រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ ផ្ដាំ​ពលរដ្ឋកុំឲ្យទិញ​ផ្ទះពីម្ចាស់ផេក ​"ទីក្រុង​លង្វែក Longvek City"​

  • 2017-09-01 09:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំងតាម​រយៈ​សេចក្តី​ប្រកាសព័ត៌មាន​ចុះថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០១៧ បញ្ជាក់​ថា​ផេក​ឈ្មោះ "ទីក្រុង​លង្វែក Longvek City" បាន​ផ្សាយ​ពីគម្រោង​អភិវឌ្ឍន៍ដែល​មាន​ផ្ទះល្វែង ផ្ទះធ្វើអាជីវកម្ម និងវីឡា​ទោល ស្ថិត​ក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ ថា​គម្រោង​ទាំងឡាយ​ដែល​បាន​ផ្សាយ​ដោយ​ផេកនេះ គឺ​មិន​ទាន់មាន​ច្បាប់អនុញ្ញាពី​អាជ្ញាធរ និង​មន្ត្រីជំនាញ​នោះទេ។​ អ្នក​នាំពាក្យ​សាលា​ខេត្ត​ ថ្លែង​ថាៈ «គម្រោង​អភិវឌ្ឍន៍​ខាង​លើនេះ ពុំទាន់​មាន​ច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​ពីមន្ទីរជំនាញ អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធនៅឡើយ​ ដីដែល​ស្ថិត​នៅក្នុង​គម្រោងអភិវឌ្ឍន៍នេះ កំពុងជាប់ពាក់ព័ន្ធជាមួយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ»។

សេចក្ដី​បញ្ជាក់ជាព័ត៌មាន​នេះ ធ្វើឡើង​ដើម្បីបញ្ជាក់​ជូន​សាធារណជនសូមឲ្យមាន​ការ​ប្រុង​ប្រយត័្នក្នុង​ការ​ទិញ ដូរតាមរយៈការ​ផ្សាយ​ ចៀស​វាង​ការ​ចាញ់​បោក​ពីសំណាក់ជន​ឆ្លៀ​តឱកាស៕

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព ៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​