មិន​នឹក​ស្មាន​ថា ឧបករណ៍​ភ្លេង​បុរាណ​ច្នៃ​ពី​ដើម​ខ្នុរ មាន​លក្ខណៈ​ពិសេសយ៉ាង​នេះ​សោះ!

  • 2017-09-09 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ពី​រសជាតិ​ផ្លែ​ដ៏​ផ្អែម​ឆ្ងាញ់​របស់ផ្លែខ្នុរ តែ​ប្រហែល​ជា​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​បាន​ដឹង​ថា​ដើម​នេះ គេ​អាច​យក​ទៅ​ច្នៃធ្វើ​ជា​ឧបករណ៍​ភ្លេង​បាន​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត។

គ្រូ​ភ្លេង​ និង​ជា​ជាង​ធ្វើ​ឧបករណ៍​ភ្លេង​បុរាណ លោក យិន វណ្ណា បាន​ឱ្យ​ដឹង​ថា ​ដើម​ខ្នុរ​ជា​ប្រភេទ​ឈើ​ល្អ​បំផុត ដែល​អាច​ធ្វើ​ឧបករណ៍​ភ្លេងបុរាណ​បាន​ច្រើន​ប្រភេទ។ លោក​ថា​ដើម​ខ្នុរ​អាច​យក​ទៅ​ធ្វើ​ឧបករណ៍​ភ្លេង​ដូច​ជា ស្គរ​តូច ស្គរឆៃយ៉ាំ ស្គរ​រមនា តាខេ ស្នូក​ចាប៉ី​ដង​វែង ឃឹម ពិណ ស្នូក​រនាត រលា​ទ្រអ៊ូ និង​ទ្រសោ ជាដើម។ ថ្វី​ត្បិត​ឧបករណ៍​ទាំង​នេះ​មាន​ធាតុ​ផ្សំ​ពី​ដើម​ខ្នុរ​ដូច​គ្នា​មែន តែ​គុណភាព​សំឡេង​ពីរោះ​ប្លែក​គ្នា​ទាំង​អស់។

"បើ​និយាយ​ពី​ឈើ​មួយ​នេះ​ធ្វើ​បាន​ច្រើន​ណាស់ សឹង​តែ​គ្រប់​ឧបករណ៍​ភ្លេង​ទាំង​អស់ តែ​អាស្រ័យ​ទៅ​តាម​ចំណូល​ចិត្ត​អ្នក​ធ្វើ​ឧបករណ៍​នីមួយៗ​ដែរ ថា​គេ​ចង់​យក​វា​ទៅ​ធ្វើ​អត់។ ពី​ដើម​គេ​និយម​យក​ឈើ​នេះ​ធ្វើ​ឧបករណ៍​ភ្លេង​ណាស់ សូម្បី​ស្គរ​ធំ​ៗ​នៅ​តាម​វត្ត​ក៏​គេ​យក​វា​ធ្វើ​ដែរ ព្រោះ​វា​ស្រាល ពណ៌​ស្អាត ជា​ពិសេស​នោះ​វា​មាន​សំឡេង​ល្អ​ហើយ​ឮខ្លាំង"។

ដូច​គ្នា​នេះ​ដែរ​សាស្ត្រា​ចារ្យនៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ស្ថិត​ក្នុង​ត្រកូល​អ្នក​ភ្លេង​៥ជំនាន់ និង​ជា​ជាង​ធ្វើ​ឧបករណ៍​ពិណ​ផង​នោះ​ លោក កែវ សុនន្ទកវី បាន​ប្រាប់ Sabay ថា ដើម​ខ្នុរ​យក​ទៅ​ធ្វើ​ឧបករណ៍​ពិណ​មាន​គុណ​ភាព​សំឡេង​ល្អ​លេខ​១។ លោក​ថា​ឈើ​ផ្សេងៗ​ក៏​អាច​យក​ធ្វើ​ពិណ​បាន​ដែរ តែ​គុណ​ភាព​សំឡេង​មិន​ដល់​ដើម​ខ្នុរ​ឡើយ។

បើ​​យោង​តាម​សៀវភៅ "តន្ត្រី​នៅ​ប្រទេស​កម្ពុជា” រៀប​រៀង​ដោយ​អ្នក​ស្រី កែវ ណារុំ ក៏​បាន​បញ្ជាក់​ដែរ​ថា ដើម​ឈើ​មួយ​ប្រភេទ​នេះ អាច​យក​ទៅ​ធ្វើ​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​បាន​ច្រើន​ប្រភេទ៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទថ្មី