ហោចណាស់ គួរ​ត្រៀម​មុន​ប៉ុន្មាន​ខែ ដើម្បី​​ឲ្យ​ថ្ងៃការរលូន​គ្មាន​បញ្ហា?

  • 2017-10-03 07:18:46
  • ចំនួនមតិ

ចន្លោះមិនឃើញ

រៀប​ការ​ជា​ថ្ងៃ​មង្គល​ពិសេស​សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ជា​វេលា​ជួបជុំ​មួយ​សម្រាប់​ញាតិមិត្ត​ជិត​ឆ្ងាយ​ផង​ដែរ។ យ៉ាង​ណាមិញ​ ដំណើរ​ការ​នៃ​ការ​រៀប​ចំ​ពិធី​មង្គល​នេះ​ មិន​មែន​ចេះ​តែ​រលូន​គ្មាន​បញ្ហា​នោះ​ទេ អ្នក​ខ្លះ​មិន​បាន​គិត​ដិតដល់​ អាច​នឹង​ជួប​បញ្ហា​​ជិត​ដល់​ថ្ងៃ​ពិសេស​នេះ​ បើ​កក់​​រោង​ការ ចុងភៅ ឬ សម្អាង​ការ​ ​មិន​បាន​។

រោងការ៖ ធម្មតា​បើ​កូន​កំលោះ​ក្រមុំ ដេញ​ពេលា​បាន​​ហើយ​​គួរតែ​ទៅ​កក់​សេវាកម្ម​សំខាន់ៗមួយចំនួនពាក់ព័ន្ធ​នឹង​ពិធី​នេះ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​៥ខែ​មុន​ដែរ ករណី​អ្នក​មិន​អាច​រៀបចំ​ពិធី​នេះ​នៅ​ផ្ទះ​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាង សិលា ដែល​ទើប​នឹង​រៀបការ​រួច​កាល​ពី​ពេល​ថ្មីៗ។

កន្លែង​រៀប​ចំ​ពិធី​ពិត​ជា​សំខាន់ បើសិន​អ្នក​សម្រេច​ចិត្ត​បាន​ច្បាស់លាស់​ថា​យក​ហាង​រៀបការ​ហើយ​ ចឹង​ក្រោយ​ដេញ​ពាលា​រួច គួរ​ស្រូត​រួសរាន់​ទៅ​កក់​ហាង​ បើកក់​បាន​មុន​ អ្នក​ក៏​អាច​សន្សំ​លុយ​បាន​​មួយ​​កម្រិត​ដែរ។ សិលា បាន​ឲ្យ​ដឹង​ទៀត​ថា​៖ "បើ​កក់​ពី​ចម្ងាយ​អាច​បាន​ធូរ​ថ្លៃ បើ​កៀក​ថ្ងៃ​ពេក​ថ្លៃ​ហើយ​ ជួន​កាល​អត់​មាន​ទៀត​ ចឹង​យក​ល្អ​គួរ​តែ​កក់​មុន​យ៉ាង​ហោច​ណាស់​ក៏ ៥ ទៅ​ ៦​ខែ​ដែរ ជាពិសេស​បើ​ចំ​រដូវ​ការ​ទៀត​ ដឹង​តែ​អត់​មាន​ម៉ង។"

ចុងភៅ៖ បន្ទាប់​ពី​កក់​ហាង​រួច​រាល់​ កុំ​ភ្លេច​រឿង​ចុង​ភៅ វា​សំខាន់​ខ្លាំង​ណាស់។ សិលា អះអាង​ទៀត​ថា​​ បើ​សិន​ជា​ម្ហូប​មិន​ឆ្ងាញ់ និង​ប៉ះ​ចំ​ចុងភៅ ដែល​រិះថាំ​ នោះ​ភ្ញៀវ​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ ជួន​កាល​អាច​នឹង​និយាយ​ដើម​ផង​ក៏​ថា​បាន។ ចឹង​ត្រូវ​ប្រាកដ​ប្រជា​ជាមួយ​ ចុង​ភៅ និយាយ​គ្នា​មុន​ឲ្យ​បាន​ច្បាស់លាស់ ធម្មតា​បើ​ដល់​ថ្ងៃ​ការ​ជួប​បញ្ហា​ ក្រុម​គ្រួសារ​ច្បាស់​ជា​មិន​ហ៊ាន​តវ៉ា​ជាមួយ​ចុងភៅ​ឡើយ ត្បិត​អី​ជា​ថ្ងៃ​មង្គល​ មាន​តែ​ខាំ​មាត់​សង្កត់​ចិត្ត។ សិលា​ បន្ត។

សម្អាងការ៖ ដោយ​ឡែក​រឿង​សំខាន់​មួយ​ទៀត​គឺ​ សម្អាង​ការ​ អ្នក​ខ្លះ​ទៀត​អាច​នឹង​កក់​មុន​រហូត​ដល់​១ឆ្នាំ​ឯណោះ។ ការ​ជ្រើស​រើស​សម្អាង​ការ​គឺ​សំខាន់ ជាពិសេស​លើ​ការ​តុបតែង​សម្រាប់​កូន​ក្រមុំ។ ម្ចាស់​សម្អាងការ​ វីន អ្នក​ស្រី ធាវី បាន​ឲ្យ​ដឹង​ថា​៖ "បើ​កក់​មុន​ត្រឹម​តែ​ ២ ឬ ៣​ខែ​ អាច​នឹង​​ពិបាក​​ ព្រោះ​រដូវ​រៀប​ការ​ មាន​ភ្ញៀវ​ច្រើន​ ដែល​គេ​បាន​កក់​មុន​យូរ​ ចឹង​ខាង​បង​មិន​មែន​ចេះ​តែ​ទទួល​ទេ។ ខាង​ប​ង​មាន​គោលការណ៍​ត្រឹម​ត្រូវ​ យើង​មិន​ចង់​ឲ្យ​អ្នក​មក​កក់ និង​ខាង​សម្អាងការ​ជួប​បញ្ហា​ ពេល​ដែល​ដល់​ថ្ងៃ​ ខុស​ការ​សន្យា​នោះ​ទេ។ ចឹង​ពួកគាត់​គួរ​តែ​មក​កក់​មុន​យ៉ាង​ហោច​ណាស់​ក៏​កន្លះ​ឆ្នាំ​ដែរ​អូន។"

គូ​ស្នេហា​ទម្រាំ​ស្រលាញ់​គ្នា​ឈាន​មក​ដល់​ថ្ងៃ​ពិសេស​នេះ​ បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន ដូច្នេះ​បើ​សម្រេច​ថា​រៀប​ការ​ហើយ​ គួរ​តែ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ករណី​ដែល​បាន​រៀប​រាប់​ខាង​លើ ដើម្បី​កុំ​ឲ្យ​ជួប​​បញ្ហា​អំឡុង​ពេល​រៀប​ចំ​មង្គល។ តែ​មិន​មែន​មាន​ន័យ​ថា​រៀបការ​រៀបចំ​តែ​ប៉ុណ្ណឹង​នោះ​ទេ​ អ្នក​មាន​ភារកិច្ច​រៀប​ចំ​ការងារ​ផ្សេងៗ​ទៀត​ គួរ​តែ​យកចិត្ត​ទុកដាក់​ដូច​គ្នា គ្រាន់​តែ​ ៣​មុខ​នេះ​វា​ចាំបាច់​ដែល​អ្នក​គួរ​តែ​គិត​គូ​មុន​យូរ​ខែ​ទើប​មិន​ជួបបញ្ហា៕​


អត្ថបទ៖ ថា ម៉ាលីដា