ចេញ​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​មួយ​ទៀត​ហើយ ប្លែក​ត្រង់​អាចផ្សាយ​ផ្ទាល់វីដេអូខ្លួនឯង និងបញ្ចេញមតិបានភ្លាមៗហ្មង

  • 2017-09-27 08:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានីយ​ទូរទស្សន៍ NICE TV ដែល​បង្កើត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រុមហ៊ុន NICE Culture Investment Group របស់​ចិន​នោះ បាន​ធ្វើ​ពិធី​សម្ពោធ​ការិយាល័យ​ហើយ​កាល​ពី​ព្រឹកមិញ ក្រោម​សក្ខីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​សំខាន់ៗ​ជាច្រើន​ទៀត។

ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​ផ្ទាល់​មួយ​នេះ ខុស​ប្លែក​ពី​ស្ថានីយ​ដទៃ​ត្រង់​ថា អ្នក​ទស្សនា​អាច​បញ្ចេញ​មតិយោបល់​ផ្សេងៗ​បាន​យ៉ាង​ងាយ​តាមរយៈ​កម្មវិធី​ឈ្មោះ TU TU Live ព្រម​ទាំង​អាច​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ខ្លួន​ឯង​បាន​ផង​ដែរ។

NICE TV បាន​ចំណាយ​ទឹក​ប្រាក់ ៩លាន​ដុល្លារ ក្នុង​ការ​បើក​ដំណើរ​ការ​អគារ​កម្ពស់ ៧ជាន់ លើ​ផ្ទៃ​ដី ៣ ០០០ម៉ែត្រការ៉េ​មួយ​នេះ ដោយ​អាច​ដាក់​បុគ្គលិក​បាន ៣០០​នាក់ ព្រម​ទាំង​មាន​គ្រឿង​បរិក្ខារ​ស្ទូឌីយោ​ពិត និង​ស្ទូឌីយោ​និម្មិត​ទំនើប​ជាច្រើន។

ក្រៅ​ពី​ចាក់​ផ្សាយ​ការ​រីក​ចម្រើន​ក្នុង​សង្គម​ជាតិ ស្នាដៃ​របស់​រដ្ឋាភិបាល ព្រម​ទាំង​សកម្មភាព​ផ្សេងៗ​របស់​រដ្ឋ ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ ក៏​មាន​ផ្សាយ​ពី​កម្មវិធី​កម្សាន្ត សិល្បៈ ភាពយន្ត ព្រម​ទាំង​កម្មវិធី​ជាច្រើន​ទៀត​ផង​ដែរ ដោយ​ពេល​នេះ​ផ្ទាល់​កំពុង​តែ​ដំណើរ​ការ​កម្មវិធី "នាទី​សន្តិសុខ​មាតុភូមិ" “First Talk” “Share បទ​ពិសោធន៍​ខ្ញុំ" “Super Super Luck” “Come To Sing” ព្រម​ទាំង​ភាពយន្ត​ភាគ​ជាច្រើន​ទៀត​ផង​ដែរ៕

អត្ថបទ៖ វិទូ