ពើបស្នេហ៍វ័យចំណាស់ ឆៃលី ដាឡែន បង្កើបក្នុងថ្ងៃមង្គលថា “ផ្អាកសិល្បៈសិន ព្រោះរវល់ក្នុងហាង”
- 2025-07-18 06:21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពើបស្នេហ៍វ័យចំណាស់ ឆៃលី ដាឡែន បង្កើបក្នុងថ្ងៃមង្គលថា “ផ្អាកសិល្បៈសិន ព្រោះរវល់ក្នុងហាង”
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែងវ័យ ៤៥ឆ្នាំ ឆៃលី ដាឡែន ទើបបង្ហាញមុខគូជីវិតថ្មីលើទឹកដីសហរដ្ឋអាមេរិក ក្នុងថ្ងៃមង្គលដ៏សាមញ្ញមួយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ អមជាមួយរូបថតជាច្រើនសន្លឹកទាំងស្វាមី និងតារាស្រីរូបនេះ សុទ្ធតែបង្ហាញបេះដូងស្រឡាញ់គ្នាទៅវិញទៅមក រហូតពាក្យពេចន៍ខ្លះធ្វើឲ្យហ្វេនៗច្រណែនទៀតផង។
តាមរយៈ Sabay នៅថ្ងៃទី១៨ ខែកក្កដា នេះ អ្នកនាង ឆៃលី ដាឡែន បញ្ជាក់ថា រយៈពេលជាង ១ឆ្នាំហើយ ដែលអ្នកនាងបានទៅរស់នៅអាមេរិក ហើយការងារសិល្បៈទាំងនៅស្រុកខ្មែរ និងនៅអាមេរិក ត្រូវផ្អាកបន្ដិចសិន ព្រោះរវល់នឹងការងារក្នុងហាងដូណាត់ជាមួយស្វាមី។ ធ្លាប់ប្រឡូកក្នុងអាជីពច្រៀង និងសម្ដែងតាំងពីឆ្នាំ២០០២ មិនអាចធ្វើឲ្យអ្នកនាងបោះបង់អាជីពនេះបានឡើយ ដោយគិតថា ក្នុងថ្ងៃជាក់លាក់ណាមួយអ្នកនាងត្រូវវិលចូលអាជីពនេះវិញ ហើយភាគច្រើនទទួលការងារនៅអាមេរិក ដើម្បីមានឱកាសបានគ្រប់គ្រងហាងដូណាត់ជាមួយស្វាមីផង និងចង់បង្កើតក្ដីសុខ សុភមង្គលកាន់តែខ្លាំងផង។
ឆៃលី ដាឡែន៖ “ថ្ងៃនេះហើយ ជាថ្ងៃមង្គលរបស់ខ្ញុំ(១៧ កក្កដា) ខ្ញុំមកស្រុកអាមេរិកនេះជាង ១ឆ្នាំហើយ ហើយទើបរៀបការនៅថ្ងៃនេះ។ ខ្ញុំនៅតែនឹករលឹកដល់ពុកម៉ែបងប្អូន ហ្វេនៗ ដែលស្រឡាញ់គាំទ្រខ្ញុំតាំងពីក្មេង រហូតដល់ចាស់”។
បើទោះបីជា ឆៃលី ដាឡែន មិនចង់បង្ហាញរដ្ឋដែលខ្លួនរស់នៅ និងកំពុងដំណើរការអាជីវកម្មក្នុងហាងលក់នំដូណាត់នៅក្នុងរដ្ឋមួយណា នៃសហរដ្ឋអាមេរិក និងក្ដីស្រឡាញ់របស់ស្វាមីចំពោះខ្លួន ប៉ុន្ដែនៅលើបណ្ដាញសង្គមឃើញបុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Ally Soth បានបង្ហោះសារជាមួយរូបថតថ្ងៃមង្គលជាច្រើនសន្លឹកជាមួយអ្នកនាង ឆៃលី ដាឡែន។
លើសពីទង្វើ និងពាក្យសម្ដីផ្ទាល់មាត់ Ally Soth បានបង្ហាញបេះដូងពោរពេញដោយក្ដីស្រឡាញ់ចំពោះអ្នកនាង ឆៃលី ដាឡែនថា ចាប់ផ្តើមដំណើរជីវិតថ្មីជាមួយគ្នាអូនសម្លាញ់ ទន្ទឹងរង់ចាំបញ្ហាប្រឈមថ្មីៗ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយអូន។
បើតាមគណនីហ្វេសប៊ុកដដែល Ally បញ្ជាក់ថា ខ្លួនមិនអាចបរិយាយពីអារម្មណ៍ និងក្ដីស្រឡាញ់ពិតចំពោះភរិយាឡើយ ដោយរង់ចាំរាល់ពេលដែលភរិយាសួរថា បងស្រឡាញ់អូនទេ?
លោកនឹងឆ្លើយដដែលៗថា៖ “ម្សិលមិញ ថ្ងៃនេះ ថ្ងៃស្អែក និងរហូតដល់ជាតិក្រោយ នឹងនៅតែស្រឡាញ់អូន”៕