អ្នករកស៊ី​រៀបចំ​បុណ្យ​ខ្មោច​នៅ​ជប៉ុន​ប្រកួតប្រជែង​គ្នា​ស្លៀកពាក់​ឱ្យ​សាកសព

  • 2017-08-27 04:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកទទួល​រៀបចំ​បុណ្យសព​វ័យ ២៣ ឆ្នាំ​ម្នាក់​បានឈ្នះ​ការប្រកួត​នៅឯ​ពិព័រណ៍​បុណ្យសព​ដ៏​ធំ​បំផុត​របស់​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​សីហា ដែល​សាកល្បង​ជំនាញ​បុរាណ​នៅក្នុង​ការ​ស្លៀកពាក់​តាមបែប​សាសនា​ដ​ល់​សាកសព​។​

​នាង រី​ណូ ថេ​រ៉ៃ បាន​និយាយ​ទាំង​ញញឹម​ថា “​ខ្ញុំ​បាន​ហ្វឹកហាត់​រាល់ថ្ងៃ​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​នេះ​។ ខ្ញុំ​បាន​ថត​វីដេអូ​និង​កែលម្អ ដោយ​សួរ​ខ្លួនឯង​ថា​តើ​នេះ​មើលទៅ​ស្រស់ស្អាត​ទេ​? តើ​ខ្ញុំ​កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នកស្លាប់​បានល្អ​ទេ​?”​។​

​សាសនា​ស៊ិន​តូ​របស់​ជប៉ុន​ជឿថា​ព្រលឹង​គឺ​មិន​ស្អាត​បរិសុទ្ធ​ភ្លាមៗ​ទេ​បន្ទាប់ពី​ស្លាប់ ហើយ​ដំណើរការ​នៃ​ការ​ស្លៀកពាក់​ឱ្យ​សាកសព ជាធម្មតា​គឺ​ធ្វើ​នៅ​ចំពោះមុខ​សាច់ញាតិ​ជិតស្និទ្ធ​តែប៉ុណ្ណោះ ដើម្បី​បន្សុទ្ធ​វិញ្ញាណ​អ្នកស្លាប់ មុនពេល​សាកសព​ត្រូវបាន​បញ្ជូន​ទៅកាន់ “​ពិភព​ផ្សេងទៀត​”​។​

​លោក គី​មូរ៉ា គូ​គី ប្រធាន​បណ្ឌិត្យសភា​អូ​គូ​រី​ប៊ី​តូ បាន​និយាយថា សង្គម​ចាស់ជរា​របស់​ជប៉ុន​បាន​បង្កើន​តម្រូវការ​សម្រាប់​អ្នករៀបចំ​បុណ្យសព​ដែលមាន​ជំនាញ​ពិសេស​។​

​លោក​និយាយថា “​មាន​អ្នកធ្វើការងារ​នេះ​ប្រហែល ២.០០០ នាក់​ដែលមាន​ជំនាញ​ក្នុងការ​ស្លៀកពាក់​ឱ្យ​សាកសព ប៉ុន្តែ​ជំនាញ​របស់​ពួកគេ​មាន​លក្ខណៈខុសៗ​គ្នា​។ ខ្ញុំ​ចង់ឱ្យ​ការប្រកួតប្រជែង​នេះ​ក្លាយទៅជា​មធ្យោបាយ​មួយ​ដើម្បី​ជំរុញ​អ្នករៀបចំ​បុណ្យសព​ទាំងអស់​ឱ្យមាន​ភាពប្រសើរឡើង​នូវ​ជំនាញ​របស់​ពួកគេ​”​។​

​បេក្ខជន​ចំនួន ៤ នាក់​បាន​ស្លៀកពាក់​ឱ្យ​អ្នកស្ម័គ្រចិត្ត​ជាម​នុស្សរ​ស់ ដែល​កំពុង​ដេក​លើ​ពូក ដែល​គេ​រៀបចំ​នៅលើ​ឆាក​។ ពួកគេ​ត្រូវបាន​អង្កេត​ដោយ​ចៅក្រម​បីនាក់ ខណៈ​ភ្លេង​នៃ​ពិធី​បុណ្យសព​ត្រូវបាន​ចាក់​បន្លឺឡើង​យ៉ាង​ស្រទន់​។​

​អ្នក​ទាំង ៤​នាក់​ត្រូវបាន​គេ​វិនិច្ឆ័យ​លើ​ភាពថ្លៃថ្នូរ​នៃ​ចលនា​របស់​ពួកគេ​និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ស្លៀកពាក់​ឱ្យ​សាកសព​ដោយ​មិន​បង្ហាញ​សាច់​សាកសព​ច្រើនពេក​ទេ​។​

​បន្ទាប់ពី​ទស្សនាការ​ប្រកួតប្រជែង​នេះ លោក អាកា​ណេ ម៉ាត់​ស៊ូ​ដា បាន​និយាយថា “​ចលនា​ដៃ​របស់​ពួកគេ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​”៕

ប្រភព ៖ rasmeinews

ប្រភព ៖ rasmeinews

អត្ថបទពេញនិយម