ណាសា​នឹង​ហោះ​ទៅ​ដល់​ព្រះអាទិត្យ​ ដើម្បី​ស្រាយ​មន្ទិល​​កើត​មាន​រាប់​ទសវត្ស​មក​ហើយ​

  • 2017-09-27 07:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ចេញ​​នូវ​​​យាន​អវកាស​ឈ្មោះ​​​ Parker Solar Probe នៅ​​មន្ទីរ​ពិសោធន៍​ ​Laurel ក្នុង​រដ្ឋ​ Maryland សហរដ្ឋអាមេរិក ដែល​ជា​គម្រោង​សិក្សា​ពី​ព្រះអាទិត្យ ​​​ក្នុង​ការ​​ស្រាយ​ចម្ងល់​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ។

Nicky Fox អ្នក​វិទ្យាសាស្ត្រ​មួយ​រូប​ដែល​ស្ថិត​ក្នុង​គម្រោង​​​ឈ្មោះ​ Parker Solar Probe ​​នេះ​បាន​លើក​ឡើង​ថា​ ៖ "ពួក​យើង​នឹង​ហោះ​ចូល​ទៅ​ Corona (​តំបន់​ពន្លឺ​ដែល​ចាំង​ចេញ​ពី​ព្រះអាទិត្យ) ដែល​ជា​ទី​អាថ៌កំបាំង​មួយ​​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ទាល់​គំនិត​​​គិត​មិន​យល់​ រាប់​ទសវត្ស​មក​ហើយ”។

យាន​អវកាស​​ដែល​គេ​បញ្ជូន​ទៅ​នឹង​ត្រូវ​ទប់ទល់​នឹង​សីតុណ្ហភាព​​ខ្ពស់​ដល់​ ១៣៧១ អង្សា​សេ និង​ ទប់​ទល់​នឹង​ការ​ប៉ះពាល់​ពី​សារធាតុ​វិទ្យុសកម្ម​ដ៏​ខ្លាំង​ក្លា នៅ​ពេល​ដែល​វា​ហោះ​វិល​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​ចម្ងាយ​ជិត​បំផុត​ត្រឹម​ ៧ ​លាន​គីឡូម៉ែត្រ។

ទិន្នន័យ​ដែល​បញ្ជូន​មក​ផែន​ដី​វិញ​​ក្នុង​ចម្ងាយ​ ១៤០ លាន​គីឡូម៉ែត្រ​ពី​គ្នា​ នឹង​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​​អាច​យល់​ពី​ហេតុផល​ដែល​​បរិយាកាស​របស់​ព្រះអាទិត្យ​ ឬ Corona មាន​កម្ដៅ​ក្ដៅ​ជាង​​ស្រទាប់​ខាង​ក្រៅ​របស់​ព្រះអាទិត្យ។

លោក​ Jim Kinnison​ វិស្វករ​ប្រចាំ​បេសកកម្ម​ Parker Solar Probe ​និយាយ​ថា​​គេ​ត្រូវ​ធ្វើ​តេស្ត​ច្រើន​លើក​ច្រើន​សា​ទៀត​​មុន​នឹង​​​​បេសកកម្ម​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា​ ឆ្នាំ​ ២០១៨។ បញ្ជាក់​ថា​បេសកកម្ម​នេះ​ពី​មុន​មាន​ឈ្មោះ​ថា​ Solar Probe Plus ដែល​បាន​ទទួល​ការ​អនុញ្ញាត​នៅ​ឆ្នាំ​ ២០១៤។ យ៉ាងណាមិញ​គេ​បាន​ប្ដូរ​ឈ្មោះ​​ដើម្បី​​ផ្ដល់​ជា​កិត្តិយស​ដល់​សាស្ត្រាចារ្យ​​ Eugene Parker ដែល​បាន​ទស្សន៍ទាយ​​ត្រូវ​ពី​វត្តមាន​ខ្យល់​ព្យុះ​​ព្រះអាទិត្យ​នៅ​ឆ្នាំ​ ១៩៥៨។

យានអវកាស​នេះ​ឌីហ្សាញ​ និង​ផលិត​ឡើង​ដោយ​មន្ទីរ​ពិសោធន៍​នៃ​សកលវិទ្យាល័យ​​​ Johns Hopkins University ដោយ​វា​នឹង​ហោះ​​ជុំវិញ​ភព​​សុក្រ​ចំនួន​ ៧​ ដង​ដើម្បី​អាច​រំកិល​ខ្លួន​វា​ចូល​ទៅ​ក្នុង​គន្លង​ជុំវិញ​ព្រះអាទិត្យ​​នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០២៤។ អង្គការ​ណាសា​ក៏​បាន​ចាយ​ ១,៥ ពាន់​លាន​ដុល្លារ​ដើម្បី​ផលិត​ និង​បង្ហោះ​យាន​អវកាស​នេះ​ផង​ដែរ។

យាន​ដដែល​នេះ​រំពឹង​ថា​នឹង​ត្រូវ​ហោះ​ជុំវិញ​ព្រះអាទិត្យ​ ២៤ ដង ដោយ​ហោះ​ចូល​កាន់​តែ​កៀក​ក្នុង​ពេល​មួយ​លើកៗ។ យាន​ទំហំ​ប៉ុន​រថយន្ត​ខ្នាត​តូច​មួយ​នេះ​ នឹង​បំពាក់​ដោយ​​ឧបករណ៍​វិទ្យាសាស្ត្រ​ចំនួន​ ៥ ​ដើម្បី​វាស់​ និង​ ​ធ្វើ​ប៉ាន់​ Corona របស់​ព្រះអាទិត្យ៕​​​​​​​​​​​​​

វីដេអូពីការដំឡើងយាន ៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខហេង