មកមើលប្លង់ស្ពានឆ្លងទន្លេសាបថ្មីស្អាតមិនចាញ់ស្ពានអ្នកលឿង
- 2017-09-08 06:48:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលប្លង់ស្ពានឆ្លងទន្លេសាបថ្មីស្អាតមិនចាញ់ស្ពានអ្នកលឿង
ចន្លោះមិនឃើញ
មន្ត្រីឲ្យដឹងថាសាលារាជធានីភ្នំពេញមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិសាស្រ្តខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅកាន់តំបន់ អភិវឌ្ឍជ្រោយចង្វារ ដោយស្ពាននេះមានប្រវែងជិត១គីឡូម៉ែត្រ និងទទឹងស្ពានជាង ១០ ម៉ែត្រ កាត់ទន្លេសាបម្តុំឃ្លាំងសាំងក្រុមហ៊ុនសូគីមិចគីឡូម៉ែត្រលេខ៦។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឱ្យដឹងថា ការកសាងស្ពាននេះនឹងត្រូវធ្វើឡើងនៅម្តុំគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ។ លោកបន្តថាគម្រោងនេះអាចមានរយៈពេលពីរឆ្នាំ ដោយស្ថិតក្រោមគម្រោងថវិការបស់សាលារាជធានីភ្នំពេញ។ លោកបន្ថែមថាៈ «ស្ពានថ្មីនេះនឹងកាត់ផ្លូវជាតិលេខ៥ ហើយបើមិនមានអីប្រែប្រួលទេ អាចចាប់ផ្តើមសាងសង់នៅខែតុលាតុលាឆ្នាំនេះ»។
លោក មាសភក្តី ឱ្យដឹងទៀតថា ការសម្រេចសាងសង់ស្ពានថ្មីនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន OCIC។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន ណែនាំឲ្យខាងមន្ទីរសាធរណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវជួសជុលកែសម្រួលកំណាត់ផ្លូវជាតិលេខ៥ត្រង់តំបន់គម្រោងឲ្យបានល្អប្រសើរឡើងដោយថាធ្វើយ៉ាងណាដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ និងឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់សិក្សាឲ្យបានច្បាស់ពីផលប៉ះពាល់ដែលអាចកើតមានឡើង អំឡុងពេលចាប់ផ្តើមសាងសង់ស្ពាននេះ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យដដែលឲ្យដឹងទៀតថាក្នុងខែតុលា ឆ្នាំ២០១៧ នេះស្របពេលដែលស្ពានជ្រោយចង្វារទី១ផ្អាកចរាចរណ៍ សាលារាជធានីក៏គ្រោងនឹងសាងសង់ស្ពានបាឡេមួយឆ្លងកាត់ទន្លេសាបនេះដូចគ្នា ដោយមានទីតាំងជិតគម្រោងស្ពានថ្មីនេះដែរ។ ការសាងសង់ស្ពានបាឡេនេះ លោកថាដើម្បីរំដោះចរាចរណ៍នៅពេលដែលស្ពានជ្រោយចង្វារទី១ត្រូវបានផ្អាកចរាចរណ៍ និងជួសជុលឡើងវិញ។
លោកឲ្យដឹងថាស្ពានបាឡេនេះក្រោងនឹងសាងសង់នៅខែតុលានេះ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០១៨ និងថាស្ពាននេះ នឹងរុះរើវិញក្រោយស្ពានថ្មីបានកសាងរួច។ លោកបន្ថែមៈ «ដោយចំណាយពេលសាងសង់៦ខែ ដូច្នេះស្ពានបាឡេអាចសាងសង់រួចក្នុងរង្វង់ខែមេសា ឆ្នាំ២០១៨ ប៉ុន្តែក្រោយសាងសង់ស្ពានថ្មីរួចស្ពានបាឡេ នឹងត្រូវរុះរើចេញវិញ»។