មហា​សេដ្ឋី​ Bill Gates ​សុខ​ចិត្ត​ដូរ​ប្រើ​ Android មិន​​ខ្ចី​ប្រើ​ iPhone

  • 2017-09-26 03:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​ Fox News Sunday របស់​ទូរទស្សន៍​ Fox មហាសេដ្ឋី​មាន​ជាង​គេ​ក្នុង​លោក​ លោក​ Bill Gates បាន​សារភាព​ថា​បាន​ប្ដូរ​ពី​ទូរសព្ទ​ Windows មក​ប្រើ​ទូរសព្ទ​ Android វិញ​ហើយ។

ស្ថាបនិក​ក្រុមហ៊ុន​ Microsoft រូប​នេះ​​បាន​លើក​ឡើង​ថា​​គាត់​នៅ​តែ​ប្រើ​ប្រាស់​កុំព្យូទ័រ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ហើយ​​ថ្មីៗ​នេះ​គាត់​បាន​ប្ដូរ​មក​ប្រើ​ទូរសព្ទ​ Android វិញ​​ ដោយ​ថា​ទូរសព្ទ​ Android មាន​កម្មវិធី​ (Software) Microsoft ច្រើន។ លោក​ Chris Wallace ដែល​ជា​អ្នក​សម្រប​សម្រួល​ក៏​បាន​ជីក​ឫស​សួរ​បន្ត​ថា ៖ "​អ៊ីចឹង អត់​មាន​ប្រើ​ iPhone ទេ?”។ លោក​ Bill Gates តប​វិញ​ថា ៖ "ទេ គ្មាន​ iPhone ទេ”។

នេះ​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​មួយ​​រវាង​​​លោក​ Satya Nadella ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft បច្ចុប្បន្ន​ ដែល​ហាក់​បើក​ចិត្ត​ទូលាយ​លើ​ Apple។ ជាក់​ស្ដែង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​ Satya បាន​បង្ហាញ​ពី​​ប្រព័ន្ធ​ម៉ែល​ Outlook របស់​ Microsoft ដោយ​​យក​ iPhone ធ្វើ​ជា​ជំនួយ។

ត្រឡប់​មក​រក​លោក​ Bill Gates វិញ​ គ្រួសារ​របស់​លោក​​តែង​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​លើ​ការ​មិន​ប្រើ​ផលិតផល​​របស់​ Apple។ កាល​ពី​ឆ្នាំ​ ២០១៣ លោក​ Bill Gates បាន​​លើក​ឡើង​ថា​​កូនៗ​របស់​គាត់​មិន​ដែល​សុំ​ទិញ​ផលិតផល​ Apple នោះ​ទេ។ ដល់​ឆ្នាំ​ ២០១៥ អ្នក​ស្រី​ Melinda Gates ភរិយា​លោក​ Bill Gates បាន​បក​ស្រាយ​ថា​​​សូម្បីតែ Apple Watch ក៏​មិន​អាច​​ឲ្យ​គ្រួសារ​ត្រកូល​ Gates ចាប់​អារម្មណ៍​លើ​ Apple ដែរ៕​​​​ ​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង