Apple ថា iPhone X ថ្លៃ ១០០០ ដុល្លារ ជាតម្លៃសមនឹងគុណតម្លៃ
- 2017-09-25 01:51:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ថា iPhone X ថ្លៃ ១០០០ ដុល្លារ ជាតម្លៃសមនឹងគុណតម្លៃ
ចន្លោះមិនឃើញ
iPhone X ជា iPhone ដែលមានតម្លៃថ្លៃជាងគេក្នុងសែស្រឡាយ iPhone ដែលមានតម្លៃចាប់ផ្ដើមពី ៩៩៩ ដុល្លារឯណោះ។ ទាក់ទងនឹងតម្លៃនេះដែរលោក Tim Cook នាយកប្រតិបត្តិ Apple បានឆ្លើយថាវាការកំណត់តម្លៃដែលសមនឹងគុណតម្លៃរបស់ iPhone X។
នេះជាការលើកឡើងក្នុងកិច្ចសម្ភាសន៍ធ្វើឡើងកាលពីថ្មីៗនេះជាមួយនឹងសារព័ត៌មាន ABC News។ លោក Tim Cook បានបកស្រាយថា ៖ "និយាយទៅ វាជាតម្លៃដែលសមនឹងគុណតម្លៃសម្រាប់បច្ចេកវិទ្យាដែលអ្នកទទួលបាន ហើយដូចដែលអ្នកដឹងហើយថាពេលនេះមនុស្សភាគច្រើនចាប់ផ្ដើមទិញទូរសព្ទតាមការបង់រំលស់ ដោយមានតិចតួចណាស់ចំណាយលុយទាំងដុលទៅទិញនោះ។ មិនតែប៉ុណ្ណោះភាគច្រើនគេយកទូរសព្ទចាស់ មកដូរយកទូរសព្ទថ្មី ហេតុនេះជួយកាត់បន្ថយតម្លៃបានមួយកម្រិត ហើយក្រុមហ៊ុនសេវាទូរសព្ទខ្លះមានការលក់បញ្ចុះតម្លៃទៀតផង"។
នាយកប្រតិបត្តិដែលស្នងតំណែងពីលោក Steve Jobs នេះបន្ថែមទៀតថា ៖ "ការលក់ផលិតណាមួយឲ្យបានច្រើនមិនមែនជាគោលដៅរបស់ Apple នោះទេ។ គោលដៅរបស់យើងមិនមែនចង់បានចំណូលច្រើន។ គោលដៅរបស់យើងគឺចង់ផលិតផលិតផលល្អឥតខ្ចោះដែលជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្ស។ ពួកយើងចង់ជួយមនុស្ស”។
គួររំលឹកថា Apple ទើបបញ្ចេញលក់ iPhone 8 និង 8 Plus ជាផ្លូវការកាលពីសប្ដាហ៍មុន ប៉ុន្តែគេកត់សម្គាល់ឃើញថាមិនសូវទទួលបានការគាំទ្រខ្លាំងប៉ុន្មានទេ។ នេះបង្ហាញឲ្យឃើញថាអ្នកប្រើប្រាស់ភាគច្រើនកំពុងរង់ចាំវត្តមាន iPhone X ដែលចេញលក់នៅខែវិច្ឆិកា៕
ចុចអាន៖