ឈ្នះ​កម្ពុជា​ថ្ងៃ​មុន​មែន ប៉ុន្តែ​វៀតណាម​អាច​អស់​១​ម៉ឺន​ដុល្លារ ​ព្រោះ​អ្នកគាំទ្រ​កំពូល​របស់​ខ្លួន

  • 2017-09-08 02:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​វៀតណាម ​អាច​នឹង​​ត្រូវ​ពិន័យ​១​ម៉ឺន​ដុល្លារ ដោយសារ​តែ​មិន​អាច​គ្រប់គ្រង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ស្ដាត​អូឡាំពិក​កាល​ពី​ប្រកួត​ជាមួយ​កម្ពុជា​ក្នុង​ពាន​រង្វាន់​ 2019 Asian Cup ​វគ្គ​ជម្រុះ។

ដូច​ដែល​ប្រិយមិត្ត​ដឹង​ស្រាប់​ហើយ វៀតណាម​ទៅ​ប្រកួត​ដល់​ទី​ណា​ក៏​ដោយ ក៏​មាន​អ្នក​គាំទ្រ​របស់​ពួកគេ​ទៅ​ជួយ​ស្រែក​ហ៊ោ​លើក​ទឹក​ចិត្ត​ផង​ដែរ។ តួ​យ៉ាង​ដូចជា​ការ​ប៉ះ​ជាមួយ​កម្ពុជា​ថ្ងៃ​មុន​នោះ ​ត្បិត​តែ​មាន​ចំនួន​តិច​ជាង​អ្នក​គាំទ្រ​កម្ពុជា​មែន ប៉ុន្តែ​អ្នក​គាំទ្រ​វៀតណាម​នៅ​តែ​អាច​បង្ក​ជា​រឿង​អស្ចារ្យ​មួយ​បាន​ដដែល ​ដោយ​អាច​ដុត​កាំជ្រួច​ភ្លើង(lighting flares) ​ផ្អើល​កីឡដ្ឋាន​អូឡាំពិក។

ទិដ្ឋភាព​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ខាង AFC ​កំពុង​តែ​ស៊ើបអង្កេត​និង​ដាក់​ពិន័យ​ទៅ​ដល់​សហព័ន្ធ​បាល់ទាត់​វៀតណាម​ចំពោះ​ការ​មិន​អាច​គ្រប់​គ្រង​អ្នក​គាំទ្រ​របស់​ខ្លួន ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ការ​ប្រកួត។ ចំពោះ​រឿង​ដែល​កើត​ឡើង​នេះ​ដែរ ភ្លាម​ៗ​កាល​គ្រា​នោះ ​ខាង​ប៉ូលិស​កម្ពុជា​ក៏​បាន​ទៅ​ព្រមាន​ដល់​អ្នក​គាំទ្រ​វៀតណាម​ផង​ដែរ ចំពោះ​រឿង​នេះ ប៉ុន្តែ​មិន​បាន​ចាប់​ខ្លួន​នោះ​ទេ។

រំលឹក​ទៅ​ការ​ប្រកួត​នោះ​ទៀត ​វៀតណាម​បាន​យក​ឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល ២-១ ​ហើយ​នោះ​ក៏​ជា​ជ័យជម្នះ​លើក​ដំបូង​របស់​ពួកគេ​ផង​ដែរ ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ 2019 Asian Cup ៕

អត្ថបទ៖ មុន្នីរម្យ