ពលរដ្ឋខ្មែរស្លាប់ដោយសារឆ្លងជំងឺឆ្កែឆ្កួតប្រមាណ ៨០០នាក់ ក្នុងមួយឆ្នាំៗ
- 2017-09-27 08:15:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋខ្មែរស្លាប់ដោយសារឆ្លងជំងឺឆ្កែឆ្កួតប្រមាណ ៨០០នាក់ ក្នុងមួយឆ្នាំៗ
ចន្លោះមិនឃើញ
អ្នកជំនាញថាសត្វឆ្កែស្ទើរតែទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនបានទទួលការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនោះទេ និងថាជារៀងរាល់ឆ្នាំ មានសត្វឆ្កែច្រើនរយក្បាលឈឺជំងឺឆ្កែឆ្កួត ហើយអាចចម្លងជំងឺនេះទៅសត្វផ្សេងៗ ឬ ទៅមនុស្សបាន។
លោកវេជ្ជបណ្ឌិត លី សុវត្ថិ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបន្ទុកផ្នែកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត បានថ្លែងក្នុងសន្និសីត សារព័ត៌មានស្ដីពីការបោះពុម្ពសៀវភៅស្វែងយល់ពី "ជំងឺឆ្កែឆ្កួត" នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាព្រឹកមិញនេះ ថា អ្នកស្លាប់ដោយសារឆ្លងជំងឺឆ្កែឆ្កួតស្លាប់ប្រមាណ ៨០០នាក់ ក្នុងមួយឆ្នាំៗ ដែលជំងឺនេះបានណ្ដាលឲ្យមនុស្សស្លាប់ ១០០ភាគរយ ប្រសិនបើមិនបានចាក់ថ្នាំបង្ការ ក្នុងនោះអត្រាអ្នករងគ្រោះគឺ៥០ភាគរយ មានអាយុក្រោម១៥ឆ្នាំ។
លោកវេជ្ជបណ្ឌិត ក៏បានប្រាប់ពីវិធីមើលអាការៈឆ្កែ ដើម្បីដឹងថាវាមានជំងឺឬអត់ យ៉ាំងដូច្នេះថាៈ « រាល់ការផ្លាស់ប្ដូរអត្តចរិតរបស់ឆ្កែ យើងត្រូវគិតដល់ជំងឺឆ្កែឆ្កួត។ សត្វឆ្កែដែលឈឺជំងឺឆ្កែឆ្កួត នឹងងាប់ក្នុងរវាងរយៈពេល ៥ថ្ងៃ។ មិនត្រូវទៅក្បែរ ឬប៉ះពាល់សត្វឆ្កែឆ្កួតទាំងនោះឡើយ»។
លោកបានបង្ហាញពីអការៈមួយចំនួនដែលថាឆ្កែនោះមានជំងឺឬយ៉ាងណា៖
ទម្រង់កាច ៖ ជាទម្រង់ដែលគេស្គាល់ច្រើនជាងគេ និងលេចធ្លោជាងគេ។ ឆ្កែដែលឈឺ មានលក្ខណៈកាចខ្លាំង។ ចរិតធម្មជាតិរបស់វាផ្លាស់ប្ដូរ ហើយវាអាចស្ទុះទៅខាំដោយគ្មានការបង្កហេតុ និងអាចខាំវត្ថុនានា។
ទម្រង់ស្រងល់ ៖ សត្វឆ្កែបង្ហាញលក្ខណៈកាចតិចតួច និងមានហៀរទឹកមាត់ច្រើន។ ពេលវាព្រុសសម្លេងវាខុសធម្មតា។ វាមិនអាចលេបអាហារ ឬទឹកបានទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បច្ចុប្បន្នមានមនុស្សប្រហែលតែ ៤ម៉ឺននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្នុងមួយឆ្នាំៗ ខណៈតាមការប៉ាន់ស្មានមានប្រជាជនប្រហែល ៦០ម៉ឺននាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្កែឆ្កួត អង្គការស៊ីប៉ា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការចងក្រងសៀវភៅស្វែងយល់ពី "ជំងឺឆ្កែឆ្កួត" ដែលគ្រោងនឹងបោះពុម្ពចំនួន ៥ម៉ឺនក្បាល ចែកចាយក្នុងរយៈពេល ៥ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា។ ត្បិតថា ការបោះពុម្ពបច្ចុប្បន្នបានចំនួន ១ម៉ឺនក្បាល អង្គការក៏បានអំពាវដល់សប្បុរជនចូលរួមឧបត្ថម្ភថវិកា ដើម្បីបន្តគម្រោងកាត់បន្ថយអត្រាមរណៈដោយសារជំងឺឆ្កែឆ្កួតនេះឲ្យធ្លាក់ចុះ ៥០% ក្នុងរយៈពេល ៥ឆ្នាំដូចគ្នា៕