ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ បើ​អាច​គួរ​ជិះ​វាង​រង្វង់​មូល​២​កន្លែង​នៅ​ភ្នំពេញ

  • 2017-09-27 09:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយ​ចង្វា​ចាស់) នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បី​ធ្វើ​ការ​ជួសជុល​ស្តា​ឡើង​វិញ។   ចរាចរណ៍​ទ្វេ​ទិស​ឆ្លង​កាត់​ទន្លេ​នឹង​ប្រព្រឹត្ត​ទៅ​តែ​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន តែ​មួយ​ប៉ុណ្ណោះ។ ចរាចរណ៍​អាច​នឹង​មាន​ការ​កកស្ទះ​ខ្លាំង​នៅ​បរិវេណ​ជុំវិញ​ការដ្ឋាន​សាងសង់​។ជា​ពិសេស​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​ទាំង​សងខាង (រង្វង់​មូល​កួច​កាណុង និង​រង្វង់​មូល​ព្រហ្ម​មុខ​បួន)។  បើ​អាច​សូម ប្រជាពលរដ្ឋ​ជៀស​វាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​រង្វង់​មូល​ស្ពាន ជាពិសេស​នៅ​ក្នុង​ម៉ោង​មមាញឹក។

ទន្ទឹម​នឹង​នោះ​ដែរ ក្រសួង​សាធារណការ​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ដូចជា៖ ការ​កែ​តម្រូវ​ចំណុច​រង្វង់​មូល​ស្ពាន​ទាំង​សងខាង ការ​រៀបចំ​គំនូស​ប្លង់​បង្ហាញ​ទិសដៅ​ប្រព័ន្ធ​ចរាចរណ៍ ការ​ផ្ដល់​នូវ​ដំណោះ​ស្រាយ​សម្រាប់​ការ​ពង្វាង​ចរាចរណ៍ និង​ការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ផ្លូវវាង​ផ្សេង​ទៀត​ជាដើម។ ក្រសួង​សាធារណការ​ដ៏​ដូច​ជា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​សូម​ធ្វើ​ការ​អធ្យាស្រ័យ​និង​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ ចំពោះ​ការ​រំខាន​ទាំង​ឡាយ​ណា​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួសជុល​ស្ពាន​នេះ។

សូម​ជម្រាប​ជូន​ថា គម្រោង​ជួសជុល​ស្តា​ស្ពាន​ជ្រោយ​ចង្វា​ចាស់​នេះ​ឡើង​វិញ​វិញ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹក​ប្រាក់​ចំនួន ៣.៣៤៣ លាន​យ៉េន ប្រមាណ​ជា ៣៣​លាន​ដុល្លារ​អាមេរិក។ ការ​ជួសជុល​ស្តា​ឡើង​វិញ​នៃ​ស្ពាន​នេះ នឹង​ប្រើ​រយៈ​ពេល​ប្រមាណ​ជា (២១ខែ) រហូត​ដល់ ខែ​មិថុនា ឆ្នាំ​២០១៩៕

អត្ថបទ៖ វឌ្ឍនៈ