រុស្ស៊ី​ផលិត​បាន​​ទូរសព្ទ​មាន​ខែល​ការពារ​ពិសេស​តម្លៃ​ជាង​ ២០០ ​ដុល្លារ​ប៉ុណ្ណោះ​

  • 2017-09-25 12:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ស្មាតហ្វូន​នេះ​នៅ​ក្នុង​ដៃ​អ្នក​ប្រើ​ប្រាស់​លែង​បារម្ភ​ពី​ការ​ Hack លួច​ស្តាប់​ការ​សន្ទនា​ទៀត​ឡើយ​ព្រោះ​វា​មាន​ការ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​ក្រុមហ៊ុន​រុស្ស៊ី។

នៅ​ឯ​វេទិកា​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​មូស្គូ​ ​កាល​ពី​ថ្ងៃ​សុក្រ ​អ្នក​ស្រី​ Natalya Kaspersky ​បាន​បង្ហាញ​​ TaigiaPhone ដែល​ជា​ម៉ាក​ទូរស័ព្ទ​ជំនាន់​ថ្មី​តម្លៃ​ ២៦០ ​ដុល្លារ។ ​អតីត​សហ​ស្ថាបនិក​ ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កម្ចាត់​មេរោគ​កុំព្យូទ័រ​ Kaspersky Lab​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ជាន់​ខ្ពស់​ក្រុមហ៊ុន​អភិវឌ្ឍ​ Software​ InfoWatch Group ​និយាយ​ថា ​ពេល​នេះ​អស់​ក្ដី​បារម្ភ​ចំពោះ​ជនជាតិ​រុស្ស៊ី​ដែល​ភ័យ​ខ្លាច​ថា​មាន​អ្នក​កំពុង​លួច​ស្តាប់​ការ​សន្ទនា​របស់​ពួកគេ​ព្រោះ​យើង​បាន​ផលិត​ទូរសព្ទ​ “TaigiaPhone” អាច​ការពារ​ការ​តាមដាន​ពី​សំណាក់​ក្រុម​ Hacker ​ដូចជា​ការ​លួច​ស្តាប់​ រក​ទីតាំង​ និង​លួច​ទិន្នន័យ​ជាដើម។

ក្រុមហ៊ុន​ InfoWatch ​មិន​បាន​បញ្ជាក់​ពី​លក្ខណៈ​លម្អិត​របស់​ TaigiaPhone ​ទេ​ក្រៅ​ពី​ទំហំ​​អេក្រង់​ ៥ អ៊ីញ​ ​និង​ពាក្យ​ Taigia ​តំណាង​ឱ្យ​ព្រៃ​នៅ​ភាគ​ខាង​ជើង​ប្រទេស​រុស្ស៊ី។​ សហគ្រិន​បច្ចេកវិទ្យា​វ័យ​ ៥១ ​ឆ្នាំ​លោក​ស្រី​ Natalya Kaspersky និយាយ​ថា​ យើង​បង្កើត​វា​សម្រាប់​ទីផ្សារ​អាជីវកម្ម។ ក្រុមហ៊ុន​ InfoWatch ​ចង់​លក់​ TaigiaPhone ​ឱ្យ​ក្រុមហ៊ុន​រុស្ស៊ី​ក្នុង​តម្លៃ​ចន្លោះ​ពី​ ២០៩ ​ដុល្លារ​ ទៅ​ ២៦០ ​ដុល្លារ​ពោល​គឺ​ថោក​ជាង​ iPhone ​របស់​ Apple ​លក់​ក្នុង​រុស្ស៊ី​ដល់​ទៅ​ ៥ ​ដង​ឯណោះ​។

គួរ​បញ្ជាក់​ថា​ TaigiaPhone ​មិន​មែន​ជា​ផលិត​ផល​របស់​រុស្ស៊ី​លើក​ទី​ ១ ​នោះ​ទេ​ពោល​រុស្ស៊ី​ធ្លាប់​ផលិត​ទូរសព្ទ​អេក្រង់​ភ្លោះ​មុខ​-​ក្រោយ​ Yotaphone ​កាល​ពី​ឆ្នាំ​ ២០១៣ ​និង​ម៉ូដែល​ Yotaphone2 ​និង​ Yotaphone 3 ​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ​ ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សិរីបុទ្រ​