ទើប​បង្កើត​តែ​ខ្លាំង ​ទូក​ក្ដោង​កម្ពុជា​បាន​មេដាយ​សំរឹទ្ធ​ពី​ម៉ាឡេស៊ី

  • 2017-09-27 06:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​ទូក​ក្ដោង​កម្ពុជា ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​ពី​ព្រឹត្តិការណ៍ ​Johor International Regatte 2017 ដែល​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២២ ដល់ ២៤ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង Johor ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ពេល​កន្លង​ទៅ។

កីឡាករ ហៀង ស៊ុនហេង ​ដែល​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​ខាង​លើ​នេះ ​ទើប​តែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ឈ្នះ​លើ​វិញ្ញាសា​Windsurfing Big Techno 293 ក្នុង​ចំណោម​កីឡាករ​សរុប ១២​រូប។ ហៀក ស៊ុនហេង ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ ៣រូប ដែល​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា បាន​បញ្ជូន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាងលើ។ កីឡាករ ២​រូប​ទៀត គឺ សូត្រ មេសា​ អាយុ ១៥ឆ្នាំ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៥ ក្នុង​ចំណោម​កីឡាករ ១២រូប លើ​វិញ្ញាសា​របស់​ខ្លួន និង ឌុច ​ប៊ុនធឿន អាយុ ៣៧​ឆ្នាំ បាន​លេខ១១ ក្នុង​ចំណោម​កីឡាករ ១៤​រូប លើ​វិញ្ញាសា Laser Radial ។

សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា ទើប​តែ​បញ្ជូន​កីឡាករ​ខ្លួន​ជា​លើក​ដំបូង ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​មាឡេស៊ី កាលពី​ខែ​សីហា​កន្លង​ទៅ។ សហព័ន្ធ​ដែល​ទើប​បង្កើត​បាន​រយៈ​ពេល ២ឆ្នាំនេះ ក៏​បាន​រៀបចំ​ផែនការ បញ្ជូន​កីឡាករ​ទូកក្ដោង​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ ការ​ប្រកួត​កីឡា​អាស៊ី ឆ្នាំ២០១៨ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ