រុស្សី​​​គំរាម​​បិទ Facebook ​ប្រសិន​បើ​មិន​ព្រម​សហការ

  • 2017-09-27 03:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្សី​និយាយ​ថា​នឹង​បិទ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​យក្ស​ Facebook នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​​ប្រសិន​បើ​​មិន​ព្រម​​ធ្វើ​តាម​ច្បាប់​រក្សា​ទុក​ទិន្នន័យ​ក្នុង​ស្រុក ​របស់​រុស្សី​ទេ​នោះ។

លោក​ Alexander Zharov ប្រធាន​ផ្នែក​និយតករ​ខាង​សហព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍​​​បាន​​សង្កត់​ធ្ងន់​ថា​ "ច្បាប់​នេះ​គឺ​ជា​កាតព្វកិច្ច​សម្រាប់​អ្នក​រាល់​គ្នា”។ លោក​បាន​បន្ថែម​ថា ៖ "​មិន​ថា​ក្នុង​កាលៈទេសៈ​ណា​​​យើង​​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា​​ច្បាប់​ត្រូវ​បាន​អនុវត្តន៍ បើ​មិន​ដូច្នោះ​ក្រុមហ៊ុន​នេះ​នឹង​មិន​អាច​ដំណើរ​ការ​នៅ​សហព័ន្ធ​រុស្សី​បាន​ទៀត​នោះ​ទេ។ នៅ​ទី​នេះ​គ្មាន​ការ​លើក​លែង​ឡើយ”។

គួរ​ដឹង​ថា​​ច្បាប់​ស្ដី​ពី​ការ​រក្សា​ទុក​ទិន្នន័យ​ក្នុង​ស្រុក​ របស់​រុស្សី​ បាន​ចាប់​ផ្ដើម​អនុវត្តន៍​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៥។ ច្បាប់​នេះ​តម្រូវ​ឲ្យ​​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ប្រមូល​យក​ទិន្នន័យ​​ផ្ទាល់​ខ្លួន​ពី​អ្នក​ប្រើ​ប្រាស់​ដែល​ជា​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ ត្រូវ​រក្សា​ទុក​ទិន្នន័យ​ដែល​ប្រមូល​បាន​នៅ​លើ​ដី​​រុស្សី។

លោក​ Zharov បាន​​ឲ្យ​ដឹង​ដែរ​ថា​ខ្លួន​ទទួល​បាន​លិខិត​ពី​​ក្រុមហ៊ុន​​ Twitter ​លើ​ការ​យល់​ព្រម​អនុវត្តន៍​​តាម​ច្បាប់​នេះ​ចាប់​ផ្ដើម​ពី​ឆ្នាំ​ ២០១៨ ត​ទៅ។ ដោយ​ឡែក​ចំពោះ​ក្រុមហ៊ុន​ LinkedIn ​ត្រូវ​បាន​បិទ​មិន​ឲ្យ​ដំណើរ​ការ​នៅ​រុស្សី​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦ ព្រោះ​តែ​មិន​ព្រម​អនុវត្តន៍​ច្បាប់​នេះ។

មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​សំណាក់​ Facebook នៅ​ឡើយ​ទេ ដោយ​សារ​តែ​ភ្នាក់ងារ​របស់​លោក​ Zharov មិន​ទាន់​បាន​ទាក់​ទង​ទៅ​ Facebook៕​

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម