ប្រទះ​​ឃើញ​​កំពូល​​តារា​​ហុងកុងរូបនេះ ដើររើសមែកឈើនិងសំរាមលើ​ផ្លូវ

  • 2017-08-24 09:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ ហេតុការណ៍​តក់ស្លុត​មួយ​កើត​ឡើង​នៅ​ទីក្រុង​ ហុង​កុង​ខណៈ​ព្យុះ​ទីហ្វុង​មួយ​ឈ្មោះ​ថា​ Hato បាន​បំផ្លាញ​អចលនទ្រព្យ​ជា​ច្រើន​ត្រូវ​ខូចខាត​ ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​គឺ​ខ្ទង់​ចន្លោះ​ពី​ ៤ ប៊ីលាន (ប្រហែល​ ៥០០លាន​ដុល្លារ) ទៅ​ ៨ប៊ីលានដុល្លារ​ហុងកុង​ (ប្រហែល ១ពាន់លានដុល្លារ) ឯណោះ។

ក្រោយ​ព្យុះ​នេះ​បាន​ស្ងប់​ទៅ​វិញ​ ភ្លាមៗ​កម្មករ​ក៏​បាន​ចេញ​មក​សម្អាត​ទីក្រុង​នោះ​ឲ្យ​មាន​របៀប​រៀប​រយ​ឡើង​វិញ។ កិច្ចការ​នេះ​ជា​ការងារ​ដ៏​គួរ​ឲ្យ​គោរព​ តើ​អ្នក​ណា​ជា​អ្នក​ដឹកនាំ​ទៅ? ចម្លើយ​គឺ​គ្មាន​អ្នក​ណា​ទេ​ ក្រៅ​ពី​តារា​សម្ដែង​ហុងកុង​ Chow Yun Fat។

កាល​ពី រសៀល​ថ្ងៃទី​ ២៣​ ខែ​សីហា​ម្សិលមិញ​នេះ​ លោក​ Chow Yun Fat តារា​ប្រុស​ជើង​ចាស់​ហុងកុង​ បាន​ធ្វើ​សកម្មភាព​ដ៏​ប្រពៃ​មួយ​ គឺ​បាន​សម្អាត​សំរាម​កម្ទេចកំទី​រាយប៉ាយ​ លើ​ផ្លូវ​ក្នុង​តំបន់​ Kowloon។ ពេល​ឃើញ​កាយវិការ​របស់​ លោក​ Chow អ្នក​ដំណើរ​តាម​ផ្លូវ​ម្នាក់​បាន​ថតទុក​ ហើយ​បង្ហោះ​លើ​គណនី​ Instagram។

រង្វង់​តូច​នោះ ​ជា​សកម្មភាពលោក Chow ដើរសម្អាត​ផ្លូវ

និយាយ​ប្រាប់​វិបសាយ​ Apple Daily តារា​ប្រុស​វ័យ​ ៦២​ឆ្នាំ​រូប​នេះ​ បាន​ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជា​បាន​សម្អាត​តំបន់​នោះ​ ក្រោយ​ព្យុះ​បោកបក់​មែន​ ដោយ​ថែម​ទាំង​បាន​រៀបរាប់​ដំណើរ​រឿង​ ពេល​លោក​បើក​ឡាន​មក​ផ្ទះ​វិញ​ ផ្លូវ​នៅ​តំបន់​ Kowloon ត្រូវ​ដើមឈើ​រលំ​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​ឲ្យ​ឆ្លង​កាត់​បាន។ ឃើញ​ដូច​នេះ​ លោក​ក៏​បាន​ចុះ​ពី​ឡាន​ ហើយ​ដើរ​រើស​មែក​ឈើ​ និង​សម្អាត​កម្ទេចកំទី​លើ​ផ្លូវ​ ដើម្បី​សម្រួល​ឲ្យ​អ្នក​ដំណើរ​ដទៃ​ទៀត​អាច​ធ្វើ​ដំណើរ​ទៅ​លំនៅឋាន​បាន​ស្រួល​ប្រកប​ដោយ​សុវត្ថិភាព។

នេះ​មិន​មែន​ជា​លើក​ទី​ ១​ទេ​ ដែល​កំពូល​តារា​ហុងកុង​រូប​នេះ​ បង្ហាញ​នូវ​កាយវិការ​គួរ​ឲ្យ​គោរព​នេះ​ យ៉ាងណា​មិញ​ កន្លង​ទៅ​មហាជន​ក៏​សរសើរ​ចរិត​ឫកពា​របស់​លោក​ពេល​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​រឿង​ខ្លួន​សម្ដែង។

ភាព​ជា​មនុស្ស​ធម៌​ដែល​មាន​ពី​ធម្មជាតិ​របស់​លោក​តែង​ធ្វើ​ឲ្យ​មហាជន​មាន​ការ​កោតសរសើរ​ជា​ខ្លាំង​មួយ​ទៀត​ គឺ​កាល​ពី​ឆ្នាំ​ ២០១៤​ លោក​បាន​ប្រកាស​ចង់​បរិច្ចាគ​ទឹក​ប្រាក់​ ១ប៊ីលាន​ដុល្លារហុងកុង (ប្រហែល ១៦៤លាន​ដុល្លារ) ជូន​វិស័យ​មនុស្ស​ធម៌​ ក្រោយ​លោក​បាត់បង់​ជីវិត៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ យី សុធារី