ប្រទេស​ណា​ខ្លះ​គ្រោង​នឹង​បញ្ចប់​ជីវិត​រថយន្ត​សាំង​ និង​ម៉ាស៊ូត​នា​ពេល​អនាគត​?

  • 2017-09-14 12:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​នៅ​ជុំវិញ​ពិភពលោក​កំពុង​នាំ​គ្នា​បញ្ចប់​ជីវិត​រថយន្ត​ប្រើ​សាំង​ ​និង​ម៉ាស៊ូត​ដែល​ក្នុង​នោះ​មាន​ចិន​ អង់គ្លេស​ ន័រវែស​ បារាំង​ អាល្លឺម៉ង់​ និង ឥណ្ឌា​ជា​ដើម​ ។

ប្រទេសចិន​៖ ដែល​ជា​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​របស់​ពិភពលោក​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​លើ​គម្រោង​បញ្ចប់​ការ​ផលិត​និង​លក់​រថយន្ត​ប្រើ​សាំង​ និង​ម៉ាស៊ូត​ ។

ចក្រភពអង់គ្លេស​៖ អង់គ្លេស​ឱ្យ​ដឹង​កាល​ពី​ខែ​កក្កដា​ថា ​ខ្លួន​នឹង​ហាមប្រាម​ការ​លក់​រថយន្ត​សាំង​និង​ម៉ាស៊ូត​ថ្មី​នៅ​ឆ្នាំ​ ២០៤០ ដែល​ជា​ផ្នែក​នៃ​ការ​សម្អាត​បរិយាកាស​ក្នុង​ប្រទេស​ ហើយ​នៅ​ឆ្នាំ​ ២០៥០ ​រថយន្ត​ទាំង​អស់​នឹង​គ្មាន​ជាតិ​ពុល​ ១០០% ។ កាល​ពី​ឆ្នាំ​ ២០១៦ ​រថយន្ត​ថ្មី​ជិត​ ២,៧ លាន​គ្រឿង​ត្រូវ​បាន​ចុះ​បញ្ជី​ធ្វើ​ឱ្យ​ប្រទេស​អង់គ្លេស​ក្លាយ​ជា​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​ទី​៦​ក្នុង​លោក​ ។

បារាំង​៖ រដ្ឋាភិបាល​របស់​ប្រទេស​បារាំង​ក៏​មាន​គោល​ដៅ​ដូច​អង់គ្លេស​ដែរ​ពោល​គឺ​នៅ​ឆ្នាំ​ ២០៤០ ​ខ្លួន​នឹង​បញ្ចប់​ការ​លក់​រថយន្ត​សាំង​ និង​ម៉ាស៊ូត​ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី​ ។ បន្ទាប់​ពី​ឆ្នាំ​ ២០៤០ ​ប្រទេស​នឹង​មាន​រថយន្ត​អគ្គិសនី ​និង​រថយន្ត​ប្រភេទ​ hybrid ។ យ៉ាងណាមិញ​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​ ប្រភេទ​ hybrid ​និង​រថយន្ត​ប្រើ​ឥន្ធនៈ​ក្នុង​ប្រទេស​បារាំង​មាន​ទំហំ​តូច​ចង្អៀត​មាន​ ៤% តែ​ប៉ុណ្ណោះ​ តែ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​នោះ​ការ​លក់​កើន​ឡើង​ ២៥% ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ ២០១៧ ​នេះ​។

អាល្លឺម៉ង់៖ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ Angela Merkel ត្រូវ​បាន​ចោទ​សួរ​កាល​ពី​ខែ​មុន​រឿង​កំណត់​កាល​បរិច្ឆេទ​បញ្ចប់​ការ​លក់​រថយន្ត​ម៉ាស៊ូត​ និង​សាំង​។ លោកស្រី​តប​ថា​ មិន​អាច​កំណត់​ពេល​វេលា​ច្បាស់​លាស់​នោះ​ទេ​ តែ​យើង​បាន​នឹង​កំពុង​ជំរុញ​ការ​វិនិយោគ​ក្នុង​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ និង​បច្ចេកវិទ្យា​សម្រាប់​រថយន្ត​អគ្គិសនី​ពេញ​លេញ​ហើយ ។

ឥណ្ឌា៖ រដ្ឋាភិបាល​ឥណ្ឌា​កំណត់​គោលដៅ​នៅ​ឆ្នាំ​ ២០៣០ ​នឹង​មាន​រថយន្ត​អគ្គិសនី​លក់​ពេញ​ប្រទេស​ ។ ន័រវែស៖ គោលដៅ​ច្បាស់លាស់​នៃ​គ្រោង​ការ​ដឹក​ជញ្ជូន​របស់​ប្រទេស​ន័រវែស​គឹ​ រថយន្ត​ថ្មី​ទាំង​អស់​លក់​ក្នុង​ប្រទេស​នៅ​ឆ្នាំ ២០២៥​ ដាច់​ខាត​ជា​ប្រភេទ​រថយន្ត​គ្មាន​ភាយ​​ជាតិ​ពុល​ ។ យ៉ាងណាមិញ​ន័រវែស​កំពុង​ក្លាយ​ជា​ប្រទេស​នាំ​មុន​គេ​ទៅ​ហើយ​ព្រោះ​ ៤០%​នៃ​រថយន្ត​ដែល​លក់​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​មុន​សុទ្ធសឹងតែ​ជា​រថយន្ត​អគ្គិសនី​ ឬ​ប្រភេទ​ hybrid ​ទាំងអស់​ ។

យោង​តាម​ទី​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ IEA ​ថា​ មាន​ប្រទេស​៨​ផ្សេង​ទៀត​ដែល​កំណត់​គោលដៅ​ផ្លូវ​ការ​សម្រាប់​រថយន្ត​អគ្គិសនី​ដូច​ជា​ប្រទេស​ អូទ្រីស​ ដាណឺម៉ាក​ អៀរឡង់​ ជប៉ុន​ ហូឡង់​ ព័រទុយហ្គាល់​ កូរ៉េ​ និង​ប្រទេស​អេស្ប៉ាញ ។ ដោយឡែក​អាមេរិក​មិន​ទាន់​មាន​គោល​នយោបាយ​នៅ​ឡើយ​ទេ​ តែ​រដ្ឋ​ចំនួន​៨​បាន​កំណត់​គោលដៅ​រួច​ទៅ​ហើយ​ ។ គួរបញ្ជាក់ថា​ នៅ​ទូទាំង​ពិភពលោក​មាន​ ៩៥%​នៃ​រថយន្ត​អគ្គិសនី​ត្រូវ​បាន​លក់​ក្នុង​ប្រទេស​ចំនួន​១០​ប៉ុណ្ណោះ​គឺ​ ចិន​ អាមេរិក​ ជប៉ុន​ កាណាដា​ ន័រវែស​ អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ ហូឡង់​ និង​ប្រទេស​ស៊ុយអែត​ ៕

ប្រភព៖ CNN   ប្រែសសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី