មក​ដឹង​រឿង​រ៉ាវ​ពី​ iPhone X ដែល​ប្រកាស​ម៉ោង​ ១២ យប់​នេះ

  • 2017-09-12 03:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ឈាន​ដល់​ការ​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​​បី​ម៉ូដែល​ ដែល​​មាន​ iPhone 8, 8 Plus និង iPhone X នា​យប់​នេះ​ ​កន្លង​មក​មាន​ការ​បែក​ធ្លាយ​ដំណឹង​ក្ដៅៗ​ជា​ច្រើន។ តាម​រយៈ​ដំណឹង​ដែល​បែក​ធ្លាយ​ទាំង​អស់​ ធ្វើ​ឲ្យ​ iPhone X ក្លាយ​ជា​ម៉ូដែល​ ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។ ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​ដែល​គេ​ដឹង​ពី​ iPhone X ៖

១. ការ​រចនា​រូបរាង​​ថ្មី ៖

ផ្អែក​តាម​ប្រភព​ជា​ច្រើន​​ឲ្យ​ដឹង​ថា​ Apple នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​លើ​រចនាបថ​ iPhone X ដោយ​មាន​រចនាបថ​តាម​ទំនោរ​ដ៏​ពេញ​និយម​​ Bezel-Less (មាន​ស៊ុម​អេក្រង់​រាង​ស្ដើង) ហើយ​មិន​មាន​ប៊ូតុង​ Home ឡើយ។ iPhone X នេះ​ទៀត​សោត​ក៏​​មាន​រចនាបថ​ផ្នែក​ខាង​ក្រោយ​ធ្វើ​ពី​កញ្ចក់​ ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ Apple បាន​ធ្វើ​លើ​ iPhone 4 ដែរ។

​​២. ប្រើ​អេក្រង់​ OLED ៖

iPhone 8, iPhone X និង iPhone 8 Plus

iPhone X នឹង​ជា​ iPhone ដំបូង​គេ​បំផុត​ដែល​ប្រើ​អេក្រង់​ OLED ដោយ​វា​​ប្រើ​ប្រាស់​ថាមពល​តិច​ជាង​មុន និង​អាច​បង្ហាញ​រូបភាព​បាន​កាន់​តែ​ច្បាស់​ត្រជាក់​ភ្នែក។ iPhone 8 និង 8 Plus ដែល​រំពឹង​ថា​នឹង​ប្រកាស​ចេញ​ជា​មួយ​ iPhone X នឹង​ប្រើ​អេក្រង់​ LCD ដដែល។

​៣. មិន​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ ៖

**វីដេអូបង្ហាញពីដំណើរការកំណត់មុខងារស្កេនមុខ**

iPhone X នឹង​មិន​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ឡើយ ដោយ​គម្រោង​បង្កប់​ Sensor ស្កេន​ខ្ចៅ​ដៃ​ក្រោម​​ផ្ទៃ​អេក្រង់​របស់​ Apple មិន​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​ iPhone X នឹង​មាន​បំពាក់​កាមេរ៉ា​ពិសេស​មួយ​នៅ​ផ្នែក​ខាង​មុខ​ ដែល​មាន​បង្កប់​នូវ​ Sensor សម្រាប់​ចំណាំ​ផ្ទៃ​មុខ ដើម្បី​ដំណើរ​ការ​មុខងារ​ស្កេន​មុខ។ មុខងារ​នេះ​នឹង​អាច​​ប្រើ​ប្រាស់​សម្រាប់​ការ​ដោះ​សោ​ទូរសព្ទ ​ដោយ​​វា​អាច​ជំនួស​​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​បាន​ទាំង​ស្រុង។

៤. ជម្រើស​ពណ៌​ថ្មី ៖

ពី​មុន​លើ​ iPhone 7 មាន​ជម្រើស​ពណ៌​ដល់​ ៦ ប្រភេទ​រួម​មាន​ពណ៌​ខ្មៅ​រលោង, ខ្មៅ​ធម្មតា, មាស, ប្រាក់, ផ្កាឈូក និង ពណ៌​ក្រហម​ដែល​បាន​បញ្ចេញ​នៅ​ខែ​មីនា។ យ៉ាងណាក្ដី​ចំពោះ​ iPhone X នឹង​មាន​ជម្រើស​ពណ៌​តែ​បី​ប៉ុណ្ណោះ រួម​មាន​​ពណ៌​ខ្មៅ, ស និង​ពណ៌​ទង់ដែង។

៥. សាក​ថ្ម​ឥត​ប្រើ​ខ្សែ ៖

រូបតំណាង

iPhone X នឹង​អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​បាន​ដូច​ជា​ស្មាតហ្វូន​ Android ដទៃ​ទៀត​ដែរ គ្រាន់​តែ​គេ​មិន​ច្បាស់​ថា​​​ Apple នឹង​ប្រើ​បច្ចេកវិទ្យា​ Qi ឬ Airfuel។

​​៦. បន្ទះ​ឈីប A11 និង RAM ទំហំ​ ៣ GB ៖

iPhone បី​ម៉ូដែល​ដែល​ប្រកាស​យប់​នេះ​នឹង​ប្រើ​បន្ទះ​ឈីប​ A11 ដែល​មាន​ CPU ដល់​ទៅ​ ៦ គ្រាប់​ (២ គ្រាប់​កម្លាំង​ខ្លាំង និង ៤ គ្រាប់​កម្លាំង​ខ្សោយ)។ ចំពោះ​ iPhone 8 Plus និង​ iPhone X មាន​បំពាក់​ RAM ទំហំ​ ៣ GB ដើម្បី​ទ្រទ្រង់​កាមេរ៉ា​ភ្លោះ។

៧. តម្លៃ ៖

មាន​ការ​ប៉ាន់​ស្មាន​​ពី​អ្នក​ជំនាញ​ជា​ច្រើន​អំពី​តម្លៃ​​ iPhone X ដោយ​ភាគ​ច្រើន​ថា​តម្លៃ​​នឹង​មាន​ចាប់​ពី​​ ៩៩៩ ដុល្លារ​សម្រាប់​ប្រភេទ​ទំហំ​ ៦៤ GB ហើយ​សម្រាប់​ប្រភេទ​ទំហំ​ធំ​ជាង​នេះ​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ ១០០ ដុល្លារ។

៨. កាល​បរិច្ឆេទ​ទទួល​ការ​កុម្ម៉ង់​ និង​ចេញ​លក់ ៖

​​ប្រភព​ជា​ច្រើន​ថា​ iPhone 8, 8 Plus និង iPhone X នឹង​បើក​ទទួល​ការ​កុម្ម៉ង់​នៅ​ថ្ងៃ​ទី​ ១៥ ខែ​កញ្ញា​ ហើយ​នឹង​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា។ ប៉ុន្តែ​ចំពោះ​ iPhone X នឹង​ពិបាក​រក​ទិញ​បន្តិច​ព្រោះ​​​មាន​បញ្ហា​កង្វះ​ខាត​លើ​អេក្រង់​ OLED ដែល​ផ្គត់ផ្គង់​ដោយ​ Samsung៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី