ខាន់ ជេមស៍ មិន​ធ្វើ​ដូច​ ខេមរៈ សិរីមន្ត ទេ!

  • 2017-09-08 03:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ចេញ​​ចេញ​ពី​ផលិតកម្ម​សាន់ដេ ទៅ​​ចូល​​​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស លោក ខាន់ ជែមស៍ ក៏​ជិត​ផុត​កុងត្រា​ដូច​គ្នា ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ បាន​​អះអាង​ថា ខ្លួន​មិន​មាន​គម្រោង​ចេញ​ពី​ផលិតកម្ម​​មួយ​នេះ​ទេ ពោល​គឺ​លោក​បាន​បន្ត​កុងត្រា​រហូត​ដល់​ទៅ៥ឆ្នាំ​ថែម​ទៀត​ឯណោះ។

មូលហេតុ​ដែល​នាំ​ឲ្យ​លោក ខាន់ ជែមស៍ សម្រេច​នៅ​បន្ត​ជា​មួយ​ផលិតកម្ម​សាន់ដេ មិនមែន​មិន​មាន​ផលិតកម្ម​ផ្សេង​ទាក់ទង​ឡើយ គឺ​មាន​ច្រើន​ណាស់ ប៉ុន្តែ​លោក​មិន​ព្រម​ទៅ​ ក៏​ព្រោះ​តែ​លោក​គិត​ថា ទី​នេះ​គឺ​បាន​ផ្ដល់​ភាព​កក់ក្ដៅ​សម្រាប់​លោក​​សម​ល្មម​ហើយ គួបផ្សំ​អនុស្សាវរីយ​ជូរចត់​ជា​មួយ​គ្នា​ច្រើន​ផង។" ទើប​​នឹង​ចុះ​ហ្នឹង បើ​បូក​ទាំង​​កុងត្រា​ចាស់​នៅ​សល់​ផង​នោះ ខ្ញុំ​ត្រូវ​នៅ​សាន់ដេ​ ៦ឆ្នាំ​ ទៅ៧ឆ្នាំ​​ទៀត ឯណោះ ចេញ​​ទៅ​ណា​អត់​រួច​ទេ យើង​បាន​ហែល​ឆ្លង​ជា​មួយ​​​គ្នា មាន​អនុស្សាវរីយ​ច្រើន​ណាស់"។ ខាន់ ជែមស៍ លើក​ឡើង។

តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ទៀត​ថា ខ្លួន​គ្រោង​​បញ្ចេញ​ Original song ជា​ច្រើន​បទ​ទៀត​ឆាប់ៗ​ខាង​មុខ​នេះ ដែល​បទ​ចម្រៀង​ទាំង​នោះ លោក​​រំពឹង​ថា នឹង​​មាន​ការ​គាំទ្រច្រើន ត្បិត​អី​ការ​ផលិត​ឡើង​ផ្ដោត​លើ​​យុវវ័យ​ទាំង​អស់។ ទន្ទឹម​គ្នា​នោះ​ដែរ​ទីផ្សារ​ចេញ​ច្រៀង​តាម​ខេត្ត​វិញ លោក​ប្រាប់​ថា ក៏​ចាប់​​ផ្ដើម​​មាន​អតិថិជន​កក់​ជា​បណ្ដើរៗ​ហើយ រង់ចាំ​​ផុត​​រដូវ​ភ្លៀង​តែ​ប៉ុណ្ណោះ។

​"បទ​ថ្មី​ក៏​ខ្ញុំ​ត្រៀម​ចេញ​ច្រើន​ឆាប់ៗ​នេះ​ហ្នឹង ហើយ​បើ​ Concert ​ឲ្យ​ស្រាបៀ​វិញ គេ​កក់​បណ្ដើរៗ ចាំ​តែ​ផុត​រដូវ​ភ្លៀង​ហ្នឹង​​ ដឹង​តែ​អត់​មាន​ពេល​សម្រាក​ហើយ រឿង​អី​ខ្ញុំ​ត្រូវ​ចេញ​ទៅ​កន្លែង​ថ្មី"។ម្ចាស់​បទ"​របាំ​ចង​ស្នេហ៍"​ ថ្លែង​បញ្ជាក់។

គួរំលឹក​ផង​ដែរ​ថា លោក ខាន់ ជែមស៍ បាន​ចូល​ជ្រក​ក្នុង​ផលិតកម្ម​សាន់ដេ​ក្នុង​អំឡុង​ ឆ្នាំ ២០១២ ពោល​បន្ទាប់​ពី​ផលិតកម្ម Rock បាន​ប្រកាស​ផ្អាក។ ទោះ​បី​ជា​លោក​បាន​ជ្រក​ក្នុង​ផលិតកម្ម​មួយ​នេះ​ច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​បទ​ចម្រៀង​របស់​លោក​ត្រូវ​បាន​​មហាជន​មើល​ឃើញ​ថា មិន​សូវ​មាន​បទ​ផ្ទុះ​ខ្លាំង​ដូច​កាល​នៅ​ក្នុង​ផលិតកម្ម Rock ​ឡើយ។ បទ​ចម្រៀង​របស់​លោក​កាល​នៅ​ផលិតកម្ម ​Rock ​ដែល​មាន​​ការ​គាំទ្រ​ខ្លាំង រហូត​មក​ដល់​បច្ចុប្បន្ន មាន​ដូច​ជា បទ "របាំ​ចង​ស្នេហ៍" បទ "សម្រែកបេះដូង" បទ"បើ​មិន​ស្រលាញ់​អាណិត​ធ្វើ​អ្វី" និង​​បទ "ស្ដាយ​ក្រោយ"​ ជា​ដើម៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត