កូន​ខ្មែរ​តែម្នាក់​គត់ រៀន​សាលា​តន្រ្តី​លំដាប់​ពិភព​លោក​ដល់​ទៅ​១៤ឆ្នាំ បង្កើត​ស្នាដៃ​ល្អឯកជាច្រើន​

  • 2017-10-05 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាស្ត្រាចារ្យ ហ៊ឹម សុភី ជា​កូន​ខ្មែរ​តែ​ម្នាក់​គត់ ដែល​មាន​សមត្ថភាព​ខ្ពស់ ទទួល​បាន​អាហារូបករណ៍​រៀន​នៅ​សាលា​លំដាប់​ពិភពលោក​មួយ នៅ​ប្រទេសរុស្សី និង​បាន​បង្កើត​ស្នាដៃ​ដ៏​ល្អ​ឯក ធ្វើ​ឱ្យ​ពិភព​លោក​ឱ្យ​តម្លៃ​ខ្ពស់។

សាស្ត្រាចារ្យបណ្ឌិត ហ៊ឹម សុភី

ថ្មី​ៗ​នេះ​បណ្ឌិត ហ៊ឹម សុភី ទើប​តែ​បាន​បង្ហាញ​ស្នាដៃ​តន្ត្រី "បង្សុកូល” ដែល​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ទៅ​ដល់​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម និង​បង្ហាញ​អំពី​សោកនាដកម្ម​សង្គ្រាម។ ស្នាដៃ​នេះ ទុក​ជា​សារ​មួយ​ឱ្យ​ពិភព​លោក​ទាំង​មូល​ស្វែង​យល់​អំពី​ទុក្ខវេទនា សេចក្ដី​និរាស​ព្រាត់ប្រាស​ដែល​កើត​ចេញ​ពី​ភ្លើង​សង្គ្រាម។ តន្ត្រី"បង្សុកូល” ត្រូវ​បាន​ពិភពលោក​ឱ្យ​តម្លៃ​យ៉ាង​ខ្លាំង មាន​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ផ្ដល់​កិត្តិយស​ឱ្យ​តន្ត្រី​នេះបាន​ចូល​ទៅ​សម្ដែង​ក្នុង​សាល​មហោស្រព​លំដាប់​ថ្នាក់​ពិភពលោក​ដ៏​កម្ររបស់​ប្រទេស​ពួក​គេ។

បណ្ឌិត ហ៊ឹម សុភី (រូបឆ្វេងដៃ)

ឆ្លង​កាត់​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន មិន​ហ៊ាន​ប្រហែស សាស្ត្រាចារ្យ​បណ្ឌិត ហ៊ឹម សុភី បាន​ប្រាប់ Sabay ថា លោក​ជា​កូន​ខ្មែរ​តែ​ម្នាក់​គត់ ដែល​បាន​រៀន​នៅ​សាលា អភិរក្ស​ដ្ឋាន​តូយ៌តន្ត្រី​មូស្គូ ​ឈ្មោះ ឆាយកូស្គី លំដាប់​ពិភព​លោក នៅ​ប្រទេសរុស្សី ( ពី​ដើម​ហៅ​សហភាពសូវៀត)។

បណ្ឌិត ហ៊ឹម សុភី រាប់ពីស្តាំទីពីរ

“ខ្ញុំ​ខំ​រៀន​ណាស់ មិន​មែន​រៀន​ល្មម​ៗ​ទេ ហើយ​អ្នក​ដែល​បាន​ទៅ​រៀន​នៅ​សាលា​នោះ មិន​ងាយ​ទេ ខ្ញុំ​ជា​និស្សិត​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​ទៅ​រៀន​នៅ​សាលា​នោះ ខ្ញុំ​ចំណាយ​ពេល​រហូត​ទៅ​ដល់​ជិត១៤ឆ្នាំ ទទួល​បាន​សញ្ញាប័ត្រ​ធំ​ៗ​ជា​ច្រើន​ពី​សាលា​នោះ”។

បណ្ឌិត ហ៊ឹម សុភី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បទពិសោធន៍​សិក្សា​ និង​ប្រវត្តិ​ការងារ ក្នុង​ប្រទេស៖

  • ឆ្នាំ​១៩៧២ លោក​រៀន​ប៉្យាណូ ជា​មួយ​សាស្ត្រាចារ្យ​ជន​ជាតិ​បារាំង នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ មហាវិទ្យាល័យ​ដូរ្យតន្ត្រី។

  • ឆ្នាំ ១៩៧៩ ធ្វើ​ការ​នៅសិល្បៈ​រដ្ឋ​ធានី​ភ្នំពេញ លោកបាន​តែង​បទ​ចម្រៀង​ជា​ច្រើន​បទ​ដូច​ជា​បទ "សម្រស់​រាជធានីភ្នំពេញ” "កម្ពុជា​បេះ​ដូង​ខ្ញុំ” "បណ្ដាំ​បុព្វ​បុរស” និង​មាន​ច្រើន​ទៀត។

  • ឆ្នាំ ១៩៨២ រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​បន្ត។

បទ​ពិសោធន៍​សិក្សា​ក្រៅ​ប្រទេស

  • ឆ្នាំ ១៩៨៥ ដល់​ឆ្នាំ ១៩៩៩ បាន​អាហារូបករណ៍​រៀន​នៅ​សាលា អភិរក្ស​ដ្ឋាន​តូយ៌តន្ត្រី​មូស្គូ​ ឈ្មោះ ឆាយកូស្គី ប្រទេស រុស្សី ។ ជា​អភិរក្ស​ដ្ឋាន​ល្បី​ឈ្មោះ​មួយ​ក្នុង​ចំណោម អភិរក្ស​ដ្ឋាន​ល្បី​ជាង​គេ​លើ​សកល​លោក។

  • ឆ្នាំ ២០០១ ​ទទួល​បាន​អាហារូបករណ៍​ជាន់​ខ្ពស់​ពី​សហរដ្ឋអាមេរិក ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​។

ស្ថាបនិក​ស្នាដៃ Rock Opera ដំបូង​បង្អស់​នៅ​កម្ពុជា​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រៃ​វែង​រូប​នេះ បាន​ប្រឹង​ប្រែង​រៀននៅរុស្សី អស់​រយៈ​ពេល​ជិត​១៤​ឆ្នាំ ទទួល​​បានសញ្ញាប័ត្រធំៗ​ជា​ច្រើន​ដូច​ជា៖

  • ឆ្នាំ ១៩៩២ បាន​សញ្ញាប័ត្រ​អនុបណ្ឌិត។

  • ឆ្នាំ ១៩៩៥ បាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​និពន្ធ​តន្ត្រី។

  • ឆ្នាំ ១៩៩៨ បាន​សញ្ញាប័ត្រ​ផ្នែក​តន្ត្រី​វិជ្ជា និង​បាន​សញ្ញាប័ត្រ​បណ្ឌិត ផ្នែក​សរសេរ​និក្ខេបបទ​កម្រាស់៥០០ទំព័រ។

បណ្ឌិត ហ៊ឹម សុភី ស្តាំដៃ

ស្នាដៃ​ធំ​ៗ​ជា​ច្រើន​ដែល​លោក​បាន​បង្កើត​ឡើង ធ្វើ​ឱ្យ​ពិភព​លោក​ទទួល​ស្គាល់​ពី​គុណ​តម្លៃ​របស់​វា រួម​មាន​ស្នាដៃ "ទន្លេ​កោង​មួយ” "ផ្កា​ស្លា” "ទី​ដំរី​យំ” និង​ស្នាដៃ​តន្ត្រី "បង្សុកូល” ជា​ដើម។ ស្នាដៃ​ទាំង​នេះ​សុទ្ធសឹងតែ​ធ្វើ​ឱ្យ​ពិភព​លោក​កោតសរសើរ​។

បច្ចុប្បន្ន​សាស្ត្រាចារ្យ​បណ្ឌិត ហ៊ឹម សុភី ជា​សមាជិក​បម្រុង និង​ជា​ទីប្រឹក្សា​នៃ​រាជ​បណ្ឌិត​សភា​ជាតិ​កម្ពុជា ជា​សមាជិក​គណៈកម្មការ​វិចិត្រ​សិល្បៈ​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ ជា​ស្ថាបនិក​សាលា​តូយ៌តន្ត្រី ហ៊ឹម សូភី ជា​អ្នក​និពន្ធ​តន្ត្រី និង​ជា​សាស្ត្រាចារ្យ​ប៉្យាណូ៕

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី