ចរិត ៧​យ៉ាង​របស់​មនុស្ស​មាន​ពុតត្បុត នៅ​ទី​ណា​ក៏​នាំ​តែ​បញ្ហា​មិន​ចេះ​ចប់

  • 2017-09-07 08:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លក្ខណៈ​សម្គាល់​របស់​មនុស្ស​ស្មោះ​ស្រង់ មាន​សន្ដាន​ចិត្ត​ល្អ មិន​ពិបាក​កត់​សម្គាល់​ទេ ប៉ុន្តែ​មនុស្ស​​​មាន​ការ​គិត​មិន​សូវ​ល្អ​ទៅ​វិញ​ទេ ដែល​ពិបាក​កត់​ចំណាំ​បំផុត។ ខាង​ក្រោម​នេះ ជា​ប្រភេទ​ចរិត​មនុស្ស​លាក់​ពុត សំខាន់​បំផុត​គួរ​តែ​ប្រុង​ប្រយ័ត្ន ដើម្បី​រក្សា​សេចក្ដី​ស្ងប់​សុខ។ ​

១. បើ​មិន​ចូលចិត្ត​ណា​ទាញ​អ្នក​ដទៃ​ឱ្យ​ស្អប់​តាម​ខ្លួន​ដែរ

បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា រចនា បុគ្គលិក​ក្នុង​ក្រុមហ៊ុន ឯកជន​មួយ​ប្រាប់​ថា មនុស្ស​មាន​សន្ដាន​មិន​ល្អ​ អាច​កត់​ចំណាំ​នៅ​ត្រង់​​ចំណុច​នេះ​ដែរ។ មនុស្ស​ប្រភេទ​នេះ​ដើរ​តែ​មិន​ចូលចិត្ត​គេ​តែ​ពាស ហើយ​ព្យាយាម​ទៅ​និយាយ​បញ្ចុះបញ្ចូល​គូកន​ របស់​ខ្លួន​ឱ្យ​ស្អប់​តាម​ខ្លួន​ដែរ។ ជា​ទូទៅ​មនុស្ស​ប្រភេទ​នេះ ច្រើន​តែ​នាំ​រឿង​មិន​ល្អ មិន​ថា​តែ​នៅ​ទី​ណា​នោះ​ទេ។ ដូច្នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន ព្រោះ​អាច​ទាញ​យើង​ទៅ​រក​បញ្ហា​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន។ ​

២.ដើរ​តែ​ច្រណែន​អ្នកដទៃ ទោះ​មិន​ធ្លាប់​ស្គាល់​គ្នា​ក៏​ដោយ

ចំណែក​ចរិត​​ប្រភេទ​នេះ​វិញ ក៏​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មាន​ផ្នត់​គំនិត​មិន​ល្អ​ដែរ ចូលចិត្ត​សម្គាល់​​រឿង​អ្នក​​ដទៃ មិន​ថា​អ្នក​ណា​ទិញ​ឡាន​ ម៉ូតូ​ថ្មី ផ្ទះ​ថ្មី​ គឺ​ដឹង​ទាំង​អស់។ មនុស្ស​ប្រភេទ​នេះ អាច​សម្គាល់​ត្រង់​ថា ចូលចិត្ត​យក​រឿង​អ្នក​ដទៃ ទៅ​ដំណាល​ប្រាប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន លក្ខណៈ​ច្រណែន​ មាត់​ចាប​មាត់​ព្រាប។ រចនា បន្ថែម។

៣. ពេល​ត្រូវ​ការ​ពឹង​ពាក់​អ្វី​មួយ​សម្ដី​ឡើង​ផ្អែម

សម្ដី​ផ្អែម​ជាង​ស្ករ​តាំង​ម៉ែ គឺ​ជា​ជំនាញ​ដ៏​ប៉ិន​ប្រសប់​បំផុត សម្រាប់​មនុស្ស​ប្រភេទ​នេះ។ នៅ​ពេល​ត្រូវ​ការ​ជំនួយ​ពី​នរណា​ម្នាក់​ហើយ គឺ​និយាយ​រហូត​ទាល់​តែ​ភាគី​ម្ខាង​ទៀត​ទន់​ចិត្ត ប៉ុន្តែ​ក្រោយ​ចប់​កិច្ច​ការ​បាត់​ស្រមោល​ឈឹង។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី ណា​រាជ និស្សិត​ឆ្នាំ​ទី២ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ។

៤. ចូលចិត្ត​ចេះ​ដឹង​រឿង​អ្នក​ដទៃ​ជ្រុល

ណា​រាជ បន្ត​មួយ​ចំណុច​ទៀត​ថា មនុស្ស​មាន​ពុត​ ជា​ទូទៅ​នៅ​ពេល​ដឹង​ថា អ្នក​ណា​មាន​បញ្ហា​អ្វី​មួយ​ អន្ទះសា​ចង់​ដឹង​ចង់​ឭ​អាល​នឹង​បាន​យក​ទៅ​និយាយ តែ​មិន​មែន​ជួយ​ដោះស្រាយ​នោះ​ទេ គឺ​ជួយ​សើច​យំ​តែ​ប៉ុណ្ណោះ។

៥. និយាយ​ជាមួយ​អ្នក​ណា​​ក៏​ដោយ​ចង់​ឱ្យ​តែ​គេ​ស្រប​តាម

ចំណែក កញ្ញា ធាវី អ្នក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​មួយ លើក​ឡើង​ថា មនុស្ស​​ចរិត​​មិន​ស្រួល​នេះ ប្រសិន​បើ​និយាយ​​ពី​ប្រធាន​បទ​អ្វី​មួយ ចង់​ឱ្យ​តែ​អ្នក​ជុំវិញ​ខ្លួន​ស្រប​តាម ចង់​ឱ្យ​គេ​គិត​ថា​ខ្លួន​ឯង​ពូកែ ចេះ​ដឹង​បញ្ហា​មួយ​ហ្នឹង​ច្បាស់​លាស់។ ចំណុច​គួរ​កត់​សម្គាល់ ប្រសិន​បើ​នរណា​ម្នាក់​មិន​ស្រប​តាម​គំនិត​របស់​ខ្លួន នោះ​នឹង​ទៅ​និយាយ​ដើម​ពី​អ្នក​នោះ​ហុយ​ដី ប្រាប់​ទៅ​មនុស្ស​ដទៃ​ទៀត។

៦. ចូល​ចិត្ត​ឱ្យ​គេ​លើក​ជើង អ្នក​ណា​និយាយ​ត្រង់​ស្អប់​គេ​មិន​មើល​មុខ

ជា​ចំណុច​គួរ​ឱ្យ​កត់​សម្គាល់​មួយ ក្នុង​ចំណោម​ចរិត​ជា​ច្រើន​របស់​មនុស្ស​ប្រភេទ​នេះ គឺ​ចូលចិត្ត​តែ​អ្នក​និយាយ​លើក​ជើង​ប៉ុណ្ណោះ ទើប​អាច​រាប់​អាន​គ្នា​បាន។ ធាវី បន្ថែម។

៧. ពេល​មាន​បាន​ចរិត​ខ្ពស់​លើ​មេឃ ពេល​អត់​វិញ​ធ្វើ​ជា​រណេបរណប

នៅ​ពេល​មាន​បាន​រាសី​ឡើង មនុស្ស​នៅ​ជុំវិញ​ខ្លួន​ប្រៀប​ដូច​ស្រមោល​មើល​ឃើញ សឹង​តែ​ដើរ​បុក តែ​ពេល​ណា​ដាច់​យ៉ៃ​វិញ មនុស្ស​ដែល​ធ្លាប់​តែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ ស្រាប់​តែ​ក្លាយ​ជា​មិត្ត​មួយ​រំពេច៕

ចុចអាន៖

​ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម