មូលហេតុសំខាន់២ ដែលកញ្ញាឯក លឹម ណយ សម្រេចចិត្តចាប់យកជំនាញស្ថាបត្យកម្ម
- ពុធ, 27 កញ្ញា 2017 00:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុសំខាន់២ ដែលកញ្ញាឯក លឹម ណយ សម្រេចចិត្តចាប់យកជំនាញស្ថាបត្យកម្ម
ចន្លោះមិនឃើញ
ស្ថាបត្យកម្ម គឺជាជំនាញមួយដែលអាចរកចំណូលបានច្រើននាថ្ងៃអនាគត តែវាមិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មានឡើយពីសំណាក់និស្សិតស្រី។ ផ្ទុយពីយុវតីមួយចំនួនធំ កញ្ញាឯក លឹម ណយ បានសម្រេចចិត្តជ្រើសរើសរៀនជំនាញខាងលើ ដោយផ្អែកលើមូលហេតុចម្បងចំនួន២។
ក្នុងនោះរូបនាង បានបញ្ជាក់ពីមូលហេតុទាំង២នោះថា ដោយសារតែមានចំណូលចិត្តផ្នែកគំនូរតាំងពីតូច ហើយម្យ៉ាងទៀតគឺនាងមានគំនិតចង់អភិវឌ្ឍន៍ប្រទេសជាតិខាងផ្នែកហេដ្ឋារចនាសម្ពន្ធ។ លឹម ណយ បន្ថែមថា៖ "ខ្ញុំចង់អភិវឌ្ឍន៍កម្ពុជាឲ្យមានអគារខ្ពស់ៗ រំលេចភ្លើងពណ៌ស្អាតៗ ព្រមទាំងរចនាផ្លូវថ្នល់ និងសួនច្បារឲ្យមានសោភណភាពជាដើម"។
សព្វថ្ងៃស្រីស្អាតរូបនេះ សិក្សាជំនាញខាងលើនៅសាកលវិទ្យាល័យ វេស្ទើន ឆ្នាំទី២។ នាងបានឲ្យដឹងថា ទោះបីជាខ្លួនកំពុងផ្ញើជីវិតលើវិថីសិល្បៈក្ដី ក៏រូបនាងមិនបោះបង់ចោលការក្រេបជញ្ជក់យកចំណេះដឹងដែរ។
មានដើមកំណើតនៅទីក្រុងភ្នំពេញ សិល្បការិនីវ័យ១៩ឆ្នាំ បាននិយាយថា៖ "ដោយសារតែខ្ញុំចាប់ផ្ដើមរៀនជំនាញ និងចាប់អាជីពសិល្បៈដំណាលគ្នា ដូច្នេះទាំង២នេះក៏ត្រូវដើរទន្ទឹមគ្នាដែរ ខ្ញុំមិនអាចចោលជំនាញណាមួយឡើយ ទោះបីជាខ្ញុំរៀនចប់ក៏ដោយ។ ខ្ញុំទៅរៀនមិនដែលខានទេ ហើយសិល្បៈខ្ញុំឆ្លៀតទៅថត និងដើរម៉ូដនៅពេលទំនេរប៉ុណ្ណោះ មិនឲ្យជាន់ម៉ោងគ្នាទេ"។
លឹម ណយ គឺជាអតីតបេក្ខភាពប្រកួតក្នុងកម្មវិធី "កញ្ញាឯកកម្ពុជាឆ្នាំ២០១៦" ដែលជាប់ត្រឹមជុំជម្រុះ១០នាក់។ បច្ចុប្បន្ន នាងមានអាជីពជាតារាម៉ូដែលប្រចាំក្រុមហ៊ុន "តារារះថ្មីកម្ពុជា"។ លើសពីនេះនាងក៏ជាបេក្ខនារីដែលទើបតែទទួលពាន់រង្វាន់ "Best Talent” ឬពានកញ្ញាឯកដែលមានទេពកោសល្យល្អផ្ដាច់គេលើវិញ្ញាសារាំ ពីកម្មវិធី “Miss China-ASEAN Etiquette Pageant” ដែលប្រព្រឹត្តឡើងកាលពីពេលថ្មីៗនេះ នៅប្រទេសចិន៕