មើល​រាង​ Land Cruiser Prado ឆ្នាំ​ ២០១៨ ជាប់​ចិត្ត​ទេ?

  • 2017-09-13 04:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​រថយន្ត​ Land Cruiser Prado ជំនាញ​ខាង​បើក​ Off-Road ទទួល​បាន​ការ​អាប់ដេត​រូបរាង​ថ្មី​​ជា​មួយ​​ស៊េរី​ឆ្នាំ​ ២០១៨ ដែល​ទើប​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់​កាល​ពី​ម្សិលមិញ​នេះ។

​​​​​​​​Land Cruiser Prado ឆ្នាំ​ ២០១៨ ​បាន​ផ្លាស់​ប្ដូរ​រូបរាង​លើ​ផ្នែក​ខាង​មុខ​ រួម​មាន​​គម្រប​ថ្មី, ​របាំង​ដែក​ប្រហោង​ធំៗ, ចង្កៀង​បំភ្លឺ​ផ្លូវ និង​ Bumper ផ្នែក​ខាង​មុខ​​ផង​ដែរ។ រូបរាង​ខាង​ក្រៅ​មិន​ជា​ផ្លាស់​ប្ដូរ​ខ្លាំង​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​​សម្រាប់​គ្រឿង​ម៉ាស៊ីន​ខាង​ក្នុង​បាន​កែ​សម្រួល​ឲ្យ​កាន់​តែ​ប្រសើរ​ ជា​ពិសេស​​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន។ រចនាបថ​ខាង​ក្នុង​ក៏​បាន​ការ​កែ​ប្រែ​ថ្មី​ជា​មួយ​នឹង​តាប្លូ​ថ្មី, អេក្រង់​ទំហំ​ ៨ អ៊ីញ​, ប្រព័ន្ធ​បញ្ជា​ (ប៊ូតុង) មាន​រូបរាង​ថ្មី និង​ចំណុច​ផ្សេងៗ​ទៀត​ជា​ច្រើន។

ជម្រើស​ម៉ាស៊ីន​រថយន្ត​មាន​ច្រើន​ប្រភេទ​ដូច​ជា​​ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៨ លីត្រ​ ប្រភេទ​ម៉ាស៊ូត​ ជា​មួយ​ប្រអប់​លេខ​ ៦ វគ្គ​ជា​ប្រភេទ​ស្វ័យប្រវត្តិ​ ឬ ប្រអប់​លេខ​ដៃ អាច​បង្កើត​កម្លាំង​បាន​ ១៧៧ សេះ។ ម៉ាស៊ីន​​ប្រើ​ប្រេង​ឥន្ធនៈ​ទំហំ​ ២,៧ លីត្រ អម​ជា​មួយ​ប្រអប់​លេខ​​ដៃ ៥ វគ្គ​ បង្កើត​កម្លាំង​បាន​ ១៦១ សេះ និង​ម៉ាស៊ីន​ទំហំ​ ៤ លីត្រ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ កម្លាំង​ ២៤៩ សេះ។

Toyota មិន​បាន​បញ្ជាក់​ពី​តម្លៃ​ Land Cruiser Prado ស៊េរី​ឆ្នាំ​ ២០១៨ នេះ​ឡើយ ហើយ​បាន​បញ្ជាក់​ដែរ​ថា​កាល​បរិច្ឆេទ​ចេញ​លក់​រថយន្ត​នេះ​អាស្រ័យ​ទៅ​តាម​ប្រទេស​នីមួយៗ៕​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង