ប្រទេស​ទាំង១៥​ ដែល​ម្ដាយ​ឪពុក​ចាយ​លុយ​ច្រើន​ជាង​គេ​លើ​ការ​រៀន​សូត្រ​របស់​កូន​ខ្លួន

  • 2017-09-20 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អប់រំ​ជា​វិស័យ​យ៉ាង​សំខាន់​ដែល​ធានា​ការ​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះ​ដឹង​របស់​មនុស្ស។ ដូច្នេះ​ហើយ​ទើប​ឪពុក​ម្ដាយ​ភាគ​ច្រើន​ក្នុង​ពិភពលោក សុខ​ចិត្ត​ចំណាយ​ធន​ធាន​លុយ​កាក់​របស់​ខ្លួន​លើ​ការ​សិក្សា​របស់​ខ្លួន​ក្នុង​ន័យ​សង្ឃឹម​ថា​ការ​វិនិយោគ​មួយ​នេះ នឹង​ធ្វើ​ឲ្យ​កូន​ខ្លួន​មាន​អនាគត​ល្អ។

បើ​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ HSBC បាន​បង្ហាញ​នូវ​ប្រទេស​ចំនួន ១៥ ដែល​ឪពុក​ម្ដាយ​ចំណាយ​លុយ​ច្រើន​ជាង​គេ​លើ​ពិភពលោក​ទៅ​លើ​ការ​សិក្សា​របស់​កូន​ៗ​ខ្លួន ដោយ​ផ្អែក​លើ​ការ​ចំណាយ​ជា​មធ្យម​ពី​ថ្នាក់​បឋម​សិក្សា រហូត​ដល់​ចប់​ថ្នាក់​មហាវិទ្យាល័យ ដែល​មាន​ដូច​ត​ទៅ៖

១៥.ប្រទេស​បារាំង៖ ១៦ ៧០៨​ដុល្លារ

១៤.ប្រទេស​អេហ្ស៊ីប៖ ១៦ ៨៦៣​ដុល្លារ

១៣.ប្រទេស​ឥណ្ឌូណេស៊ី៖ ១៨ ៤៣៣​ដុល្លារ

១២.ប្រទេស​ឥណ្ឌា៖ ១៨ ៩០៩​ដុល្លារ

១១.ប្រទេស​កាណាដា៖ ២២ ៦០២​ដុល្លារ

១០.ប្រទេស​ម៉ិកស៊ិក៖ ២២ ៨១២​ដុល្លារ

៩.​ចក្រភព​អង់គ្លេស៖ ២៤ ៨៦២​ដុល្លារ

៨.ប្រទេស​ម៉ាឡេស៊ី៖ ២៥ ៤៧៩​ដុល្លារ

៧.ប្រទេស​អូស្ត្រាលី៖ ៣៦ ៤០២​ដុល្លារ

៦.ប្រទេស​ចិន៖ ៤២ ៨៩២​ដុល្លារ

៥.កោះ​តៃវ៉ាន់៖ ៥៦ ៤២៤​ដុល្លារ

៤.សហរដ្ឋអាមេរិក៖ ៥៨ ៤៦៤​ដុល្លារ

៣.ប្រទេស​សិង្ហបុរី៖ ៧០ ៩៣៩​ដុល្លារ

២.សហភាព​អារ៉ាប​រួម៖ ៩៩ ៣៧៨​ដុល្លារ

១.ហុងកុង៖ បើ​ទោះ​ជា​ទឹក​ដី​មួយ​នេះ​ស្ថិត​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ក៏​ដោយ ប៉ុន្តែ​ទំហំ​ទឹក​ប្រាក់​ដែល​ឪពុក​ម្ដាយ​រស់​នៅ​ទី​នោះ​ចំណាយ​ជា​មធ្យម​លើ​ការ​រៀន​សូត្រ​កូន​ពី​ថ្នាក់​បឋម ដល់​ចប់​មហាវិទ្យាល័យ​មាន​រហូត​ដល់​ទៅ ១៣២ ១៦១​ដុល្លារ ដែល​ទិន្នន័យ​នេះ​វា​ស្មើ​នឹង​ជាង​ ៣​ដង នៃ​ទឹក​ប្រាក់​ដែល​ឪពុក​ម្ដាយ​នៅ​ប្រទេស​ចិន​បាន​ចំណាយ។

តាម​ចំណាត់​ថ្នាក់​នេះ មាតា​បិតា​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ជា​ច្រើន​ បាន​ចាយ​លុយ​ច្រើន​លើ​ការ​រៀន​សូត្រ​របស់​កូន​ៗ​របស់​ខ្លួន ខណៈ​មាន​តែ​ប្រទេស​ពីរ​ប៉ុណ្ណោះ​មក​ពី​ទ្វីប​អឺរ៉ុប​ គឺ​បារាំង និង​អង់គ្លេស​ដែល​បាន​ជាប់​ក្នុង​បញ្ជី​នេះ។ ឪពុក​ម្ដាយ​ក្នុង​ទឹកដី​ហុងកុង បាន​ចំណាយ​ប្រាក់​ជា​មធ្យម​ច្រើន​ជាង​គេ​លើ​ពិភព​លោក លើ​ការ​សិក្សា​របស់​កូន​ខ្លួន ខណៈ​ប្រទេស​ឈរ​លេខ​រៀង​បន្ទាប់​គឺ​សហភាព​អារ៉ាប់​រួម​ដែល​ជា​ប្រទេស​មជ្ឈិម​បូព៌ា​តែ​មួយ​គត់​ជាប់​ក្នុង​ចំណាត់​ថ្នាក់​នេះ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ មិន​មាន​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​គោក​ណា​មួយ​មាន​វត្តមាន​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំង​នេះ​ទេ ពោល​គឺ​មាន​តែ​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​ប៉ុណ្ណោះ​មាន​ដូច​ជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី ខណៈ​សិង្ហបុរី​នេះ​ផង​ដែរ ​ឈរ​ជាប់​រហូត​ដល់​ទៅ​លេខ ៣​ក្នុង​បញ្ជី​មួយ​នេះ៕

ប្រភព៖ weforum   ប្រែ​សម្រួល៖ ហ៊ីម រស្មី