ឥណ្ឌា​បរា​ជ័យ​បាញ់​បង្ហោះ​ផ្កាយ​រណប​ ដោយ​សារ​បញ្ហា​បច្ចេកទេស

  • 2017-09-01 12:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ស្រាវ​ជ្រាវ​អវ​កាស​ឥណ្ឌា​គ្រប់គ្រង​ដោយ​រដ្ឋ​ហៅ​កាត់​ថា​ ISRO ​ឱ្យ​ដឹង​ថា ផ្កាយ​រណប​ រុក​រក​ជំនាន់​ទី​៨​របស់​ឥណ្ឌា​ IRNSS-1H​ បាន​ធ្លាក់​ភ្លាមៗ​ក្រោយ​បាញ់​ចេញ​ពី​ទី​តាំ​ង​មជ្ឈ​មណ្ឌល​អវ​កាស​ Satish Dhawan Space Center ​ភាគ​អាគ្នេយ៍​ប្រទេស​ឥណ្ឌា​កាល​ពី​ម្សិល​មិញ​។

ផ្កាយ​រណប​ IRNSS-1H ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ចូល​រួម​ជា​មួយ​បណ្តា​ផ្កាយ​រណប​ចំនួន​ ៧​ផ្សេង​ទៀត​គឺ IRNSS-1A, IRNSS-1B, IRNSS-1C, IRNSS-1D, IRNSS-1E, IRNSS-1Fនិង IRNSS-1G ​ក្នុង​ប្រព័ន្ធ​ផ្កាយ​រណប​រុក​រក​តំបន់​ឥណ្ឌា​ Indian Regional Navigational Satellite System (IRNSS) ​ដើម្បី​បន្ថែម​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កំណត់​ទីតាំង​សកល​ផ្ទាល់​ខ្លួន​ក្នុង​បេស​ក​កម្ម​ ១០​ឆ្នាំ។ យ៉ាង​ណា​ក្ដី ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ជំនាន់​ទី​៨​នេះ​បរាជ័យ​ក្នុង​ដំណាក់​កាល​ទី​៤ ​បន្ទាប់​ពី​ហោះ​ចេញ​ទី​កន្លែង​បាញ់​ជាង​១០​នាទី​ក្រោយ​មក​ក៏​ធ្លាក់​តែ​ម្តង​ ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខុស​បច្ចេក​ទេស​នេះ​ដែរ​ ប្រធាន​ជាន់​ខ្ពស់​របស់​ ISRO ​លោក​ A.S Kiran Kumar​ប្រាប់​អ្នក​ការ​សែតថា​ ផ្កាយ​រណប​ RNSS-1H​ បាន​ផ្ទុះ​បែក​ខ្ញែក​ពី​គ្នា​ពី​ខាង​ក្នុង​និង​ធ្លាក់​មក​ជា​មួយ​ខែល​កម្ដៅ (heat Shield) ដែល​ការ​ពារ​ផ្កាយ​រណប​ពី​កម្ដៅ​កកិត​នឹង​បរិ​យា​កាស​អំឡុង​ពេល​បាញ់​បង្ហោះ​ ។

គួរ​បញ្ជាក់​ថា​ ផ្កាយរណប IRNSS ជួយ​រុក​រក​ទីតាំង​ផ្លូវ​អាកាស ​និង​សមុទ្រ ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ព្រម​ទាំង​តាម​ដាន​រថ​យន្ត​រហូត​ដល់​ ១.៥០០​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ទូទាំង​ប្រទេស ​ក៏​ប៉ុន្តែ​ឥណ្ឌា​នៅ​ខ្សោយ​នៅ​ឡើយ​រឿង​ផ្កាយ​រណប​កំណត់​ទី​តាំង​សកល ខណៈ​ផ្កាយ​រណប​ GPS របស់​អាមេរិក​ GLONASS ​របស់​រុស្ស៊ី​ Galileo ​របស់​អឺរ៉ុប​និង​ផ្កាយ​រណប​ Beidou ​របស់​ចិន​​ មាន​១២​ផ្កាយ​រណប​ដើម្បី​ផ្ដល់​ព័ត៌​មាន​ទូ​ទាំង​សកល​លោក​ ៕

ប្រភព៖ Reuters   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ