ពូ​ទីន ​៖ "​ប្រទេស​ណា​ដែល​នាំ​មុខ​បច្ចេកវិទ្យា​ AI ​ខ្លាំង ​ប្រទេស​នោះ​នឹង​គ្រប់​គ្រង​ពិភព​លោក"

  • 2017-09-04 12:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី​ វ៉ា្លឌី​មៀរ​ ពូ​ទីន​ បាន​ព្យាករណ៍​ថា​ ៖ "ប្រទេស​ណា​ដែល​រីក​ចម្រើន​បច្ចេកវិទ្យា​ AI ប្រទេស​នោះ​នឹង​គ្រប់​គ្រង​ពិភព​លោក​តែ​ម្ដង" ។ ការ​លើក​ឡើង​ដូច​នេះ​អំឡុង​រូប​លោក​ចូល​រួម​ពិធី​បើក​បវេសនកាល​ថ្មី​របស់​សា​លា​នៅ​រុស្ស៊ី​ថ្ងៃ​ទី​ ១ ​កញ្ញា​កន្លង​ទៅ​ដោយ​ជ​ជែក​ពី​វិទ្យាសាស្ត្រ​ជា​មួយ​សិស្ស​-​និស្សិត​អស់​ទាំង​នោះ។

ប្រធានាធិបតី​វ័យ​ ៦៤ ​ឆ្នាំ​រូប​នេះ​បន្ត​ថា ​៖ "បច្ចេក​វិទ្យា​ AI ​គឺ​ជា​អនាគត​ហើយ​មិន​មែន​សម្រាប់​តែ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ​ តែ​សម្រាប់​មនុស្ស​ជាតិ​ទាំង​អស់។ វា​នឹង​ផ្ដល់​ឱកាស​ជា​ច្រើន​ប៉ុន្តែ​ក៏​មាន​គ្រោះ​ថ្នាក់​ច្រើន​​ដែល​មិន​អាច​មើល​ដឹង​បាន​ផង​ដែរ"។

ការ​អភិវឌ្ឍ​ AI បាន​ក្លាយ​ជា​ក្ដី​កង្វល់​សន្តិ​សុខ​ជាតិ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់​ស្ដែង​ដូច​ជា​ចិន​ និង​អាមេរិក​ដែល​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ប្រជែង​ AI ​ខណៈ​ថ្មីៗ​ចិន​នេះ​បាន​ប្រកាស​ពី​មហិច្ឆតា​របស់​ខ្លួន​ចង់​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​​លើ​បច្ចេកវិទ្យា​ AI ​នៅ​ឆ្នាំ​ ២០៣០។ ចំណែក​អាមេរិក​ឯ​ណោះ​វិញ​អ្នក​វិភាគ​ជា​ច្រើន​បាន​ព្យាករណ៍​ថា​នឹង​ស្ថិត​នៅ​ពី​ក្រោយ​ចិន​ស្រប​ពេល​ដែល​រដ្ឋ​បាល​លោក​ដូណាល់​ ត្រាំ​ រៀប​ចំ​កាត់​មូល​និ​ធិ​សម្រាប់​ទ្រ​ទ្រង់​ការ​ស្រាវ​ជ្រាវ​បច្ចេកវិទ្យា និង​វិទ្យា​សាស្ត្រ។

​គួរ​បញ្ជាក់​ថា វត្ត​មាន​បច្ចេកវិទ្យា​ AI នា​ពេល​អ​អនាគត​នឹង​ជួយ​ជម្រុញ​សេដ្ឋ​កិច្ច​ប្រទេស​ជាតិ​ក្នុង​វិស័យ​មួយ​ចំនួន​ដោយ​ផ្ដើម​​ចេញ​ពី​​ឧស្សាហកម្ម​ធំៗ​រហូត​ដល់​ការ​ស្រាវ​ជ្រាវ​សុខាភិបាល។ វា​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូ​លាយ​ក្នុង​ហេតុ​ការណ៍​សង្គ្រាម​ដូច​ជា​ការ​បង្កើត​អាវុធ​ប្រព័ន្ធ​អ៊ីនធឺណិត​ ​គ្រប់​គ្រង​ឧបករណ៍​ស្វ័យប្រវត្ត​ដូច​ជា​ ដ្រូន​ចម្បាំង​ និង​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ភ្នាក់​ងារ​ឃ្លាំ​មើល​ពិសេស​ដើម្បី​វាយ​ប្រហារ​គូ​បដិបក្ខ៕

ប្រភព៖ The Verge   ប្រែសម្រួល៖ សិរីបុទ្រ