មេបញ្ជាការ កងស៊ើបការណ៍យោធាថៃ "សូមឱ្យទាហានយើង មានភ្នែកមុតស្រួចដូចឥន្ទ្រី ត្រចៀកវៃដូចទីទុយ"

  • 2025-06-02 07:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧត្តមសេនីយ៍ទោ ធីរ៉ានន ននថាខាំង មេបញ្ជាការកងឯកភាពស៊ើបការណ៍យោធារបស់ថៃ បានបញ្ជាឱ្យកងវរសេនាតូចស៊ើបការណ៍យោធា ធ្វើការត្រួតពិនិត្យស្ថានភាពត្រៀមប្រយុទ្ធរបស់កងអនុសេនាធំស៊ើបការណ៍យោធា ដើម្បីរៀបចំកម្លាំងទាហាន អាវុធ យុទ្ធភណ្ឌ និងយានជំនិះឱ្យមានភាពត្រៀមខ្ពស់សម្រាប់បំពេញបេសកកម្មរបស់កងទ័ពជើងគោក។

កងអនុសេនាធំស៊ើបការណ៍យោធារបស់ថៃ មានបេសកកម្មសំខាន់ក្នុងការប្រមូលព័ត៌មាន និងឃ្លាំមើលសមរភូមិ ដើម្បីផ្តល់ការគាំទ្រដល់ឯកភាពប្រតិបត្តិការយុទ្ធសាស្ត្រ។ ឧត្តមសេនីយ៍ទោ ធីរ៉ានន បានផ្តល់មតិមួយផ្នែកដល់កម្លាំងទាហានថា៖ «យើងគឺជាកងអាមាត្យ ដែលបន្តបេសកកម្មតាំងពីសម័យបុរាណ។ សូមឱ្យយើងមានមោទនភាពក្នុងនាមជាទាហានស៊ើបការណ៍ ដែលទទួលខុសត្រូវប្រមូលព័ត៌មាន។ កាលពីអតីតកាល កងអាមាត្យ មានសមត្ថភាពក្នុងការស៊ើបការណ៍ និងចារកម្ម ព្រមទាំងមានអាគមអក្ខរៈ។» «សព្វថ្ងៃ ទោះបីយើងគ្មានអាគមអក្ខរៈក៏ដោយ ប៉ុន្តែយើងមានឧបករណ៍ពិសេស និងប្រព័ន្ធអេឡិចត្រូនិកទំនើប។ ដូច្នេះ យើងគឺជាភ្នែក និងត្រចៀកនៃសមរភូមិ។ ខ្ញុំសូមឱ្យយើងទាំងអស់គ្នាមានភ្នែកមុតស្រួចដូចឥន្ទ្រី និងត្រចៀកវៃដូចទីទុយ។»

ឧត្តមសេនីយ៍ទោ ធីរ៉ានន ក៏បានសង្កត់ធ្ងន់ និងបញ្ជាលើការរក្សាវិន័យទាហាន និងការបង្ហាញរូបភាពល្អរបស់កងទ័ពជើងគោករបស់ថៃ។ លោកបានជំរុញឱ្យប្រកាន់ខ្ជាប់នូវឧត្តមគតិ កិត្តិយស និងភាពថ្លៃថ្នូររបស់ទាហានអាជីព ព្រមទាំងត្រៀមខ្លួនជានិច្ចដើម្បីបំពេញបេសកកម្មភ្លាមៗនៅពេលទទួលបានបទបញ្ជា៕

អត្ថបទ ៖ គីម ណារ៉ាក់