រឿងទាំង ៧ ​មិន​នឹក​ស្មាន​ថា Siri លើ iPhone អាច​ធ្វើ​បាន

  • 2017-08-28 07:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Siri ជា​ប្រព័ន្ធ​ជំនួយ​ការ​ឆ្លាត​វៃ​មួយ​ ដែល​ក្រុមហ៊ុន Apple បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​លើ​ទូរសព្ទ​ iPhone នា​ថ្ងៃ​ទី ៤ តុលា ឆ្នាំ ២០១១។ ដោយ​ទោះ​បី​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក មិន​សូវ​ចាប់​អារម្មណ៍​លើ​មុខងារ​មួយ​នេះ​ក្ដី ប៉ុន្តែ Sabay បង្ហាញ​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ពី​រឿងរ៉ាវ​ចម្លែក ៧ យ៉ាង​ដែល Siri អាច​ធ្វើ​បាន​យ៉ាង​ល្អ។

១.បញ្ជា​ឲ្យ​បិទ​ទ្វារ​ផ្ទះ

ប្រសិន​បើ​ក្នុង​គេហដ្ឋាន​របស់​អ្នក មាន​ប្រើប្រាស់​នូវ​គ្រឿង​បរិក្ខារ​ទំនើប​គាំទ្រ​ជាមួយ​កម្មវិធី Home របស់ Apple អ្នក​អាច​ប្រើ Siri ក្នុង​ការ​គ្រប់គ្រង​និង​បញ្ជា​ឲ្យ​ឧបករណ៍​ស្វ័យប្រវត្តិ​ណា​មួយ​បិទ​បើក​ទៅ​បាន។

ឧបមា​ អ្នក​និយាយ​ថា "Turn on the porch light” ឬ​សួរ​ Siri ថា "is the front dor unlocked?” បើ​ទ្វារ​នោះ​បើក​ចោល អ្នក​ក៏​អាច​បញ្ជា​ឲ្យ​វា​បិទ​បាន​តាម​រយៈ​សំឡេង​និយាយ​របស់​អ្នក។​

២.ស្វែងរក​ជើង​ហោះហើរ​ដែល​ហោះ​មក​តំបន់​អ្នក

អ្វី​ដែល​កាន់​តែ​អស្ចារ្យ Siri អាច​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​ជើង​ហោះហើរ​ណា​មួយ​ដែល​កំពុង​ហោះ​ចូល​មក​កាន់​តំបន់​របស់​អ្នក។ សំណួរ​ទូទៅ​យើង​អាច​សួរ​ Siri ថា "What flights are above me?” ពេល​នោះ​វា​នឹង​បង្ហាញ​ឈ្មោះ​ជើង​ហោះ​ហើរ, ក្រុមហ៊ុន​អាកាសចរ, កម្ពស់​នៃ​ការ​ហោះ​ជា​ដើម​ត្រលប់​មក​អ្នក​វិញ។

៣.ស្វែង​រក​រូបភាព​តាម​រយៈ​ពេល​វេលា​និង​ទីតាំង

Siri ក៏​អាច​ធ្វើ​ការ​បង្ហាញ​នូវ​រូបភាព​ផ្សេងៗ​តាម​រយៈ​ការ​សួរ​ជា​ពេល​វេលា​ឬ​ទីតាំង ឧបមា​អ្នក​និយាយ​ថា "show me photos taken in July” ភ្លាម​នោះ​ជំនួយ​ការ​ឆ្លាត​វៃ Siri នឹង​នាំ​អ្នក​ចូល​ទៅ​កាន់​ទំព័រ​មួយ ដែល​បណ្ដុំ​ដោយ​រូបភាព​អ្នក​បាន​ថត​នៅ​អំឡុង​ខែ​កក្កដា។

៤.រក​ចំណង​ជើង​បទ​ចម្រៀង​ដែល​កំពុង​ចាក់

​​​ដំណើរការ​បែប​នេះ ទំនង​ស្រប​បាន​តែ​ជាមួយ​បទ​បែប​អឺរ៉ុប​ប៉ុណ្ណោះ ឧបមា​អ្នក​កំពុង​ចាក់​ស្ដាប់​ចម្រៀង​ណា​មួយ តែ​អ្នក​មិន​ចាំ​ច្បាស់​ពី​ចំណង​ជើង​របស់​វា អ្នក​អាច​សួរ Siri បាន​ថា "What song is playing.” នោះ​វា​នឹង​បង្ហាញ​ទិន្នន័យ​ចំណង​ជើង​ពិត​តាម​ដែល​អាច​ធ្វើ​ទៅ​រួច។​

៥.ចាំ​ឈ្មោះ​សមាជិក​គ្រួសារ​អ្នក

អ្នក​អាច​បង្រៀន​ឲ្យ Siri ចងចាំ​ឈ្មោះ​សមាជិក​គ្រួសារ​អ្នក ដោយ​ចូល​ទៅ​កាន់ Settings > General > Siri ហើយ​កំណត់​ការ​និយាយ ឧទាហរណ៍​ថា "John Doe is my father” ឬ "Jane Doe is my boss” ហើយ​ពេល​ក្រោយ​ទៀត​អ្នក​អាច​ទំនាក់ទំនង​ទៅ​បុគ្គល​ទាំង​នោះ​បាន​យ៉ាង​រហ័ស​តាម Siri ដោយ​មិន​បាច់​ហៅ​ឈ្មោះ​សម្គាល់​ឡើយ។

៦.ធ្វើ​ការ​កក់​នៅ​ភោជនីយដ្ឋាន

ដំណើរការ​ជាមួយ​ទិន្នន័យ​គេហទំព័រ Yelp ប្រព័ន្ធ Siri អាច​ធ្វើ​ការ​ណែនាំ​ឲ្យ​ស្គាល់​ពី​ភោជនីយដ្ឋាន​ល្បីៗ​ប្រចាំ​តំបន់​បាន ឬ​ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ធ្វើ​ការ​កក់​តុ​បរិភោគ​អាហារ​នៅ​ទីតាំង​ណា​មួយ ដោយ​អាច​និយាយ​ថា "Make me a reservation at yang sing restaurant” ប៉ុន្តែ​ត្រូវ​ដំឡើង​កម្មវិធី OpenTable ជំនួយ​ជា​មុន​សិន។

៧.រក​ម្ចាស់​ទូរសព្ទ​ពិត​ប្រាកដ

អ្នក​ត្រូវ​ធ្វើ​ការ​កំណត់ Contact មួយ​នៃ​ឈ្មោះ​និង​អាសយដ្ឋាន​របស់​អ្នក​ក្នុង​ទូរសព្ទ ហើយ​បើ​កាល​ណា​ជ្រុះ​បាត់​ទូរសព្ទ​ដោយ​ចៃដន្យ ហើយ​បុគ្គល​ដែល​រើស​បាន​សួរ​ទៅ​កាន់ Siri ថា "Who does this iPhone (or iPad) belong to?” នោះ​វា​នឹង​បង្ហាញ​នូវ​ទិន្នន័យ​នៃ Contact ដែល​អ្នក​បាន​ Save បង្ហាញ​លើ​អេក្រង់​ស្មាតហ្វូន ដើម្បី​ងាយស្រួល​ទំនាក់ទំនង​យក​ឲ្យ​ម្ចាស់​ដើម​វិញ។​

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម