គ្រាន់​តែ​ចេះ​បក​ស្លា មិន​ខ្វះ​ទេ​លុយ​ចាយ​!

  • 2017-09-16 14:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«គ្រាន់តែ​ចេះ​បក​ស្លា មិន​ខ្វះ​ទេ​លុយ​ចាយ» នេះ​ជា​អ្វី​ដែល​ក្មេង​ៗ នៅ​ក្នុង​ភូមិ​មួយ​ចំនួន ក្នុង​ឃុំ​ជប់ ស្រុក​ត្បូង​ឃ្មុំ ប្រាប់​អ្នក​យក​ព័ត៌មាន​សប្បាយ។ ឃុំ​ជប់ ជា​ឃុំ​មួយ​ដែល​សម្បូរ​ចម្ការ​ស្លា​ច្រើន​ជាង​គេ នៅ​ក្នុង​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ។ ទន្ទឹមគ្នា​នេះ រដូវ​ដែល​គេ​អាច​ប្រមូល​ផល​ស្លា​បាន គឺ​ចន្លោះ​ពី​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា​។

កុមារី ជឹង ស្រី​ណាត់ អាយុ១​៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៦ នៃ​សាលា​បឋម​សិក្សា​៧​មករា ឃុំ​ជប់ និយាយ​ថា នាង​​ស៊ី​ឈ្នួល​បក​ស្លា​ឱ្យ​គេ បាន​៤​ឆ្នាំ​ហើយ។ ក្នុង​មួយ​ថ្ងៃ​ៗ នាង​អាច​បក​បាន ពី​១​ពាន់ ទៅ ៥​ពាន់​គ្រាប់ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ពី ៥​ពាន់​រៀល ទៅ​២ម៉ឺន​៥​ពាន់​រៀល។  នៅ​ពេល​វ៉ាកង​នេះ នាង​មក​បក​ស្លា​ឱ្យ​គេ​រាល់​ថ្ងៃ តែ​ពេល​ចូល​រៀន​វិញ នាង​បក​តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​។ ឯ​ប្រាក់​ដែល​នាង​រក​បាន គឺ​យក​ទៅ​ឱ្យ​ឪពុក​សន្សំ​ទុក។​

ដូច​គ្នា​នេះ​ដែរ កុមារី តី ពិសី អាយុ​១១​ឆ្នាំ ដែល​កំពុង​បក​ស្លា​នៅ​ផ្ទះ​មួយ​ផ្សេង​ទៀត ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​មួយ​ថ្ងៃ​ៗ​នាង បក​បាន​ពី ៥០០ ទៅ ៨០០​គ្រាប់ ហើយ​ក្នុង​មួយ​គ្រាប់​នាង​ទទួល​បាន​ប្រាក់​ឈ្នួល ៦០​រៀល។  ពិសី ថា ការ​បក​ស្លា​នេះ មាន​ភាព​ងាយ​ស្រួល ធ្វើ​ការ​ក្នុង​ម្លប់ និង​ទទួល​បាន​លុយ​ភ្លាម​ៗ​។ លុយ​ដែល​នាង​ទទួល​បាន គឺ​ទុក​សម្រាប់​ទិញ​សម្ភារៈ​សិក្សា និង សម្លៀក​បំពាក់​។

ដោយ​ឡែក អ្នក​ស្រី សាំង សារិ អាយុ​៤៥​ឆ្នាំ អ្នក​រក​ស៊ី​ម៉ៅ​ចម្ការ​ស្លា និង ផលិត​ស្លា​ក្រៀម នៅ​ឃុំ​ជប់ បាន​ឱ្យ​ដឹង​ថា  បន្ទាប់​ពី​បេះ​ផ្លែ​ស្លា​រួច​ហើយ អ្នក​ស្រី​ត្រូវ​ជួល​ក្មេង​ៗ ឬ​មនុស្ស​ធំ​ដែល​ទំនេរ​ ឱ្យ​មក​ជួយ​បក​សម្បក​ស្លា ដោយ​ឱ្យ​ថ្លៃ​ឈ្នួល​មួយ​គ្រាប់​ពី ៥០ ទៅ ៦០ រៀល។  ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី ទទួល​បាន​គ្រាប់​ស្លា​ដែល​បក​សម្បក​ស្អាត​ជា​ច្រើន​ម៉ឺន​គ្រាប់។  ទាក់​ទង​នឹង​ការ​ជួល​ក្មេងៗ​មក​បក​ស្លា​នេះ អ្នក​ស្រី និយាយ​ថា ការ​បក​សម្បក​ស្លា ជា​ការ​ងារ​ស្រាល​ដែល​ក្មេងៗ​អាច​ធ្វើ​បាន  ហើយ​អាច​ឱ្យ​ពួក​គេ​ដឹង​ពី​តម្លៃ​លុយ  ចេះ​រក​លុយ និង​សន្សំ​លុយ ដែល​បាន​មក​ពី​កម្លាំង​ពល​កម្ម​របស់​ខ្លួន​ផ្ទាល់៕  

អត្ថបទ៖ ឃុត សុខឿន

អត្ថបទពេញនិយម