តើ​អ្នក​មាន​ធន​ធាន​តិច​សម្រាប់​ធ្វើបុណ្យបាន​ផល​បុណ្យ​តិច​ដែរឬ​យ៉ាងណា?

  • 2017-09-05 04:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ហេតុ​ថា​ស្អែក​នេះជា​ថ្ងៃ​កាន់​បិណ្ឌទី១ ដូច្នេះ​ Sabay សូម​លើក​យក​ការពន្យល់​ពី​សំណាក់ព្រះ​សង្ឃ​ចំពោះ​ការ​ធ្វើ​បុណ្យ​នេះ។ ពុទ្ធិបរិស័ទ​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​គិត​ថា​ខ្លួន​មាន​ធនធាន​តិច​តួច​សម្រាប់​ធ្វើ​បុណ្យ នោះប្រា​កដ​ជា​បាន​បុណ្យ​មិន​ច្រើន​ដូច​អ្នក​ដែល​មាន​ធនធាន​ច្រើន​នោះទេ។

បើតាម​វនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ ជូន ណាត ពន្យល់​ពាក្យ​បុណ្យ​ថា ជាគ្រឿង​ជម្រះ​សន្តាន​ចិត្ត កុសល អំពើល្អ និង​សេចក្តី​សុខ​ជាដើម។ ធ្វើ​បុណ្យ មានន័យថា​ ការ​ធ្វើ​សេចក្តី​ល្អ​ខាងផ្លូវការ​វាចារ​ចិត្តឲ្យ​កើត​មានដោយ​កិច្ច​ឬទំនង​ផ្សេងៗ។

យ៉ាងណា​មិញ​បើ​តាម​ការ​ពន្យល់​របស់ព្រះ​ភិក្ខុ វ៉ង់ សុភស្ត ​សាស្រ្តាចារ្យ​ផ្នែក​ទស្សនវិជ្ជានៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហនុរាជ លើក​ឡើងថា​ការ​ធ្វើ​បុណ្យ​គឺ​អាស្រ័យ​នៅ​លើ​ទឹក​ចិត្ត​ជ្រះ​ថ្លា​របស់​អ្នក​ធ្វើ​បុណ្យ​ខ្លួន​ឯង​ផ្ទាល់។ ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ថា ការធ្វើ​បុណ្យ​បាន​បុណ្យ​តិច​ឬ​ច្រើន​គឺមិន​អាច​និយាយ​ថា​អាស្រ័យ​តែ​លើ​ធនធាន​តិច ឬ​ច្រើន​នោះទេ សំខាន់​គឺ​អំពើ​បុណ្យ​កើត​ចេញ​អំពី​ចិត្ត។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ត​ថាៈ «អ្នក​មាន​លោក​ធ្វើ​ទៅ​តាម​ធនទ្រព្យ​របស់​លោក​ទៅ ទៅតាម​ទ្រព​សម្បត្តិ​របស់​លោក​ដែល​លោក​មាន​លោក​ធ្វើ​អ៊ីចឹងទៅ ហើយ​យើងអ្នក​ក្រ ឬ​ជីវភាព​មធ្យម​ធ្វើ​តាម​កម្លាំង​ធនធាន​របស់​យើង ដូច​បុរាណ​សុភាសិត​យើង​ថា​ បង់បោយ​ឲ្យមើល​ប្រាណ ដាំ​ជើង​ក្រាន​ឲ្យ​ប្រមាណ​ឆ្នាំង កុំ​ឃើញ​ដំរីជុះៗតាម​ដំរី ព្រះ​សម្មាសម្ពុទ្ធទ្រង់អត់មាន​បង្គាប់​បញ្ជា​ថា​ទាល់តែ​ធ្វើ​ប៉ុណ្ណេះ​ទើប​បាន​បុណ្យ ឬធ្វើប៉ុណ្ណេះ​មិនបាន​បុណ្យគឺ​អត់ទេ... សម្ភារៈមិនមែន​ជា​តួបុណ្យទេ សំខាន់​គឺ​នៅ​លើ​ផ្លូវចិត្ត ឲ្យ​តែមាន​ចិត្ត​ស្អាត​ចិត្ត​បរិសុទ្ធ ចិត្ត​សទ្ធាជ្រះ​ថ្លា»។ ​​

(ព្រះភិក្ខុ វ៉ង់ សុភស្ត កំពុង​ពន្យល់ពី​អត្ថន័យ​នៃការ​ធ្វើ​បុណ្យ)

​​​​​​​ព្រះ​អង្គ​ វ៉ង់ សុភស្ត ពន្យល់​បន្ត​ថា​ការ​ធ្វើ​បុណ្យ​មិន​ចំពោះ​តែ​មក​លើ​ព្រះ​សង្ឃ​នោះ​ទេ ការ​ឲ្យ​ទាន​អ្នកក្រ​ខ្សត់ អ្នក​ទុរគត ឬអ្នក​ខ្វះ​ខាត​ក៏ជា​អំពើ​បុណ្យ​ ដែលជា​បុណ្យកើត​ចេញពី​ទឹកចិត្ត​បរិសុទ្ធ​ចង់​ឲ្យ​ទាន​ដូច​គ្នា។

ព្រះ​អង្គបន្ថែមៈ «ការ​ដែល​យើង​ធ្វើ​ទាន​ ជា​ការ​ពិត​ហើយ​ទៅ​តាម​ទំនៀម​ទំលាប់ប្រពៃ​ណី​យើង​ត្រូវ​យក​ចង្ហាន់មក​ប្រ​គេន​ព្រះ​សង្ឃ...(តែ)យើង​អាច​ចែករំលែក​ធ្វើ​ទាន​ដល់​អ្នក​ដែលក្រី​ក្រ​ហ្នឹង គឺ​បាន​បុណ្យ​កុសល​ច្រើន​ណាស់គឺ​យើង​ធ្វើ​ដោយ​ទឹក​ចិត្តមេត្តា ករុណា...យក​ចង្ហាន់​មក​ប្រ​គេន​ព្រះ​សង្ឃ​ក៏​យើង​យក​មក ហើយ​យើង​ក៏កុំភ្លេច​ជន​រួមឈាម​របស់​យើង»។

ការ​ធ្វើ​បុណ្យ​ដែល​បាននូវអំពើ​ល្អ​បរិសុទ្ធគឺ​ជាកា​រ​ធ្វើបុណ្យ​ឬ​ទាន​ដោយ​ធនទ្រព្យ​ដែលបាន​មក​ដោយ​ធម៌ ដែល​ព្រះ​អង្គពន្យល់​ថាគឺ​ទ្រព្យ​ដែល​បាន​មក​ពី​ការ​ខិត​ខំប្រឹង​ប្រែង​រក​របស់ម្ចាស់ទាន​។

ព្រះ​អង្គបញ្ជាក់​បន្ថែមថាៈ «បុណ្យ​គឺវានៅ​ក្នុង​ចិត្ត ក្នុង​បេះដូច​ឯណេះទេ មិននៅ​លើ​សម្ភារៈទេ អ្នក​ខ្លះ​គ្រាន់​តែ​ចំណាយ​ទ្រព្យ​សម្បត្តិ​សម្រាប់​ធ្វើ​បុណ្យ តែ​គាត់ធ្វើ​ដោយ​ការ​ប្រមាថមើល​ងាយអ្នក​ដទៃ ហើយ​ទ្រព្យ​សម្បត្តិរបស់គាត់​សម្រាប់​ធ្វើ​ទាន​ជា​ទ្រព្យ​មិន​បរិសុទ្ធ...ជា​ទ្រព្យ​​ដែលបាន​ពី​ការ​លួច​ ឆក់​ប្លន់គេ...សរុប​សេចក្តីមកចិត្ត​ជា​តួបុណ្យ ចិត្ត​ជា​តួបាប បុណ្យ​នៅ​ក្នុង​ចិត្ត​របស់​យើង»។

ព្រះ​អង្គបាន​សរុប​ជារួម​ថា​ការ​ធ្វើ​បុណ្យ​មិន​ប្រកាន់​ថាមាន​ធនធាន​តិចឬច្រើនោះទេ សំខាន់​គឺចិត្ត​ដែល​ម្ចាស់ទាន​ជ្រះ​ថ្លា​ទៅ​នឹង​ការ​ឲ្យ​ទាន​ទៅអ្នក​ដទៃ​។ មួយ​វិញ​ទៀត​ធនធានទាំង​ឡាយ​សម្រាប់ធ្វើ​បុណ្យ​គឺត្រូវជា​ធនធាន​ដែល​កើត​មក​ដោយ​ធម៌ ហើយ​ការ​ធ្វើ​ទាន​ក៏​មិន​មានន័យថា​ទាល់​តែ​ធ្វើ​ជាមួយ​ព្រះ​សង្ឃទើប​បានបុណ្យ​នោះដែរ​៕

អត្ថបទ៖ ទូច សុខា