Rock opera"ទី​ដំរី​យំ” គ្រោង​សម្ដែង​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ ឯថវិកាចំណាយរាប់សែនដុល្លារ​

  • 2017-10-06 08:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rock opera "ទី​ដំរី​យំ” ស្នាដៃ​ដំបូង​គេ​បង្អស់​កើត​មាន​នៅ​កម្ពុជា កាល​ពី​ជិត ១០ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​ពិភព​លោក​ស្ងើច​សរសើរ ហើយ​ថែម​ទាំង​ទាក់​ទាញ​មនុស្ស​ស្ទើរ​គ្រប់​វ័យ​នោះ ឥឡូវ​គ្រោង​នឹង​សម្ដែង​ជា​លក្ខណៈ concert នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ថាបនិក​ស្នាដៃ​ "ទី​ដំរី​យំ” លោក បណ្ឌិត ហ៊ឹម សុភី ថា​ ស្នាដៃ​ដែល​ធ្វើ​ឱ្យ​កក្រើក​ទាំង​ប្រជា​ជន​កម្ពុជា និង​នៅ​លើ​ឆាក​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០០៨នោះ គ្រោង​នឹង​រៀប​ចំ​ការ​សម្ដែង​នៅ​ឆ្នាំ​ក្រោយ​នេះ។ លោក​បញ្ជាក់​ថា ពេល​នេះកំពុង​តែ​ត្រៀម​រៀបចំ​ការ​សម្ដែង​ជា​លើក​ទី​២​នៅ​កម្ពុជា​ទៀត។ រីឯ​តម្លៃ​ដែល​គ្រោង​នឹង​ចំណាយ​ក្នុង​ការ​រៀប​ចំ concert rock opera “ទី​ដំរី​យំ” នៅ​ឆ្នាំ​ក្រោយ​នេះ​វិញ គ្រោង​ចំណាយ​ប្រមាណ ២០ម៉ឺន​ដុល្លារ​អាមេរិក។

សាស្ត្រាចារ្យបណ្ឌិត ហ៊ឹម សុភី (រូប​ពី​បណ្តាញ​សង្គម)

“យើង​អត់​ទាន់​ច្បាស់​ថា នឹង​ធ្វើ​នៅ​ខែ​ណា ឬ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​នៅ​ឡើង​ទេ ដឹង​ត្រឹម​ថា គ្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ តួសម្ដែង​ក៏​យើង​នៅ​មិន​ទាន់​កំណត់​ច្បាស់​ដែរ ហើយ​បើ​ធ្វើ​ជា​លក្ខណៈ production អាច​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ព្រោះ​វា​អស់​លុយ​ច្រើន ម៉្យាង​ឥឡូវ​នេះ យើង​កំពុង​ជាប់​រវល់​ស្នាដៃ​ធំ តន្ត្រី "បង្សុកូល” ត្រូវ​សម្ដែង​​ក្រៅ​ប្រទេស​ផង​ក្នុង​ប្រទេស​ផង"។ បណ្ឌិត ហ៊ឹម សុភី បញ្ជាក់។

សំបុត្រ​ចូល​ទស្សនា ​rock opera​ "ទីដំរី​យំ" (រូប​ពី​បណ្តាញ​សង្គម)

ស្នាដៃ Rock opera "ទី​ដំរី​យំ” ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ២០០៨ មាន​ការ​ចូល​រួម​សហការ​ផលិត​ពី​ផលិតករ​ល្បី​ៗ​ទាំង​ខ្មែរ​និង​បរទេស។ តួសម្ដែង មាន​ជន​ជាតិ​ខ្មែរ ខ្មែរ​អាមេរិក និង​ជន​ជាតិ​អាមេរិក​កាត់​អាស៊ី​ជា​ច្រើន​រូប​ទៀត ដែល​សុទ្ធសឹងតែ​ជា​សិល្បករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​និង​មាន​ទេពកោសល្យ​ខ្ពស់​សរុប​ជាង៣០នាក់៕

អត្ថបទ៖ ប៉ូ សាគុន