មកស្គាល់វត្ថុទាំង១៥ ធំបំផុតលើពិភពលោក ឃើញហើយពិតជាភ្ញាក់ផ្អើល

  • 2017-08-31 03:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​មុន ពិភពលោក​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សត្វ ដែល​មាន​ទំហំ​ធំ​ជាង​មនុស្ស​ទៅ​ទៀត ហើយ​ពួកវា​គឺ​ជា​សត្វ​យក្ស​សម័យ​បុរេប្រវត្តិ​ដ៏​ពិត​ប្រាកដ។ ជាមួយ​គ្នា​នេះ​ដែរ សព្វ​ថ្ងៃ​នេះ សូម្បី​តែ​ធម្មជាតិ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល ជាមួយ​នឹង​ការ​បង្កើត​ដ៏​ធំធេង​របស់​វា​ផង​ដែរ។

នៅ​ក្នុង​ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ស្គាល់​នូវ​វត្ថុ​ទាំង ១៥ ដែល​មាន​ទំហំ​ធំ​បំផុត​លើ​ពិភពលោក៖

#១ ដើមឈើ Sequoia

Sequoia គឺ​ជា​ដើម​ឈើ​ធំ​បំផុត​នៅ​លើ​ភព​ផែនដី​នេះ។ ពួក​វា​អាច​លូតលាស់​រហូត​ដល់​ទៅ ៨៣ ម៉ែត្រ និង​ទំហំ ៨ ម៉ែត្រ។

#២ សត្វ​ដាយណូស័រ Amphicoelia

វា​គឺ​ជា​សត្វ​ដាយណូស័រ​ធំ​បំផុត ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី កាលពី ១៤៥ ទៅ ១៦១ លាន​ឆ្នាំ​មុន។ ពួកវា​អាច​មាន​ប្រវែង​រហូត​ដល់​ទៅ ៥៨ ម៉ែត្រ​ឯណោះ។

#៣ សត្វ​ពស់ Titanoboa

សត្វ​ពស់​យក្ស​ប្រភេទ​នេះ បាន​រស់​នៅ​លើ​ផែនដី កាលពី ៥៨ ទៅ ៦១ លាន​ឆ្នាំ​មុន ហើយ​អាច​មាន​ប្រវែង ១៣ ម៉ែត្រ ខណៈ​សត្វ​ពស់​ថ្លាន់ ដែល​រស់​នៅ​លើ​ផែនដី​សព្វថ្ងៃ អាច​លូតលាស់​ត្រឹមតែ​ប្រវែង ៧,៥ ម៉ែត្រ​ប៉ុណ្ណោះ។

#៤ ផ្លែ​ខ្នុរ

ខ្នុរ គឺ​ជា​ផ្លែឈើ​ដែល​មាន​ទំហំ​ធំ​បំផុត​លើ​ពិភពលោក។ វា​អាច​លូតលាស់​បាន​ប្រវែង​រហូត​ដល់​ទៅ ៩០ សង់ទីម៉ែត្រ និង​ទំហំ ៥០ សង់ទីម៉ែត្រ។

#៥ សត្វ​បក្សី Argentavis

វា​បាន​រស់​នៅ​លើ​ផែនដី កាលពី ៥ ទៅ ៨ លាន​ឆ្នាំ​មុន។ វា​គឺ​ជា​សត្វ​បក្សី​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ បើ​ស្លាប​របស់​វា​ត្រដាង អាច​មាន​ប្រវែង ៧ ម៉ែត្រ និង​ស៊ី​សត្វ​កណ្ដុរ​ជា​អាហារ។

#៦ រូងភ្នំ Paradise Cave

រូង​ភ្នំ​មួយ​នៅ​ឧទ្យានជាតិ Phong Nha-Kẻ Bàng National Park ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​ជាប់​ឈ្មោះ​ជា រូង​ភ្នំ​ធំ និង​ស្រស់ស្អាត​បំផុត​លើ​ពិភពលោក។ វា​មាន​ទំហំ​ប្រវែង ៥ គីឡូម៉ែត្រ កម្ពស់ ២០០ ម៉ែត្រ និង​ទំហំ ១៥០ ម៉ែត្រ។

#៧ ផ្កា Rafflesia

វា​គឺ​ជា​ផ្កា​ធំ​បំផុត​លើ​ពិភពលោក។ វា​អាច​មាន​ទំហំ​រហូត​ដល់​ទៅ ១០០ សង់ទីម៉ែត្រ។

#៨ ក្ដាន់​យក្ស

ក្ដាន់​យក្ស Irish elk បាន​បង្ហាញ​ខ្លួន​ប្រហែល​ជា ២ លាន​ឆ្នាំ​មុន។ នៅ​ពេល​ព្រៃឈើ​ចាប់ផ្ដើម​រីក​រាលដាល​ខ្លាំង ក្ដាន់​យក្ស​ក៏​បាន​ងាប់ ព្រោះ​តែ​ទំហំ​ធំ (ជាង ៥ ម៉ែត្រ) ធ្វើ​ឲ្យ​វា​មិន​អាច​ឆ្លង​កាត់​ព្រៃ​ក្រាស់​បាន។

#៩ ផ្សិត Armillaria ostoyae

វា​គឺ​ជា​ផ្សិត​ធំ​បំផុត​លើ​ពិភពលោក។ វា​បាន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ ៨,៤ គីឡូម៉ែត្រ​ការ៉េ នៅ​ព្រៃជាតិ Malheur National Forest ក្នុង​រដ្ឋ Oregon សហរដ្ឋអាមេរិក ហើយ​ភាគច្រើន​លាក់ខ្លួន​នៅ​ក្រោម​ដី។

#១០ សត្វ Merostomes

វា​គឺ​ជា​ប្រភេទ​គណ្ឋិក​សត្វ (សត្វ​ដែល​មាន​ខ្លួន​ជា​កង់ៗ) ធំ​បំផុត។ វា​អាច​ធំ​ធាត់​រហូត​ដល់​ទៅ​ទំហំ ២,៥ ម៉ែត្រ ហើយ​បាន​រស់នៅ​លើ​ផែនដី កាលពី ២៤៨ ទៅ ៥១០ លាន​ឆ្នាំ​មុន​មក​ម្ល៉េះ។

#១១ ថ្ម​ប៉ប្រះ​ទឹក The Great Barrier Reef

វា​ស្ថិត​នៅ​សមុទ្រ Coral Sea នៃ​ឆ្នេរ​សមុទ្រ​ភាគ​ឦសាន ប្រទេស​អូស្ត្រាលី ហើយ​លាតសន្ធឹង​ជាង ២ ៣០០ គីឡូម៉ែត្រ នៅ​លើ​ផ្ទៃ​ប្រមាណ​ជា ៣៤៤ ៤០០ គីឡូម៉ែត្រ​ការ៉េ។

#១២ ខ្លា​ឃ្មុំ​យក្ស​មុខ​ខ្លី

នៅ​ពេល​ដែល​ខ្លា​ឃ្មុំ​យក្ស​មុខ​ខ្លី​មួយ​នេះ​ក្រោក​ឈរ​ឡើង វា​អាច​មាន​កម្ពស់​រហូត​ដល់​ទៅ ៤,៥ ម៉ែត្រ​ឯណោះ។ ជាមួយ​នឹង​ចង្កូម​ដ៏​មុត​ស្រួច និង​មាន​អនុភាព​ខ្លាំងក្លា វា​គឺ​ជា​ថនិកសត្វ​ស៊ី​ផ្លែឈើ​ដ៏​ធំ​បំផុត ដែល​រស់នៅ​ក្នុង​សម័យ Ice Age។ វា​បាន​ផុត​ពូជ កាលពី ១៤ ០០០ ឆ្នាំមុន។

#១៣ ស្វា​យក្ស Gigantopithecus

Gigantopithecus គឺ​ជា​ពូជ​សត្វ​ស្វា​ធំ​បំផុត និង​បាន​រស់នៅ​លើ​ផែនដី កាលពី ១ លាន​ឆ្នាំ​មុន។ គេ​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ជាក់លាក់​ណា​មួយ ដោយ​ផ្អែក​ទៅ​លើ​សំណល់​ដ៏​កម្រ ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា សត្វ​ស្វា Gigantopithecus អាច​មាន​កម្ពស់ ៤ ម៉ែត្រ និង ទម្ងន់ ៥៥០ គីឡូក្រាម ហើយ​ស៊ី​ឫស្សី​ជា​អាហារ។

#១៤ សត្វ​ល្មូន​ហោះ Quetzalcoatl

វា​បាន​រស់នៅ​លើ​ផែនដី កាលពី ៦៦ ទៅ ៦៨ លាន​ឆ្នាំ​មុន។ វា​គឺ​ជា​ប្រភេទ​សត្វ​ល្មូន​អាច​ហោះ​បាន (Pterosaur) ដែល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​ពេល​វា​ត្រដាង​ស្លាប មាន​ប្រវែង​ពី ១២ ទៅ ១៥ ម៉ែត្រ​ឯណោះ។

#១៥ ត្រី​បាឡែន​ខៀវ

វា​គឺ​ជា​សត្វ​ធំ​បំផុត​ដែល​កំពុង​រស់​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ។ វា​មាន​ប្រវែង ៣៣ ម៉ែត្រ និង ទម្ងន់ ១៥០ តោន។ នៅ​ទសវត្សរ៍ ឆ្នាំ១៩៦០ ត្រី​បាឡែន​ខៀវ ស្ទើរ​តែ​ដាច់​ពូជ ដោយ​នៅ​សល់​ត្រឹមតែ ៥ ០០០ ក្បាល​ប៉ុណ្ណោះ។ ទោះ​បី​ជា​យ៉ាង​ណា មក​ដល់​សព្វ​ថ្ងៃ​នេះ ត្រី​បាឡែន​ខៀវ នៅ​សល់​មិន​លើស​ពី​ ១០ ០០០ ក្បាល​ឡើយ៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី