សារ៉េត គ្រីយ៉ា ៖ ក្រុម៣មានប្រយុទ្ធល្អ ហើយស្វាយរៀងពិបាកយកឈ្នះឆ្នាំនេះ
- 2017-09-27 04:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារ៉េត គ្រីយ៉ា ៖ ក្រុម៣មានប្រយុទ្ធល្អ ហើយស្វាយរៀងពិបាកយកឈ្នះឆ្នាំនេះ
ចន្លោះមិនឃើញ
ខ្សែការពាររឹងម៉ាំនិងមិនដែលបាត់មុខនៅក្លឹបព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា បង្ហើបថាមានក្លឹប៣នៅកម្ពុជាមានប្រយុទ្ធមុតល្អ ហើយតែងតែបង្កភាពលំបាកសម្រាប់ក្រុមរបស់ខ្លួន។
សារ៉េត គ្រីយ៉ា បានជួយការពារសំណាញ់ទីរបស់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលនេះបានល្អមែនទែន ហើយថែមទាំងជួយឱ្យក្លឹបមួយនេះឈរនៅកំពូលតារាងលីគកំពូលកម្ពុជាថែមទៀតផង។ ត្បិតតែដាច់ពិន្ទុពីក្រុមលេខ២មែន ប៉ុន្តែខ្សែការពាររូបនេះ មិនអាចមើលស្រាលក្រុមនៅក្រោមៗបានទេ ហើយក៏មិនហ៊ានរំពឹងថាបានពានដែរ ព្រោះថាការប្រកួតនៅច្រើនទៀត ហើយលីគក៏ត្រូវរក៤ក្រុមដើម្បីលេងខ្វែងដែរ។
ចំពោះក្លឹបដែលមានប្រយុទ្ធល្អវិញ កីឡាករខាងលើបានបញ្ជាក់ថាមានក្លឹប៣ដែលតែងតែបង្កក្ដីបារម្ភដល់ស្វាយរៀង ក្នុងនោះរួមមាន បឹងកេត ណាហ្គាវើល និងក្រសួងការពារជាតិដែលសុទ្ធសឹងមានកីឡាករបរទេសបង្កគ្រោះថ្នាក់បាន។ ខណៈដែលពួកគេក៏លេងសហការគ្នាបានល្អថែមទៀត និងសុទ្ធតែជាដៃគូប្រជែងរបស់ស្វាយរៀងក្នុងការយកជើងឯករដូវកាលនេះ។
គ្រីយ៉ា ជាថ្នាលយុវជនរបស់ព្រះខ័នរាជស្វាយរៀង ដោយបានចូលហ្វឹកហាត់និងលេងនៅឆ្នាំ២០១០ ហើយគ្រានោះរូបគេក៏បានលេងតំណាងឱ្យក្រុមយុវជនជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំផងដែរ។ សម្រាប់រដូវកាលនេះវិញ ក្នុងនាមជាខ្សែការពារ រូបគេក៏រកគ្រាប់បាល់បាន២គ្រាប់ផងដែរ៕