យុវតីកូរ៉េ​ ត្រូវស្រីៗមួយ​ក្រុមព្រួតវាយ​ប៉ោងមុខ​ដូចឃ្មុំទិច កំពុងល្បី

  • 2017-09-12 07:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​ជនជាតិ​កូរ៉េខាងត្បូង​អាយុ ១៤​ឆ្នាំ​ម្នាក់ រស់​នៅ​ទីក្រុង​ភូសាន ត្រូវ​បាន​​យុវតី​មួយ​ក្រុម​​ព្រួត​វាយ​ធ្វើ​បាប​ស្ទើរ​បាត់​បង់​ជីវិត​ ព្រោះ​តែ​ពួក​គេ​មិន​ចូល​ចិត្ត​អាកប្បកិរិយា និង​ការ​និយាយ​ស្ដី​របស់​នារី​រងគ្រោះ​។

ក្រុម​យុវតី​ជា​ជន​ដៃ​ដល់​បាន​បបួល​គ្នា​វាយ​ និង​ធ្វើ​ទារុណកម្ម​ទៅ​លើ​ក្មេង​ស្រី​រៀន​ថ្នាក់​អនុវិទ្យាល័យ​​នេះ​​រយៈពេល​ជាង ១​ម៉ោង​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​ប្រើ​កៅអី ដំបង​ដែក​វាយ​​សំពង​ និង​អុជ​បារី​​លើ​រាង​កាយ​ មុខ​រហូត​​ដល់​នាង​សន្លប់។

​ក្មេង​ស្រី​រងគ្រោះ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្ដូក​ស្ដឹង រួច​ហើយ​ក៏​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​មុខ​ហើម​ប៉ោង ​ឈាម​ហូរ​តាម​ត្រចៀក និង​រយះ​ក្បាល​ជ្រៅ។ លើស​ពី​នេះ ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​ជន​ដៃដល់​ទាំង ៥​នាក់​បាន​ថត​រូប​នារី​រងគ្រោះ​ផ្ញើ​ឲ្យ​មិត្ត​រួម​ថ្នាក់​មើល​ ដោយ​អួត​អាង​សកម្មភាព​ពួក​គេ​បាន​ប្រព្រឹត្ត​ទៀត​ផង។

​តាម​ប្រភព​​គេហទំព័រ Koreaboo ​បាន​រាយការណ៍​ថា ​ជន​សង្ស័យ​​ទាំង​អស់​សម្រេច​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន ២​ម៉ោង ប៉ុន្តែ​មិន​បាន​ចាប់​ខ្លួន​ទេ​ដោយ​សារ​តែ​ច្បាប់​អនីតិជន​ការ​ពារ​អ្នក​អាយុ​ក្រោម​១៨​ឆ្នាំ។

​ទោះ​យ៉ាង​ណា ម្ដាយ​របស់​កុមារី​រងគ្រោះ​​បាន​ទទូច​ឲ្យ​ជន​សង្ស័យ​គួរ​តែ​​ត្រូវ​បាន​នាំ​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​ករណី​ប៉ុនប៉ង​មនុស្សឃាត តែ​អាជ្ញាធរ​ចាត់​ទុក​ករណី​នេះ​មិន​មែន​​ជា​រឿង​ធ្ងន់ធ្ងរ​ទៅ​វិញ។

ហេតុ​ការណ៍​ខាងលើ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​រាប់​សែន​នាក់​សម្ដែង​ការ​ប្រឆាំង​តវ៉ា​​ចំពោះ​ការ​មិន​មាន​ចំណាត់​ការ​លើ​ជន​ដៃដល់ ​រហូត​ប្រមូល​​ញត្តិ​តាម​អនឡាញ​បាន​ជាង ១២​ម៉ឺន​នាក់​ដើម្បី​ឲ្យ​មាន​ច្បាប់​ដាក់​ទោស​ដល់​អនីតិជន​ទៀត​ផង។

ចំណែក​ឪពុក​របស់​ជន​ដៃដល់​ម្នាក់​បាន​សម្ដែង​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ទង្វើ​កូន​ខ្លួន​ និង​ចាត់​ទុក​ជា​​បទឧក្រិដ្ឋ​មិន​អាច​លើក​លែង​ឲ្យ​បាន។ ​លោក​បាន​សន្យា​​បង់​ប្រាក់​ឲ្យ​គ្រួសារ​កុមារី​រងគ្រោះ និង​ឲ្យ​អាជ្ញាធរ​ដាក់​ទណ្ឌកម្ម​កូន​ខ្លួន​ផង​ដែរ។ ឪពុក​ដដែល​បាន​សារភាព​ថា ​គ្រួសារ​របស់​លោក​បាន​ទទួល​ទូរសព្ទ​រាប់​ពាន់​ដង​ពី​មហាជន​ដោយ​​ប្រាប់​ឲ្យ​ក្រុម​គ្រួសារ​លោក​ទៅ​ធ្វើ​អត្តឃាត​​​តែម្ដង​។ យ៉ាង​ណា​ លោក​បាន​សន្យា​លុតជង្គង់​សុំ​ទោស​សាធារណជន​នៅ​ថ្ងៃ​ខាង​មុខ​​ជំនួស​កូន​៕

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម