី​ចំណុច​សំខាន់ ៥ យ៉ាង​ដែល​អ្នក​ត្រូវ​ពិចារណា​ឲ្យ​ដិត​ដល់។

១.សាកល្បង​កាន់​ប្រើ iPhone 7/7 Plus ជា​មុន​សិន

ទូរសព្ទ iPhone 7s/7s Plus រំពឹង​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ សឹង​តែ ១០០ ភាគរយ​គេ​ជឿជាក់​ថា​មាន​ទំហំ​តួ​ខ្លួន​និង​អេក្រង់​ប៉ុន​គ្នា​ធៀប​នឹង iPhone 7/7 Plus ធម្មតា។ អ្នក​អាច​សាកល្បង​ខ្ចី​ទូរសព្ទ​ម៉ូដែល​នោះ ពី​មិត្តភ័ក្ដិ​ឬ​នរណា​ម្នាក់​សិន ហើយ​កាន់​សាកល្បង​ចុច​ប្រើ​ប៉ុន្មាន​នាទី តើ​អ្នក​អាច​សម្រប​នឹង​ស្មាតហ្វូន​ទំហំ​អេក្រង់​ធំ​ប៉ុណ្ណឹង​បាន​ឬ​ក៏​អត់? រវាង​អេក្រង់ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ គួរ​ជ្រើស​មួយ​ណា ឬ​ត្រូវ​ចិត្ត​ជាមួយ​អេក្រង់​ធំ​ជាង​ហ្នឹង​ទៀត? ​ ២.តាម​ដាន​លក្ខណៈ​សម្បត្តិ iPhone 7s

កាន់​តែ​កៀក​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន លក្ខណៈ​សម្បត្តិ​ជា​ច្រើន​នឹង​កាន់​តែ​បែក​ធ្លាយ។ អ្នក​អាច​យក​លក្ខណៈ​សម្បត្តិ​ទាំង​នោះ មក​ប្រៀបធៀប​ជាមួយ​ស្មាតហ្វូន​ដែល​ទើប​តែ​បង្ហាញ​ខ្លួន​នៃ​ស្លាកយីហោ​ដទៃដូច​ជា Galaxy S8/S8+, LG G6, LG V30 និង HTC U11។ តើ​មួយ​ណា​ប្រសើរ​ជាង? អ្នក​ពេញ​ចិត្ត​នូវ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ប្រភេទ​ណា? ទាំង​នោះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិត​គូរ​ឲ្យ​បាន​ច្បាស់ សឹម​បញ្ជាក់​នៅ​ថ្ងៃ​ចេញ​វត្តមាន​នៃ iPhone 7s ពិត​ប្រាកដ​ម្ដង​ទៀត​ក៏​បាន។ រំឭក​ថា​ក្រៅ​ពី​នោះ អ្នក​អាច​រង់​ចាំ​មើល​ ពពួក​ស្មាតហ្វូន​បង្ហាញ​ខ្លួន​ចុង​ឆ្នាំ​ មាន​ដូច​ជា Pixel 2 របស់ Google និង Mate 10 របស់ Huawei។

៣.ទម្លាប់​ជាមួយ iOS 11 បាន​ឬ​ក៏​អត់?

ពិត​ណាស់ iPhone 7s/7s Plus នឹង​មាន​ជាប់​ប្រព័ន្ធ​ប្រតិបត្តិ iOS 11 មក​ពី​នាយ​ស្រាប់ ហើយ​អ្នក​ក៏​មិន​អាច Downgrade មក​វិញ​បាន​ដែរ។ ប្រិយមិត្ត​ខ្លះ​ពេល​ដែល​មើល​វីដេអូ Beta នៃ iOS 11 អាច​គិត​ថា​ពិបាក​ប្រើ មាន​ភាព​ផ្លាស់ប្ដូរ​ច្រើន​ពេក ឬ​អ្នក​ដែល​អ្នក​ធ្លាប់​ប្រើ Android អាច​គិត​ថា​នៅ​ចាញ់ Android 8.0 អ៊ីចឹង​ទៅ។ ទស្សនា​វីដេអូ​ខាង​ក្រោម​ពី​មុខងារ​ធំៗ​នៃ iOS 11: https://youtu.be/TDP1XjLtn2s

​​​៤.មើល​ទូរសព្ទ​ស៊េរី​ចាស់​សិន

គិត​ចុះ​គិត​ឡើង អ្នក​អាច​យល់​ថា​ការ​ចំណាយ​លុយ​ច្រើន​ហួសហេតុ​លើ​ទូរសព្ទ​ជំនាន់​ក្រោយ មិន​ជា​រឿង​ល្អ​ឡើយ ម្ល៉ោះ​ហើយ​អ្នក​អាច​ផ្លាស់ប្ដូរ​ចិត្ត​មក​មើល​ទូរសព្ទ​ស៊េរី​មុន​វិញ រួម​មាន Galaxy S8, iPhone 7, iPhone 6s ឬ LG G6 ដែល​ទម្រាំ​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន iPhone 7s ម៉ូដែល​ដូច​បាន​រៀបរាប់​ទាំង​អស់​នេះ អាច​ជា​ចុះ​ថ្លៃ​បន្តិចបន្តួច​ថែម​ទៀត​ផង។

៥.ចាប់​ផ្ដើម​សន្សំ

​​តម្លៃ​ទូរសព្ទ​ថ្មី iPhone ដាក់​លក់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​អាមេរិក​ស្ថិត​ក្នុង​តម្លៃ​ថេរ ៦៤៩ ដុល្លារ។ ប៉ុន្តែ​បើ​និយាយ​ពី​ទីផ្សារ​ក្នុង​ស្រុក រៀងរាល់​ iPhone ចេញ​លក់​ដំបូង តាម​បណ្ដា​ហាង​ចែកចាយ​នានា ច្រើន​ដំឡើង​ថ្លៃ iPhone ម៉ូដែល​នោះ មិន​ក្រោម ១ ពាន់​ដុល្លារ​ឡើយ គាប់​ជួន​ឆ្នាំ​នេះ​គម្រប់​ខួប ១០ ឆ្នាំ​នៃ Apple ដែល​ជា​រឿង​ធ្វើ​ឲ្យ​គេ​ភ័យ​ព្រួយ​ថា​តម្លៃ iPhone អាច​ឡើង​ក្បែរ ២ ពាន់​ដុល្លារ​ពេល​ចេញ​លក់​ដំបូង​និង​មិនន​ទាន់​ចូល​មក​ដល់​ហាង​ចែកចាយ​ផ្ដាច់​មុខ។

ចំណុច​នេះ​អ្នក​អាច​គិត​ដោយ​ខ្លួន​ឯង បើ​ចង់​ទិញ​គឺ​ត្រូវ​ចាំ​យ៉ាង​ហោច​ណាស់ ១ ទៅ ២ ខែ​ក្រោយ​ចេញ​លក់​នៅ​ក្នុង​ស្រុក​ឬ​ម្យ៉ាង​ទៀត​មិន​ចង់​ចាំ​យូរ​អាច​ពិចារណា​លៃលក​ស្មាតហ្វូន​ម៉ូដែល​ផ្សេង​ទៅ​តាម​ចំណូល​ចិត្ត​របស់​អ្នក។

ប្រភព៖ GottabeMobile   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា