ក្រសួង​អប់រំ​គ្រោង​បង្កើត​"បណ្ណាល័យអនឡាញ" ដើម្បីជំរុញការ​​អាន​សៀវភៅ​ចម្រុះ​ទូទាំង​ប្រទេស​

  • 2017-09-20 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើកកម្ពស់​ការអាន​ ​ក្រសួងអប់រំ​ ​យុវជន​ និង​កីឡា​ ​គ្រោង​បង្កើត​ "​បណ្ណាល័យ​អនឡាញ​" ​ប្រមូល​សៀវភៅ​អាន​ចម្រុះ​ ​ទទួល​បាន​អំណាច​នៃ​ការ​អាន​ ​និង​សិក្សា​ស្រាវជ្រាវ​បាន​ទូលំ​ទូលាយ​ ​ខណៈ​បណ្ណាល័យ​សម្រាប់​សិស្ស​ចូលអាន​ មិន​មាន​គ្រប់គ្រាន់​នៅ​តាម​សាលា​រៀន​នៅទូទាំង​ប្រទេស​ឡើយ​។

​ឯកឧត្តម​ ហង់ ​ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួងអប់រំ​ ​បានថ្លែង​ក្នុងពិធី​ជួបជុំ​បណ្ណារក្ស​នៅបណ្ណាគារ​ Monument Book ​នាថ្ងៃ​ម្សិលមិញ​នេះ ​បាន​ថ្លែង​ថា ​ក្រសួង​អបរំ​មាន​គម្រោង​បង្កើត​ E-Library ​បណ្ណាល័យ​អនឡាញ​ សម្រាប់​សិស្សា​នុសិស្ស​ទទួល​បាន​ការ​សិក្សា​ស្រាវជ្រាវ​ ​និង​ពង្រីក​ភាសា​អំណាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ឯកឧត្តម​បន្ថែម​ថាៈ​ «នេះ​ជាគម្រោង​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន​អាច​ទាំងអក្សរ​សាស្ត្រខ្មែរ​ និង​បរទេស​»។

រដ្ឋមន្ត្រី​ក្រសួងអប់រំ​ បានលើក​ឡើងថា​ ការសរសេរ​ និង​អានរបស់​យុវជន​ក្នុងពេល​បច្ចុប្បន្ន​មាន​ការធ្លាក់ចុះ​ ខណៈ​សិស្ស​ភាគច្រើន​ពេញចិត្ត​ការវាយអក្សរ​ដោយប្រើ​កុំព្យូទ័រ​ជាង​។​ ​ហេតុ​ដូច្នេះ ​ទើប​ក្រសួង​អប់រំ​ដាក់ឲ្យ​មាន​ការ​សរសេរ​តែងសេចក្ដី​ ដើម្បី​ឲ្យសិស្ស​អាន​ច្រើន និងសរសេរ​ឲ្យ​បាន​ច្រើន​។ ​ នារយៈ​ពេល​កន្លង​មកនេះ​ ​ក្រសួងអប់រំ​ក៏​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រឡង​ប្រណាំង​អំណាន​ជាតិ​ ដោយ​ការ​ប្រឡង​នេះ​ គឺធ្វើ​ឡើង​ដើម្បី​ជម្រុញ​ សិស្ស ​​យុវជន​រៀន​សូត្រ​ស្រាវជ្រាវ ​និង​ពង្រីក​ចំណេះ​បន្ថែម​។

លោក ​ឧកញ៉ា​ គួច ​ម៉េងលី ​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន  ​បន្ថែមថា ​បណ្ណារក្ស​ដើរតួ​សំខាន់​ក្នុងបណ្ណាល័យ​សាលា​ ពួក​គាត់​​ជា​អ្នក​ពន្យល់​ណែនាំ​ ជម្រុញ​ និង​រៀបចំ​កាល​វិភាគ​ជួប​ជុំជា​ដើម​។ ការ​ជួបជុំ ​បណ្ណារក្ស​ ជាឱកាស​មួយល្អ​ដើម្បី​បំផុស​គំនិតល្អ​ឲ្យ​កូនខ្មែរ​ចាប់​ផ្ដើម​អាន​។ ​

លោក ​ម៉េង ហៀង​ ​អគ្គនាយក​ក្រុមហ៊ុន​ Monument Book ​មើល​ឃើញ​ថា​ នៅក្នុង​វិស័យ​អប់រំ​ ការ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល​ ​ជាញឹកញាប់​អាចមាន​ប្រសិទ្ធភាព​តិចជាង​សៀវភៅ​សិក្សា​។ ​លោក​គូស​បញ្ជាក់​ថា លទ្ធផល​ល្អនៃ​ការ​បង្រៀន​ ​តាម​សៀវភៅ​នៅ​តែពេញ​និយម​ ​និង​ឲ្យតម្លៃ​ពីកុមារ​នៅ​ទូទាំង​ពិភពលោក​ ហើយ​ក៏ជា​ការ​រួម​ចំណែក​រីកចម្រើន​ដ៏ធំមួយ​ក្នុងការ​ជម្រុញ​ការបោះ​ពុម្ភ​សៀវភៅ​សម្រាប់​កុមារ​ផងដែរ​។

​ដោយ​សារតែ​បែប​នេះ​ ​ទើប​បង្កើតឲ្យ​មាន​កម្មវិធី​ជួប​ជុំបណ្ណារក្ស​លើកដំបូង​នេះ​ឡើង ដើម្បី​ប្រមូល​អ្នកឯកទេស​ផ្នែកអប់រំ​ បណ្ណារក្ស ​និង​ថ្នាក់ដឹក​នាំសាលា​ ពិនិត្យ​ពីគម្លាតការ​អានរបស់​សិស្ស​នៅ​តាម​សាលា និង​រកវិធីសាស្ត្រ​បញ្រ្ចៀប​ការអាន​ដល់​សិស្សឲ្យ​បាន​ច្រើន​​។ លោក ​ម៉េង ហៀង​ បន្ថែម​។

គួរ​ជម្រាប​បន្ថែម​ថា​ ​បណ្ណាល័យ​នៅ​សាលារៀន​សរុប​នៅកម្ពុជា​មាន​ប្រមាណ​ ៥ ៣០០ ​បណ្ណាល័យ ​ក្នុង​នោះ​ថ្នាក់​បឋមសិក្សា​ មាន​បណ្ណាល័យ​ចំនួន​ ៤០០០ ​ចំណែក​ថ្នាក់អនុវិទ្យាល័យ​មានចំនួន​ ៨០០ និង​ថ្នាក់វិទ្យាល័យ​ មានចំនួន​ប្រហែល ​៥០០បណ្ណាល័យ​ ខណៈ​មានថ្នាក់​រៀន​សរុប​ចំនួន​ប្រមាណ​ជាង ៨ ៧០០ថ្នាក់​ នៅ​ទូទាំង​ប្រទេស​៕

អត្ថបទ៖ ស៊ិន សាវ៉េត