ទី​បំផុត! រឿង"៣ខែ" ទទួល​បាន​ជយលាភី​១ ត្រៀម​​ផលិត​ភាព​​យន្ត​ខ្នាត​ធំ​ហើយ

  • 2018-05-31 03:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​រឿង​​ "៣ខែ​" ទទួល​បាន​ជយលាភី​លេខ​១ ក្នុង​កម្មវិធី​ "ប្រកួត​ប្រជែង​​អ្នក​និពន្ធ​ឆ្នើម​" ប្រចាំ​ឆ្នាំ​ ២០១៧ របស់​ផលិតកម្ម Rock ត្រៀម​ផលិត​ជា​ភាព​យន្ត​ខ្នាត​ធំ​ក្នុង​ពេល​ឆាប់​នេះ​ហើយ។

ភេទ ចា ម្ចាស់​ជយលាភី និង​ លោក យឹម សុសត្យា

បើ​តាម​​លោក យឹម សុសត្យា ហៅ​ លី ម៉េង ប្រធាន​គ្រប់​គ្រង​កម្មវិធី​ និង​ជំនួយ​ការ​អគ្គនាយក​ នៅ​ផលិត​ Rock បាន​ឲ្យ​ដឹង​ថា មួល​ហេតុ​ដែល​ផលិតកម្ម​លោក​ យក​រឿង​​ខ្លី​"៣ខែ" ជយលាភី​លេខ​១ មក​ផលិត​ជា​ភាព​យន្ត​ខ្នាត​ធំ​ដាក់​បញ្ចាំង​នៅ​រោង​កុន​ ដោយ​សារ​តែ​រឿង​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​​​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក និង​ Youtube ក្រោយ​ពី​បង្ហោះ។

លោក​ជឿ​ជាក់​ថា នៅ​ពេល​រឿង​"៣ខែ​" ដាក់​បញ្ចាំង​នៅ​រោង​កុន​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន ព្រោះ​ប្រជាជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ចូល​ចិត្ត​មើល​រឿង​​ភ័យ​រន្ធត់ អប្បិយជំនឿ​​កូន​ក្រក និង​មន្តអាគម​​ ដែល​ល្បី​​តៗ​គ្នា​តាំង​ពី​សម័យ​បុរាណ​មក​។

ភេទ ចា ម្ចាស់​ជយលាភី និង​ លោក យឹម សុសត្យា

"យើង​ជឿ​ជាក់​ថា​​នឹង​ទទួល​បាន​ជោគ​ជ័យ នៅ​ពេល​រឿង​ហ្នឹង​ដាក់​បញ្ចាំង​នៅ​រោង​កុន ព្រោះ​​ក្នុង​ឃ្លិប​វីដេអូ​រឿង​​ខ្លី​​ យើង​ចោះ​យក​តែ​ប៉ុន្មាន​ស៊ីន​មក​ដាក់​​ទទួល​បាន​ការ​គាំទ្រ​​ទស្សនិកជន​។ ប៉ុន្តែ​នៅ​ពេល​យក​មក​ផលិត​ជា​រឿង​ខ្នាត​ធំ​ យើង​នឹង​សម្រិត​សម្រាំង​វា​ឲ្យ​បាន​ល្អ​ជាង​មុន ដើម្បី​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត"។ លោក លី ម៉េង ថ្លែង​បញ្ជាក់។​

​​ចំណែក​ឯ​ម្ចាស់​ជយលាភី១​រឿង "៣ខែ" ភេទ ចា ជា​និស្សិត​ឆ្នាំ​ទី២ នៅ​វិទ្យាស្ថាន​ស៊ីតិក​ ផ្នែក​ឌីហ្សាញ​​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ឥតឧបមា​ ព្រោះ​មិន​នឹក​ស្មាន​ថា ក្ដី​ស្រមៃ​របស់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​​មកនេះ​​បាន​​ក្លាយ​ជា​ការពិត​។ ក្រោយ​ពី​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ "ប្រកួត​ប្រជែង​អ្នក​​និពន្ធ​ឆ្នើម" របស់​ផលិតកម្ម​ Rock។

អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ​ថា​៖" ខ្ញុំ​មិន​នឹក​ស្មាន​ថា​ រឿង​ដែល​ខ្ញុំ​និពន្ធ​តាំង​ពី​ឆ្នាំ​ ២០០៩ ​ត្រូវ​បាន​ផលិតកម្ម​ Rock ជ្រើស​រើស​យក​ទៅ​ថត​ភាព​យន្ត​ខ្នាត​ធំ​ដាក់​បញ្ចាំង​នៅ​រោង​កុន​នោះ​ទេ។ ពេល​នេះ​ក្ដី​ស្រមៃ​ប្អូន​បាន​ក្លាយ​ជា​ការពិត​ហើយ។ រឿង"៣ខែ" គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​គេ​ ក្នុង​ចំណោម​រឿង​ ៥០​​របស់​ខ្ញុំ"។

រឿង​"៣ខែ" ត្រៀម​នឹង​ចេញ​ថត​បន្ទាប់​ពី​​ភាព​យន្ត​ខ្នាត​ធំ"ឈាម" ដោយ​ចំណាយ​ដើម​ទុន​ប្រហែល​ ៤ម៉ឺន​ដុល្លារ​អាមេរិក។ ចំណែក​ឯ​ទី​តាំង​ថត​អាច​នៅ​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​កំពត មិន​ទាន់​ប្រាកដ​ច្បាស់។ ចំពោះ​តួ​អង្គ​ក្នុង​រឿង​កំពុង​តែ​ជ្រើស​រើស​​នៅ​ឡើយ៕​​

រឿង"៣ខែ​" ខ្នាតខ្លី មុន​យក​ទៅផលិត​ជា​ភាពយន្ត​ខ្នាតធំ

អត្ថបទ៖ ឆុង ស៊ីណាន