មក​មើល​​ការ​វិវត្ត​ Logo ​របស់​ក្លឹប​ធំៗ​ក្នុង​លីគ​កំពូល​អង់គ្លេស​

  • 2017-09-20 07:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និមិត្ត​សញ្ញា ឬ​ Logo ​តំណាង​របស់​ក្លឹប​ជា​អត្តសញ្ញាណ​មួយ​យ៉ាង​សំខាន់​ ប៉ុន្តែ​អ្វីៗ​តែង​តែ​​ប្រែ​ប្រួល​ចៀស​មិន​ផុត​នោះ​ទេ។ ដូច​គ្នា​ និមិត្តសញ្ញា​របស់​ក្លឹប​បាល់ទាត់​ធំ​ៗ​ទាំង​៦​ក្នុង​លីគ​កំពូល​អង់គ្លេស​​ក៏​មាន​ការ​វិវត្ត​ពី​មួយ​ដំណាក់​កាល​ ទៅ​មួយ​ដំណាក់​កាល​រហូត​ដល់​ Logo ដែល​ប្រិយ​មិត្ត​បាល់​ទាត់​ស្គាល់​រាល់​ថ្ងៃ ដែល​ការ​ប្រែ​ប្រួល​នោះ​មាន​ដូច​ត​ទៅ៖

១ Arsenal៖ និមិត្តសញ្ញា​តំណាង​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ​ មាន​ការ​ប្រែ​ប្រួល​ធំៗ​៣​ដង។ ​ដំបូង​ Logo ក្លឹប​នេះ​មាន​រូប​កាំភ្លើង​ធំ​ចំនួន​៣ ក្រោយ​មក​សញ្ញា​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ជា​កាំ​ភ្លើង​ធំ​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​បែរ​ទៅ​ឆ្វេង។ យ៉ាង​ណា​ ​ឆ្នាំ​១៩៤៩ ​រូប​សញ្ញា​កាំភ្លើង​ធំ​​នេះ​ត្រូវ​បាន​ប្តូរ​ឲ្យ​​បែរ​ទៅ​ស្កាំ​វិញ​ ដែល​ប្រិយ​មិត្ត​ស្គាល់​រាល់​ថ្ងៃ​នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០២ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​រហូត​ដល់​សព្វ​ថ្ងៃ។

២ Chelsea៖ រូប​សញ្ញា​ក្លឹប​នេះ​មាន​ការ​វិវត្ត​ធំៗ​៤​ដង។ ដំបូង​មាន​រូប​មនុស្ស​ចាស់​ ក្រោយ​មក​ប្ដូរ​ជា​រូប​ជា​តោ​ខៀវ​ក្នុង​អំឡុង​ឆ្នាំ ១៩៥០ ហើយ​ត្រូវ​បាន​កែ​ម្ដង​ទៀត​ក្នុង​ឆ្នាំ ១៩៨៦ ដោយ​ប្ដូរ​ទៅ​ជា​រូប​តោ​ខៀវ​លាយ​ក្រហម​ជាមួយ​នឹង​អក្សរ CFC។ ទើប​តែ​ឆ្នាំ ២០០៥ ប៉ុណ្ណោះ​ដែល​ក្លឹប​នេះ​ប្ដូរ​និមិត្តសញ្ញា​របស់​ខ្លួន​មក​និមិត្តសញ្ញា​សព្វ​ថ្ងៃ។

៣.Liverpool៖ រូប​ហង្ស​ជា​និមិត្តសញ្ញា​សម្រាប់​ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ១៨​សម័យ​មួយ​នេះ​តាំង​ក្លឹប​នេះ​កកើត​មក​ក្នុង​ឆ្នាំ ១៨៩២។ ​ឆ្នាំ ១៩៨០ ក្លឹប​នេះ​បាន​ធ្វើ​ការ​កែ​ប្រែ​និមិត្តសញ្ញា​តំណាង​ក្លឹប​របស់​ខ្លួន​​ដោយ​រក្សា​ទុក​រូប​ហង្ស​ឲ្យ​នៅ​ដដែល​ ប៉ុន្តែ​បន្ថែម​ខែល និង​សរសេរ​ឈ្មោះ​ពេញ​របស់​ក្លឹប។ ដើម្បី​រំលឹក​ដល់​អ្នក​គាំទ្រ​ក្លឹប​មួយ​នេះ​ដែល​បាន​ស្លាប់​ក្នុង​សោកនាដកម្ម​ Hillsborough។ ក្នុង​អំឡុង​ឆ្នាំ ១៩៩០ ក្លឹប​ហង្ស​ក្រហម​បាន​បន្ថែម​ពាក្យ​ថា You'll Never Walk Alone នៅ​ពី​លើ​រូប​ហង្ស​ ដែល​និមិត្តសញ្ញា​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​រហូត​ដល់​សព្វ​ថ្ងៃ។

៤-Manchester City

ដំបូង​ក្លឹប​នេះ យក​និមិត្តសញ្ញា​របស់​ទី​ក្រុង Manchester មក​ធ្វើ​ជា​និមិត្តសញ្ញា​តំណាង​របស់​ក្លឹប។ អំឡុង​សតវត្ស​ទី​២០ ក្លឹប​មួយ​នេះ​បាន​កែ​ប្រែ​ទៅ​ជា​ Logo ដែល​មាន​រាង​រង្វង់ និង​មាន​រាង​រៅ​ស្រដៀង​នឹង​និមិត្តសញ្ញា​តំណាង​សព្វ​ថ្ងៃ។ ក្នុង​ឆ្នាំ ១៩៩៨​ក្លឹប​មួយ​នេះ​បាន​ធ្វើ​ការ​កែ​ប្រែ​និមិត្តសញ្ញា​របស់​ខ្លួន​ម្ដង​ទៀត​ទៅ​ជា​រូប​ឥន្ទ្រី ប៉ុន្តែ​​​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ​បាន​ប្ដូរ​ទៅ​ប្រើ​និមិត្តសញ្ញា ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​និមិត្តសញ្ញា​របស់​ក្លឹប​ដែល​ប្រើ​ក្នុង​អំឡុង​សតវត្ស​ទី ២០។

៥.Manchester United៖ ដូច​ក្លឹប Manchester City ដែរ ក្លឹប​មួយ​នេះ​ក៏​បាន​ប្រើ​និមិត្តសញ្ញា​របស់​ទីក្រុង Manchester ដើម្បី​តំណាង​ក្លឹប​របស់​ខ្លួន។ ក្រោយ​មក​ក្នុង​អំឡុង​ឆ្នាំ ១៩៦០ ក្លឹប​មួយ​នេះ​បាន​កែ​ប្រែ​និមិត្តសញ្ញា​របស់​ខ្លួន​ទៅ​ជា​និមិត្តសញ្ញា​ដែល​មាន​នៅ​ក្នុង​រូប (កណ្ដាល​ឆ្វេង)។ ក្នុង​អំឡុង​ឆ្នាំ ១៩៨០ រូប​បិសាច​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ចំ​កណ្ដាល​និមិត្តសញ្ញា​របស់​ក្លឹប​មួយ​នេះ ហើយ​ក្នុង​ឆ្នាំ ១៩៩៨ ពាក្យ​ Football Club ត្រូវ​បាន​លុប​ចោល ពី​និមិត្តសញ្ញា​របស់​ក្លឹប​មួយ​នេះ ហើយ​និមិត្តសញ្ញា​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​រហូត​ដល់​សព្វ​ថ្ងៃ។

៦.Tottenhem Hotspurs៖ រូប​មាន់​ឈរ​លើ​បាល់​ជា​អត្តសញ្ញាណ​យ៉ាង​សំខាន់​របស់​ក្លឹប​មួយ​នេះ។ ដំបូង​ក្លឹប​មួយ​នេះ​មាន​និមិត្តសញ្ញា​តែ​មាន់​ឈរ​លើ​បាល់​ដែល​ស្រដៀង​នឹង​និមិត្តសញ្ញា​បច្ចុប្បន្ន តែ​ក្រោយ​មក​ត្រូវ​បាន​កែ​ដោយ​ថែម​ខែល និង​រូប​តោ ក្នុង​អំឡុង​ឆ្នាំ ១៩២០ តែ​ក្រោយ​មក​ ក្នុង​កំឡុង​ឆ្នាំ​១៩៨០ រូប​ខែល​ត្រូវ​បាន​លុប​ចោល ហើយ​ក្នុង​ឆ្នាំ ២០០៦ ក្លឹប​បាន​រក្សា​ទុក​តែ​រូប​មាន់​ឈរ​លើ​បាល់​ ជាមួយ​នឹង​ឈ្មោះ​ក្លឹប​ប៉ុណ្ណោះ ដែល​ជា​និមិត្តសញ្ញា​តំណាង​ក្លឹប​ Spurs រហូត​ដល់​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី