ឆាយ វីរៈ​យុទ្ធ រំលឹក​រឿង​ដែល​លោក​ចង​ចាំ​ កើត​ឡើង​នា​រដូវ​ភ្ជុំ​កាល​នៅ​ស្រុក​កំណើត

  • 2014-09-23 14:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុស្សាវរីយ​ជិះ​ទូក​លេង​ជាមួយ​មិត្ត​ភ័ក្ដិ និង​ក្រុម​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ​នា​ខែ​ទឹក​ឡើង​ក្នុង​រដូវ​បុណ្យ​ភ្ជុំ គឺ​ជា​អនុស្សាវរីយ​មួយ​ដែល​លោក ឆាយ វីរៈ​យុទ្ធ នៅ​ចង​ចាំ​មក​ដល់​ឥឡូវ។ នេះ​បើ​តាម​សាមី​ខ្លួន។

"មិន​ជា​តូច​ប៉ុន្មាន​ទេ គឺ​រាង​ធំ​ដែរ​ហើយ ខ្ញុំ​តែង​តែ​ជិះ​ទូក​លេង និង​ជិះ​ទៅ​វត្ត​ជា​ដើម​ជាមួយ​ពុក​ម៉ែ ព្រោះ​តែ​ខែ​ហ្នឹង​គឺ​ទឹក​ឡើង​លិច​ទី​វត្ត​ហើយ...ហ៊ឺ​និយាយ​ទៅ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ចង​ចាំ​ដែរ!"។

ឆាយ វីរៈយុទ្ធ ដែល​មាន​ឈ្មោះ​ដើម​ថា ឆាយ ចាន់​ឆោម មាន​ស្រុក​កំណើត​នៅ​ភូមិ​ពោធិ​សាលា​២ ឃុំ​ព្រែក​ក្របៅ ស្រុក​កង​មាស ខេត្ត​កំពង់​ចាម។ នៅ​ជិត​ភូមិ​កំណើត​របស់​លោក មាន​វត្ត​៣ គឺ​វត្ត "ពាម​ក្នុង" និង​វត្ត "ព្រែក​ក្របៅ" ឯ​វត្ត​ទី​៣​លោក​មិន​ចាំ។ រដូវ​បុណ្យ​ទាន ដូច​ជា​បុណ្យ​ភ្ជុំ​នេះ​ជា​ដើម លោក​តែង​តែ​ទៅ​វត្ត​ទាំង​នោះ​ជាមួយ​ឪពុកម្ដាយ ប៉ុន្តែ​ភាគ​ច្រើន​គឺ​វត្ត "ពាម​ក្នុង" ព្រោះ​ជិត​ផ្ទះ​របស់​លោក។

 

ទូក គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ស្រុក​ភូមិ​លោក​ទាំង​អស់ នា​រដូវ​នេះ​ដែល​ជា​រដូវ​ទឹក​លិច​ភូមិ​ស្រុក​អស់​ហើយ មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ៗ​ត្រូវ​ជំនួស​ដោយ​ទូក។ ដូច្នេះ​ការ​ជិះ​ទូក​លេង និង​ហែល​ទឹក​លេង​ក៏​ជា​ការ​កម្សាន្ត​ពេញ​និយម​មួយ​របស់​លោក ក៏​ដូច​ជា​កុមារ​ៗ​ក្នុង​ភូមិ​របស់​លោក​ផ្សេង​ទៀត​ដែរ។

យ៉ាង​ណា​ក៏​ដោយ លោក​ថា​ភាគ​តិច​ណាស់ ដែល​លោក​ជិះ​លេង​សប្បាយ​ជាមួយ​មិត្ត​ភ័ក្ដិ ពោល​គឺ​ភាគ​ច្រើន​លោក​ជិះ​ជាមួយ​ឪពុក​ម្ដាយ ព្រោះ​អ្នក​មាន​គុណ​ទាំង​បារម្ភ បើ​ទោះ​លោក​ចេះ​ហែល​ទឹក​ស្ទាត់​ជំនាញ។ "ខ្ញុំ​អត់​ដែល​លង់​ទឹក​ទេ ព្រោះ​ចេះ​ហែល​ស្ទាត់​ណាស់ (សើច) ប៉ុន្តែ​ធម្មតា​ទេ​ឪពុក​ម្ដាយ​តែង​បារម្ភ​ពី​កូន​អីចឹង​ណា!”។

វិល​មក​ការងារ​សិល្បៈ​វិញ លោក ឆាយ វីរៈយុទ្ធ កំពុង​មមាញឹក​នឹង​ការ​ថត​ចម្រៀង​ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី។ យ៉ាង​ណា​អំឡុង​បុណ្យ​កាន់​បិណ្ឌ​ក្នុង​ខែ​ភ្ជុំ​បិណ្ឌ លោក​នៅ​តែ​ឆ្លៀត​យក​ចង្ហាន់​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ បាន​ចំនួន ៥​វត្ត​ហើយ។ លោក​គ្រោង​ទៅ​ឲ្យ​បាន​គ្រប់​៧​វត្ត​ក្នុង​ថ្ងៃ​ឆ្លង​ភ្ជុំ​ធំ​នេះ​នៅ​ស្រុក​កំណើត។

"ខ្ញុំ​ទៅ​រាល់​ឆ្នាំ​មិន​ដែល​ខាន​ទេ ការងារ​សិល្បៈ​ក៏​អត់​ទទួល​ដែរ ព្រោះ​ត្រូវ​ជួប​ជុំ​បង​ប្អូន ម្យ៉ាង​ពុក​ម៉ែ​ខ្ញុំ​ក៏​ផ្ដាំ​ដែរ​ថា បុណ្យ​ទាន​ត្រូវ​មក​ជួប​ជុំ​បង​ប្អូន​កូន!"៕

អត្ថបទ៖ ទារិកា