ផ្ទះតម្លៃទាបនិងមធ្យម និស្សិតក៏អាចទិញបានដែរ តែមានភ្ជាប់លក្ខខណ្ឌ
- 2017-09-12 09:26:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះតម្លៃទាបនិងមធ្យម និស្សិតក៏អាចទិញបានដែរ តែមានភ្ជាប់លក្ខខណ្ឌ
ចន្លោះមិនឃើញ
ក្រសួងដែនដី បានកំពុងជម្រុញគម្រោងលំនៅឋានសាធារណៈតម្លៃទាបជាង ៣ ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប។ អ្វីដែលសំខាន់ សម្រាប់អ្នកអាចទិញលំនៅឋានតម្លៃទាបបាន មិនត្រឹមតែជាមន្ត្រីរាជការ និង គ្រួសាររៀបការថ្មីថ្មោងនោះទេ ក្នុងនោះសិស្សនិស្សិតតាមខេត្តមករៀនភ្នំពេញ ក៏អាចទិញបានដែរ តែត្រូវមានលក្ខខណ្ឌ។
លោក ហុយ វណ្ណា តំណាងសមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់ Sabay ក្នុងពិធីពិព័រណ៌អចលនទ្រព្យប្រចាំឆ្នាំ ២០១៧ កាលពីចុងសប្ដាហ៍មុននេះថា គោលដៅនៃការអភិវឌ្ឍលំនៅឋានតម្លៃមធ្យម និងទាប ផ្ដោតទៅលើអ្នកចំណូលទាប ដូចជាមន្ត្រីរាជការ គ្រួសារទើបតែរៀបការរួច មានប្រាក់ខែចាប់ពី ៣០០ដុល្លារឡើងទើបទិញបាន។ ដោយឡែកសម្រាប់និស្សិតវិញ ក៏ត្រូវបានអនុញ្ញាតឲ្យទិញផងដែរ។
លោក វណ្ណា លើកឡើងថាៈ « និសិ្សតឡើងមកសិក្សានៅភ្នំពេញប្រមាណ ១០ម៉ឺននាក់ក្នុង១ឆ្នាំៗ គាត់ត្រូវការជួលផ្ទះនៅក៏ចំណាយយ៉ាងហោច ១០០ដុល្លារដែរក្នុង១ខែដែរ បើឪពុកម្ដាយគាត់អត់ចង់ជួលផ្ទះឲ្យនៅ... ចឹងគាត់អាចទិញផ្ទះនោះបង់រំលស់ឲ្យគាត់កូនគាត់ទៅ.. វាចំណេញជាង »។
រដ្ឋាភិបាលអនុគ្រោះទៅលើអ្នកវិនិយោគ ក្នុងការសាងសង់ផ្ទះកម្រិតមធ្យម និងបានកំណត់លក្ខខណ្ឌពិសេសសម្រាប់អ្នកលក់ ហើយអ្នកទិញ មុននឹងទិញក៏មានលក្ខខណ្ឌដែរ។ លោក វណ្ណា សូមមិនលម្អិតពីលក្ខខណ្ឌរបស់និស្សិតក្នុងការទិញផ្ទះនោះឡើយ លោកបានត្រឹមបញ្ជាក់ថា វាយោងទៅលើកត្តាឪពុកម្ដាយ ដែលមានលទ្ធភាពទិញបាន និងកំណត់លើគ្រួសារធូរធារ ឬមិនធូរធារឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី បានថ្លែងក្នុងកិច្ចពិភាក្សាមួយស្ដីពី «វេទិកាលំនៅឋានជាតិ» កាលពីកន្លងទៅបានបញ្ជាក់ថា ពលរដ្ឋមានចំណូលទាប នឹងអាចទទួលបានលំនៅឋានសាធារណៈនេះ តាមរយៈការបង់រំលស់ប្រចាំខែ ដោយបង់ប្រាក់តិចនិងមានរយៈពេលវែង។
បច្ចុប្បន្ន មានក្រុមហ៊ុនចំនួនពីរ ដែលវិនិយោគ និងអភិវឌ្ឍលំនៅឋានតម្លៃទាប និងមធ្យម និងបានប្រកាសជាផ្លូវការនូវគម្រោងសាងសង់នៅតំបន់ភាគខាងត្បូង និងខាងជើង។ គម្រោងដំបូងរបស់ក្រុមហ៊ុន World Bridge Land ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ក្រុងតាខ្មៅ ដោយដំណាក់កាលទី១ សាងសង់ចំនួន ២២៩៧ខ្នង និងក្រុមហ៊ុនទី ២ B & BM សាងសង់លំនៅឋានចំនួន ៥៣៤០ ខ្នង ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល៕