ធ្វើការ​មុខ​កុំព្យូទ័រ​ច្រើន​ពេក​អាច​កើត​ស្រ្តេស ​ឬ​ឆាប់​ចាស់​ពិត​មែន​អត់?

  • 2017-08-28 02:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ការ​ធ្វើ​ការ​ងារ​នៅ​នឹង​មុខ​កុំព្យូទ័រ​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​យើង​កើត​ស្រ្តេស​ឬ​ងាយ​ឆាប់​ចាស់​ពិត​មែន​អត់? តាម​ការ​លើក​ឡើង​របស់​អ្នក​ប្រឡូក​លើ​វិស័យ​ការងារ​ដែល​ទាក់ទង​កុំព្យូទ័រ​បាន​ទទួល​ស្គាល់​​ថា ការ​ធ្វើការ​មុខ​កុំព្យូទ័រ​ច្រើន​ពេក​ពិត​ជា​ងាយ​​ឲ្យ​កើត​​ស្រ្តេស​ សុខភាព​​​ធ្លាក់​ចុះ ឯ​សម្រស់​​វិញ​ក៏​បាត់បង់​​ងាយ​ឆាប់​ចាស់​មុន​អាយុ​។

​​ផេន​ជា​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​បាន​ប្រាប់​ថា​ នៅ​ពេល​ធ្វើការ​មុខ​កុំព្យូទ័រ​ច្រើន​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព ឧស្សាហ៍​ភ្លេចភ្លាំង​ គិត​អ្វី​មិន​សូវ​ចេញ​ហើយ​ងាយ​ប្រឈម​ការ​ឆាប់​ចាស់​មុន​អាយុ។

​យ៉ាងណា​យុវជន​វ័យ​ជាង ២០ ឆ្នាំ​នេះ​លើក​ឡើង​ថា ដោយសារ​ការងារ​​បច្ចុប្បន្ន​មិន​អាច​កាត់​ផ្តាច់​ពី​ការប្រើប្រាស់​កុំព្យូទ័រ ហើយ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ស្រ្តេស គេ​គួរ​តែ​មាន​ពេល​លំហែ​កាយ​ឲ្យ​បាន​ច្រើន រក​កន្លែង​ណា​ដែល​មាន​ភាព​សប្បាយ​រីករាយ​ឬ​មាន​លក្ខណៈ​បែប​ធម្មជាតិ ដើម្បី​បង្កើត​អារម្មណ៍​ស្រស់ថ្លា​ឡើង​វិញ។

មិន​ខុស​គ្នា​នេះ កញ្ញា​ស្រី​នាថ ជា​បុគ្គលិក​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​ប្រាប់​ថា​ ជា​ការ​ពិត​ណាស់​ពេល​ធ្វើការ​នៅមុខ​​កុំព្យូទ័រ​ច្រើន​ពេក​ ងាយ​ធ្វើ​ឲ្យ​កើត​អារម្មណ៍​ស្រ្តេស​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព និង​ធ្វើ​ឲ្យ​មុខ​ជ្រួញ​ឆាប់​ចាស់​មុន​អាយុ​។

កញ្ញា​បន្ត​ថា វិធី​សាស្ត្រ​ដោះ​ស្រាយ​គឺ​មាន​តែ​កាត់​បន្ថយ​ការ​​ធ្វើ​ការ​ងារ​នៅមុខ​កុំព្យូទ័រ​ រក​ពេល​សប្បាយ​ខ្លះ​នៅ​ម៉ោង​ការងារ ហើយ​បើ​អាច​គួរ​រក​ការងារ​ណា​ដែល​ធ្វើការ​មិន​​សូវ​ពាក់​ព័ន្ធ​ខ្លាំង​លើ​ការ​ប្រើប្រាស់​​កុំព្យូទ័រ​ទើប​ល្អ​ប្រសើរ។

លោក​ផ្លូច​វី ជា​គ្រូ​បង្រៀន​នៅ​វិទ្យាស្ថាន​លីហ្គីស​បាន​ប្រាប់​ថា​ នៅ​ពេល​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​ច្រើន​អារម្មណ៍​ស្រ្តេស​អស់​កម្លាំង​ឈឺ​ភ្នែក​ចុក​ដៃ​​ចុក​ជើង​ទាំង​នេះ​ហើយ​ដែល​ធ្វើឲ្យ​រូប​រាង​កាយ​របស់​យើង​ឆាប់​ចាស់​មុន​អាយុ​ព្រោះ​កុំព្យូទ័រ​គឹ​ជា​គ្រឿង​អេឡិចត្រូនិក​ដែល​បញ្ចេញ​វិទ្យុសកម្ម ធ្វើឲ្យ​ប៉ះពាល់​ដល់​យើង។​​​​​​​​​​​​​​​​​​​

លោក​បាន​ប្រាប់​ពី​វិ​ធី​ដោះស្រាយ​​​​​នៅ​ពេល​ដែល​មាន​បញ្ហា​អារម្មណ៍​ស្រ្តេស​ខ្លាំង អាច​ចេញ​ទៅ​ខាង​ក្រៅ​ពី​កន្លែង​ការ​ងារ​ដើម្បី​មើល​ទេសភាព​ឬ​អាច​ជជែក​​គ្នា​លេង​ជា​មួយ​មិត្ត​ភក្តិ​ពី​បញ្ហា​អ្វី​មួយ​ហើយ​អ្នក​អាច​មើល​ឃើញ​ពី​ទិដ្ឋភាព​ខាង​ក្រៅ​​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ​។ ម្យ៉ាង​ទៀត​ក៏​អាច​ស្ដាប់​ចម្រៀង មើល​វីដេអូ​ប្លែកៗ​ជា​លក្ខណៈ​បែប​កំប្លែង​ដើម្បី​កាត់​បន្ថយ​ការ​គិត​ពី​ការងារ។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី