ប្រឈមជាប់គុក ២ឆ្នាំ និងពិន័យរាប់ម៉ឺន​ដុល្លារ ក្រោយ​សម្លាប់​កង់ហ្គូរូមួយក្បាល

  • 2017-09-01 01:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​​អូស្ត្រាលី​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​ម៉ែលប៊ន បន្ទាប់​ពី​វីដេអូ​មួយ​បង្ហាញ​​ពី​បុរស​រូប​នេះ​អា​បំពង់​.ក​​កង់ហ្គូរូ​កំពុង​រង​របួស​ស្រាប់​ ត្រូវ​បាន​ចែក​ចាយ​លើ​អ៊ីនធឺណិត។

បុរស​វ័យ ៤៣​ឆ្នាំ ​ត្រូវ​បាន​ចោទ​​ប្រកាន់​ករណី​បំផ្លិចបំផ្លាញ​សត្វព្រៃ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​រដ្ឋ។ ​មន្ត្រី​ក៏​បាន​រឹបអូស​កាំបិត និង​កាំភ្លើង​​ពី​ផ្ទះ​របស់​គាត់​ដែរ។ នេះ​​បើ​តាម​​ការ​អះអាង​របស់​អាជ្ញាធរ​រដ្ឋ​វីតូរីយ៉ា ។

​មន្ត្រី​បរិស្ថាន​បាន​​ចាត់​ទុក​ឧបទ្ទវហេតុ​នេះ​​ ​ជា​​រឿង​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។ ប្រសិន​បើ​រក​ឃើញ​ថា​​មាន​ទោស​ក្រោម​ច្បាប់​​រដ្ឋ​វីតូរីយ៉ា ​បុរស​​ខាង​លើ​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់​ ២​ឆ្នាំ​ និង​​ពិន័យ​ជា​ប្រាក់ ៣៨ ០៥៦​ដុល្លារ​អូស្ត្រាលី ឬ​ប្រមាណ ៣០ ០០០​ដុល្លារ​​អាមេរិក។

វីដេអូ​​​​ធ្វើ​ទារុណ​កម្ម​​សត្វ ត្រូវ​​​បាន​ចែកចាយ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ចិន WeChat ដោយ​បុរស​ជា​ជន​សង្ស័យ​បាន​ដើរ​សំដៅ​​ទៅ​រក​កង់ហ្គូរូ ​មួយ​ក្បាល​កំពុង​ដេក​ឈឺ​នៅ​លើ​ទួល​មួយ។ កង់ហ្គូរូ ​ត្រូវ​បាន​​ទាត់​​ជា​ច្រើន​ដង និង​ស្រែក​គំហក​ដាក់ រួច​បុរស​ដដែល​បាន​លប​ទៅ​ពីក្រោយ។ បន្ទាប់​មក ​គាត់​ចាប់​កន្ទុយ​កង់ហ្គូរូ រួច​​ជាន់​​លើ​ខ្នង និង​យក​កាំបិត​អារក​ពីក្រោយ​ រហូត​វា​ងាប់​តែ​ម្ដង​។ ឯ​នៅ​ពីក្រោយ​វីដេអូ គេ​ឮ​សំឡេង​មនុស្ស​សើច​ផង​ដែរ៕

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី