ខ្សែ​ការ​ពារ​ថ្លៃ​បំផុត​របស់ Man City សួរ​ទៅ EA Sports ថា៖ "តើ​អ្នក​ឯង​មាន​ទូរទស្សន៍​មើល​ទេ?”

  • 2017-09-15 13:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការ​ពារ​ថ្លៃ​បំផុត​លើ​លោក Benjamin Mendy របស់​ក្លឹប​យក្ស​ពណ៌​ផ្ទៃ​មេឃ Manchester City បាន​បោះ​ពាក្យ​សំដី ទៅ​ក្រុម​ហ៊ុន​ហ្គេម EA Sports ដែល​ទើប​តែ​ចេញ​ហ្គេម​បាល់​ទាត់ FIFA 18 ដោយ​ចោទ​ជា​សំណួរ​ថា​តើ​ក្រុមហ៊ុន​មួយ​នេះ​មាន​ទូរទស្សន៍​សម្រាប់​មើល​ទេ បន្ទាប់​ពី EA Sports បាន​ផ្ដល់​កម្រិត​ដល់​ខ្សែ​ការពារ​ស្លាប​ឆ្វេង​មួយ​នេះ​ត្រឹម​តែ ៧៨​។

  កីឡាករ​សញ្ជាតិ​បារាំង Mendy បាន​បង្ហោះ​ក្នុង​គណនី​ផ្លូវការ Twitter របស់​ខ្លួន​ក្នុង​ន័យ​ចំអក​ទៅ​ក្រុម​ហ៊ុន​ហ្គេម​ដ៏​ធំ​មួយ​នេះ​ថា ៖ "ហាហា តើ​អ្នក​ឯង​អត់​មាន​ទូរទស្សន៍​សម្រាប់​មើល​ទេ កាល​ឆ្នាំ​មុន @EASPORTSFIFA? តែ ៧៨​ទេ?” ការ​ថ្លែង​ចំអក​របស់​ខ្សែ​ការពារ​វ័យ ២៣​នេះ​ ចង់​មាន​ន័យ​ថា​ខ្លួន​គួរ​តែ​ត្រូវ​បាន​ក្រុមហ៊ុន​ហ្គេម​មួយ​នេះ​ឲ្យ​កម្រិត​ខ្ពស់​ជាង​នេះ​ ក្នុង​ហ្គេម​បាល់​ទាត់​ថ្មី FIFA 18 បន្ទាប់​ពី​ខ្លួន​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ កាល​ពី​រដូវ​កាល​មុន​រហូត​ដល់​ជួយ​ឲ្យ​ក្លឹប Monaco លើក​ពាន​លីគ​កំពូល​បារាំង និង​ជួយ​ក្លឹប​យក្ស​បារាំង​មួយ​នេះ​លេង​បាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ​ការ​ប្រកួត​បាល់ទាត់​កំពូល​អឺរ៉ុប Champions League មុន​នឹង​ធ្វើ​ការ​ផ្ទេរ​មក​ក្លឹប​យក្ស​អង់គ្លេស Manchester City  កាល​ពី​ពេល​កក្កដា​កន្លង​មក​នេះ។

ខ្សែ​ការពារ​ស្លាប​ឆ្វេង Benjamin Mendy មាន​ទម្រង់​លេង​ល្អ​យ៉ាង​ខ្លាំង​កាល​ពី​រដូវ​កាល​មុន រហូត​ត្រូវ​បាន​ក្លឹប Manchester City ទិញ​ពី ក្លឹប Monaco ​កាល​ពី​ខែ​កក្កដា ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៥២​លាន​ផោន បំបែក​កំណត់​ត្រា​ក្លាយ​ជា​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​ក្នុង​កំណត់​ត្រា​បាល់​ទាត់៕

ប្រភព៖ The Sun   ប្រែសម្រួល៖ ហ៊ីម រស្មី