៣​ឈុត​ពី​កញ្ញា​ឯក​ផែន​ដី​កម្ពុជា​ស្អាត​កប់​ តែបើ​ដឹង​ពី​អត្ថន័យ​នៃ​ឈុត​នីមួយ​ៗ​វិញ​អេម​ហ្មង

  • 2017-09-06 07:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​កញ្ញាឯក​ផែនដី​ដំណាង​កម្ពុជា អែម គុនថង បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​ក្នុង​ឈុត​សំលៀក​បំពាក់​ដែល​ផលិត​ពី​ក្រដាស​កាសែត និងប្លាស្ទិក ​បង្កប់​​ជា​មួយ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​លើ​ប្រធាន​បទ​បរិស្ថាន​ ព្រម​ទាំង​មាន​ការ​រចនា​ឡើង​ដោយ​ក្រុម​ឡាឈូក (La Chhouk) មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។

ក្នុង​នោះ លោក អ៊ិត សុវណ្ណរាជ ស្ថាបនិក​ក្រុម​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា ឈុត​ទាំង​នេះ​មិន​មែន​ជា​ឈុត​តំណាង​ជាតិ​ សម្រាប់​កញ្ញាឯក អែម គុនថង ចេញ​ទៅ​ប្រកួត​ប្រទេស​ហ្វីលីពីន​ ក្នុង​ខែ​វិច្ឆិកា​នេះ​ទេ។ នេះ​គ្រាន់​ជា​ការ​សហការ​ថត​រូប​បង្ហាញ​ពី​ប្រធាន​បទ Eco Fashion ប៉ុណ្ណោះ​។

លោក​ក៏​បាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​ឈុត​នីមួយ​ដែរ​ថា៖

១ ឈុត​តំណាង​ស្ដេច​ខ្យង​សមុទ្ទ៖

​​​​ឈុត​នេះ​ច្នៃ​​ឡើង​ពី​កំប៉ុង​ប្លាស្ទិក​​ និង​ថង់​ប្លាស្ទិក​ពណ៌​ទឹក​ក្រូច។ វា​តំណាង​ឲ្យ​សត្វ​ខ្យង​មួយ​ប្រភេទ​ដែល​រស់​នៅ​លើ​ដី​​កោះ​មួយ​កន្លែង​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

២ ឈុត​តំណាង​ឲ្យ​រុក្ខជាតិ៖

ឈុត​នេះ​ច្នៃ​ឡើង​ប្លាស្ទិក​សុទ្ធ វា​បំផុស​​អត្ថន័យ​នៃ​ការ​ស្រឡាញ់​បរិស្ថាន​ជា​ពិសេស​រុក្ខជាតិ​នានា​នៅ​លើ​ពិភពលោក។ អ្វី​ដែល​កាន់​តែ​​ពិសេស​នោះ​គឺ​ ឈុត​នេះ​ធ្លាប់​បាន​ស្លៀក​បង្ហាញ​ដោយ​កញ្ញាឯក​ពិភពលោក​ថៃ Thunchanok Moouninta ​​ក្នុង​កម្មវិធី​ Keep Bangkok Clean កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៦​កន្លង​ទៅ ដោយ​កាល​នោះ​ក្រុម​របស់​លោក​មាន​ភារកិច្ច​​រៀប​ចំ​សំលៀក​បំពាក់​សម្រាប់​កញ្ញា​ឯក​មក​ពី​២​ប្រទេស​គឺ​ ថៃ និង​ជប៉ុន។

៣ ឈុត​ស្បៃ​ធំ​៖

​ឈុត​នេះ​ ច្នៃ​ឡើង​ដោយ​ក្រដាស​កាសែត​កាច់​ជា​រូប​ផ្កា​ជាង​៩០០ផ្កា និង​មាន​ប្រវែង៤.៥ម៉ែត្រ ក្នុង​ទម្រង់ ស្បៃ​ធំ ដែល​ជា​ម៉ូដ​ចំណាស់​មួយ និង​មិន​សូវ​និយម​ប្រើ​ប្រាស់​ក្នុង​ទម្រង់​ល្ខោន​នានា​ឡើយនាពេល​បច្ចុប្បន្ន។ វា​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ដាក់​តាំង​ក្នុង​កម្មវិធី ​"ខួប​​១០០​ឆ្នាំ​" របស់​​សាលា​រចនា​។ ជា​មួយ​ពណ៌​ប្រផេះ​ដ៏​ស្រគត់ស្រគំ​នេះ សុវណ្ណ​រាជ បាន​ឲ្យ​ដឹង​ថា​ ​នេះ​គឺ​ជា​សារ​មួយ​ដែល​បង្ហាញ​ភាព​សោក​សៅ​​ របស់​និស្សិត​​ទៅ​ដល់​សាលា​ចំណាស់​មួយ​ ​ដែល​រដ្ឋាភិបាល​​ធ្លាប់​មាន​គម្រោង​ផ្លាស់​ប្ដូរ​ទីតាំង​ក្នុង​គ្រា​នោះ​។

គួរ​រលឹក​ថា កញ្ញា​ឯក​ អែម គុនថង មាន​អាយុ​១៨​ឆ្នាំ ជា​ជយ​លាភី​​កញ្ញា​ឯក​កម្ពុជា​ចំណាត់​ថ្នាក់២​ ឆ្នាំ​២០១៦។ នាង​នឹង​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​កម្មវិធី "​កញ្ញាឯក​ផែន​ដី​ឆ្នាំ​២០១៧​" ដែល​ជា​ព្រឹត្តិការណ៍​បរិស្ថាន​អន្តរជាតិ​ដ៏​ល្បី និង​ជា​បេសកកម្ម​ប្រកួត​សម្រស់​ ដើម្បី​ជំរុញ​សកម្មភាព​អភិរក្ស​​បរិស្ថាន ដែល​នឹង​ប្រព្រឹត្តិ​ឡើង​​ក្នុង​ខែ​តុ​លា ឆ្នាំ​២០១៧​នេះ នៅ​ប្រទេស​ហ្វីលីពីន៕

អត្ថបទ៖ សុខណា

រូប​ភាព​ផ្ដល់​ឲ្យដោយ អែម គុនថង