រឿង​​លម្អិត ខ្ញុង សែន​ព្រេន​ជា​មួយ​នាយ​កៃដ ធ្វើ​ជា​ប្ដី​ប្រពន្ធ​

  • 2017-09-27 02:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​​​​តារា​កំប្លែង​មេម៉ាយ​កូន​១​អ្នក​នាង ខ្ញុង បាន​សារភាព​ព្រម​ទទួល​ស្គាល់​​​ថា​ខ្លួន​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហ៍​ស៊ីជម្រៅ​ជា​មួយ​នាយ​កៃដ​ពិត​មែន។ នាង​បញ្ជាក់​ថា អ្នកទាំង​២ថែម​ទាំង​បាន​សែន​ព្រេន​ជា​មួយ​គ្នា នៅ​មុខ​ចាស់​ទុំ​ទាំង​សង​ខាង​ទៀត​ផង ហើយ​បច្ចុប្បន្ន​កំពុងតែ​រស់​នៅ​ជា​ប្ដី​ប្រពន្ធ​តែ​​ម្ដង។

ខ្ញុង​ថ្លែង​ថា ដំបូង​ឡើយ​ខ្លួន​​​គិត​ថា ចង់​លាក់បាំង​​ខ្លាច​​មហាជន​ដឹង​ថា មាន​ប្ដី​ហើយ​អាច​ធ្លាក់​ប្រជាប្រិយភាព ​ប៉ុន្តែ​ដោយ​ដំណឹង​ស្នេហា​នេះមហាជន​បាន​ដឹង​ខ្លះ​ហើយ ក៏​ព្រម​ទម្លាយ​ឲ្យ​អស់​សាច់​រឿង​​តែ​ម្ដង​ទៅ។ អ្នក​នាង ស្រេង សុគន្ធដា ហៅ​ខ្ញុង បាន​រៀប​រាប់​ឲ្យ​ដឹង​ថា នាង​និង​នាយ​កៃដ​​ដំបូង​ឡើយ​គឺ​រាប់​អាន​គ្នា​​ធម្មតា​ទេ ដែល​​កាល​នោះ នាយ​កៃ​ដ មិន​បាន​ជាប់​នៃ​ការ​ប្រឡង​ឡើយ។

ខ្ញុង​បាន​បន្ត​ថា ក្រោយ​ពី​នាង​ក្លាយ​ជា​តារា​កំប្លែង​មក នាយ​កៃដ ក៏​បាត់​ទំនាក់ទំនង​នឹង​គ្នា​ជាង​២ឆ្នាំ គឺ​ទើប​តែ​ខាង ​CTN ​ហៅ​អតីត អ្នក​ដែល​មាន​សមត្ថភាព​ដែល​ធ្លាប់​ចូល​ប្រឡង មក​ចូល​​លេង​កំប្លែង​​​ដោយ​ពង្រីក​ក្រុម​ថ្មី ទើប​បាន​ជួប​គ្នា​ម្ដង​ទៀត ហើយ​ក៏​ចាប់​​ផ្ដើម​មាន​ទំនាក់ទំនង​គ្នា​ស៊ី​ជម្រៅ​បន្តិច​ម្ដងៗ។

ខ្ញុង​លើក​ឡើយ​ថា នាយ​​កៃដ ធ្លាប់​មាន​ប្រពន្ធ និង​មាន​កូន​ប្រុស​ម្នាក់​អាយុប្រហែល​៤ឆ្នាំ ដោយ​ប្រពន្ធ​នាយ​កៃដ កាល​ដែល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​​នោះ មិន​បាន​រៀបការ ​ឬ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​ទេ។

តាម​ការ​​រៀបរាប់​របស់​ខ្ញុង នាយ​កៃដ ទើបតែ​លែងលះ​ប្រពន្ធ ដាច់ស្រេច​ជាង​៥ខែ​នេះ​ទេ ខ្ញុង​ថា ដោយ​ឃើញ នាយ​កៃដ តាម​ស្រលាញ់​នាង​យូរហើយ និង​ឃើញ​ថា នាយបាន​លែង​លះ​ប្រពន្ធ​ដាច់ស្រេច​មិន​ជំពាក់ជំពិន​ស្រី​ណា​ផ្សេង​ទៀត គួបផ្សំ​​ខ្លួន​​មិន​ចង់​នៅ​មេម៉ាយ​យូរ​ពេក ត្បិត​អី​​​ទ្រាំ​​ធ្វើ​ជា​ស្ត្រី​មេម៉ាយ​៧ឆ្នាំ​មក​ហើយ ក៏​សម្រេច​ចិត្ត​ជ្រើសរើស​នាយ​កៃដ​ជា គូរ​អនាគត​តែ​ម្ដង​ទៅ។

នាង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​សែន​ព្រេន ក្រាបផ្ទឹម​សុំ​គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធ នៅ​មុខ​ចាស់ទុំ​ទាំង​សង​ខាង កាល​ពី​ថ្ងៃ​ទី៣០ ខែ សីហា ឆ្នាំ ២០១៧ ចំ​ថ្ងៃ​​ថ្ងៃ​ឡើង​ផ្ទះ​តែ​ម្ដង ប៉ុន្តែ​ដំណឹង​នេះ ខ្លួន​​មិន​ដែល​ទម្លាយ​ឲ្យ​មហាជន​បាន​ដឹង​​ឡើយ។

ខ្ញុង​​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​​អ្នក​ទាំង​ពីរ ជ្រើសរើស​ការ​សែន​ព្រេន មិន​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក៏ ព្រោះ​តែ នាង​គិត​ថា ខ្លួន​មិន​សូវ​​មាន​ប្រាក់​ច្រើន ម្យ៉ាង​ទាំង​សង​ខាង​សុទ្ធតែ​មេម៉ាយ​​ដូច​គ្នា ក៏​សម្រេច​ចិត្ត​សែន​ព្រេន​តែ​ម្ដង​ទៅ។

ទោះបី​ជា​ចំណង​ស្នេហ៍​របស់ ខ្ញុង និង នាយ​កៃដ ធ្វើ​ឡើង​លក្ខណៈ​​សែន​ព្រេន​បែប​នេះ​ក្ដី ដើម្បី​ឲ្យ​មាន​សុពលភាព​តាម​ផ្លូវ​ច្បាប់ ខ្ញុង​ថា អ្នក​ទាំង​ពីរ​គ្រោង​នាំ​គ្នា​​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​​ក្នុង​ពេល​ឆាប់ៗ​នេះ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី