ទាំង​ក្រុម​ធំ និង U19 ​កម្ពុជា ​នឹង​ប្រកួត​សម​ជើង​ជាមួយ​ឥណ្ឌូនេស៊ី​

  • 2017-09-29 02:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ប្រភព​ពី​ខាង​ឥណ្ឌូនេស៊ី​មក ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​និង​ក្រុមយុវជន​ U19 ​នឹង​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​៤​ខែ​តុលា​ខាង​មុខ​នេះ ​នា​កីឡដ្ឋាន​Patriot Candrabaga ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ក្នុង​​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​តុលា​នេះ​ទៅ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល AFC Asian Cup 2019។ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​មិត្តភាព​នេះ​ដែរ ​វា​ក៏​ជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា ព្រោះ​ថា​ឥណ្ឌូណេស៊ី ជា​ក្រុម​ខ្លាំង​មួយ ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​វៀតណាម​ដែរ បើ​បាន​ប្រកួត​មិត្តភាព​ជាមួយ​គេ​នោះ​កីឡាករ​កម្ពុជា​នឹង​យល់​ពី​ក្បួន​លេង​គ្នា​កាន់​តែ​ច្បាស់។ ដើម្បី​អម​ការ​ប្រកួត​ក្រុម​ធំ​នេះ​ដែរ ​ឥណ្ឌូនេស៊ី​ក៏​បាន​អញ្ជើញ​ក្រុម U19 ​កម្ពុជា​ទៅ​ប្រកួត​ផង​ដែរ​នៅ​ថ្ងៃ​ដដែល​នោះ ពោល​គឺ​ក្រុម​តូច​ប្រកួត​មុន ​ហើយ​ក្រុម​ធំ​ចូល​ប្រកួត​តាម​ក្រោយ។

នៅ​ចាំ​បាន​ថា​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ ​ក្រុម​ធំ​កម្ពុជា​បាន​បរាជ័យ​ម្ដង​មក​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដោយ​គ្រា​នោះ​ចាញ់​ក្រុម​ឥណ្ឌូនេស៊ី​ក្នុង​លទ្ធផល ២-០៕

អត្ថបទ៖ មុន្នីរម្យ